ក្រុង​ប៊ែរឡាំង៖ ក្រុម Hoffenheim បាន​បញ្ចប់​តំណែង​របស់​គ្រូ​បង្វឹក​លោក​ Alfred Schreuder ជា​ផ្លូវ​ការ​ហើយ នៅ​មុន ​៤ ប្រកួត ដែល​​​រដូវ​កាល​នេះ​ត្រូវ​បញ្ចប់​ ហើយ​មូលហេតុ​​នៃ​ការ​សម្រេច​នេះ គឺ​ដោយសារ​មាន​គំនិត​ខុស​គ្នា ចំពោះ​​វិធី​ដែល​​ពួក​គេ​ជឿជាក់​ថា ធ្វើ​ឲ្យ​ក្រុម​មាន​ភាព​ប្រសើរ​។ នេះ​បើ​តាម​​ក្លិប​នៅ Bundesliga បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​។

បុរស​សញ្ជាតិ​ហូឡង់ ដែល​មាន​កិច្ច​សន្យា​ដល់​ឆ្នាំ ​២០២២ នោះ ធ្វើ​ដំណើរ​មក​ដល់​ទឹក​ដី PreZero Arena កាល​ពី​​ដើម​រដូវកាល ដោយ​ចាក​ចេញ​​ពី​ក្រុម​នៅ​​ប្រទេស​កំណើត​របស់​ខ្លួន Ajax Amsterdam ហើយ​ជាមួយ​គ្នា​នេះ​ ជំនួយ​ការ និង​ជា​បង​ប្រុស​របស់​លោក គឺលោក Dick Schreuder ក៏​នឹង​ចាកចេញ​​ផង​ដែរ​​។

ក្រោយ​មាន​ការ​ចែក​ផ្លូវ​គ្នា​នេះ ប្រធាន​ផ្នែក​កីឡា​លោក Alexander Rosen បាន​ប្រាប់​ឲ្យ​ដឹង នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «​បញ្ហា​សំខាន់​នៃ​រឿង​នេះ គឺ​យើង​មាន​ការ​យល់​ឃើញ​ខុស​គ្នា ដូច្នេះ កិច្ច​សហការ​រដូវកាល​ចុង​ក្រោយ​នេះ គ្មាន​ន័យ​អ្វី​ទៀត​ទេ​»។

មុន​ការ​ចាកចេញ​របស់​ខ្លួន​នេះ អតីត​គ្រូ​បង្វឹក​វ័យ​ ៤៧ ​ឆ្នាំ លោក Schreuder បាន​ជួយ​ឲ្យ​ក្រុម Hoffenheim ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ​៧ ដោយ​មាន ​៤៣ ពិន្ទុ ហើយ​កំពុង​តែ​ប្រជែង​ដណ្តើម​តំណែង សម្រាប់​ទៅ​លេង​នៅ​ក្របខ័ណ្ឌ Europa League របស់​អឺរ៉ុប ​រដូវកាល​​ក្រោយ ខណៈ​អ្នក​មក​អង្គុយ​កៅអី​​គ្រូ​បង្វឹក​​នេះ​បណ្ដោះ​​​​អាសន្ន​ ដើម្បី​ដឹកនាំ​ក្រុម​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់ គឺ​លោក Marcel Rapp។

លោក Schreuder បាន​និយាយ​ថា​៖ «​ជា​អកុសល យើង​មិន​អាច​ឯកភាព​គ្នា​ធ្វើ​ដំណើរ​លើ​ផ្លូវ​រួម​មួយ សម្រាប់​អនាគត​ក្រុម​។ ខ្ញុំ​មាន​ការ​សោកស្តាយ​ណាស់​ចំពោះ​អ្វី​ដែល​កើត​ឡើង​នេះ។ ប៉ុន្តែ​វា​លែង​​ជា​រឿង​ប្រក្រតី​ហើយ ពេល​ដែល​មាន​ការ​យល់​ឃើញ​ខុស​គ្នា ក្នុង​របៀប​ធ្វើ​ការ​របស់​អ្នក​»​៕ AFP/VN