ក្រុង​ម៉ា​ឌ្រីដ: កីឡាករ​ជើង​ចាស់​ដ៏ឆ្នើម​ ២​ នាក់​របស់​អេ​ស្ប៉ាញ បាន​​ចាក​ចេញពី​ក្លិបកាល​ពី​កុមារ​ភាព​របស់​ពួក​គេ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល Andres Iniesta បាន​និយាយ​ថា «លា​ហើយ» ទៅ​កាន់​ក្លិប Barcelona ហើយ​​ខ្សែ​ប្រយុទ្ធ Fernando Torres ក៏​បាន​ចាក​ចេញពី​ក្លិប Aletico Madrid ផងដែរ​។

Torres បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ ២​​ គ្រាប់ នៅ​ថ្ងៃ​នៃ​ការ​បង្ហាញ​​​ខ្លួន​ជាលើក​ទី ​១ ​របស់​គេ​សម្រាប់ Atletico ទោះ​បី​ការ​រង​ពិន័យ​កាត​​ក្រហម​របស់ Lucas Hernandez បាន​ជួយ​ឲ្យ​ក្រុម Eibar ដណ្តើម​បាន​លទ្ធ​ផល​ស្មើ ២-២ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ក្រប​ខ័ណ្ឌ La Liga នា​រដូវ​កាល​នេះ​​ក៏​ដោយ​។

ស្រ​ប​ពេល​ជា​មួយ​គ្នា​នេះ ការ​ចំណាយ​ពេល​ ២២​ ឆ្នាំ​របស់ Iniesta ជាមួយ​នឹង Barcelona បាន​បញ្ចប់​ជា​មួយ​នឹង​ជ័យជម្នះ​ក្នុ​ងនាម​ជាកីឡាករ​ម្នាក់ ខណៈ​ដែល​​ខ្សែ​បម្រើ​ដែល​ជំនួស​កន្លែង​របស់​គេ​គឺ Philippe Coutinho បាន​រក​គ្រាប់​បាល់​កាត់សេចក្តី​ក្នុង​ពេល​ក្រុ​មខ្លួន​ទទួល​ជ័យជម្នះ ១-០ លើ​ក្រុម Real Sociedad​។

ខ្សែ​ប្រយុទ្ធ Fernando Torres របស់​ក្លិប Atletico Madrid ស្វាគមន៍​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន ពេល​បញ្ចប់​ការ​ប្រកួត​។ AFP

ជា​មួយ​នឹង​ការ​មាន​ទឹក​ភ្នែក​រលីង​រលោង Iniesta បាន​ដើរ​ចេញពី​ទីលាន​ប្រកួតក្រោម​​ការ​ទះ​ដៃ​អប​អរ​យ៉ាង​ខ្លាំងពី​អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន​ Camp Nou ក្នុងតង់​ទី​២ ក្រោយ​ពី​បាន​ដោះ​បូរ​ប្រធាន​ក្រុម​របស់​គេ និង​បាន​ប្រគល់​ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ Lionel Messi​។

ក្នុង​ពេល​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន Iniesta បាន​ឲ្យ​ដឹង​ថា៖ «វាជា​ថ្ងៃ​ដ៏​លំ​បាក​មួយ​។ ប៉ុន្តែ វា​បាន​ក្លាយ​​​ជា​រយៈ​ពេល​២២​ឆ្នាំ​ដ៏​អស្ចារ្យ​។ វា​បានក្លាយជា​​​ឯក​សិទ្ធិ​មួយ និង​​ជា​ការរីក​រាយ​​ក្នុង​ការ​​ការ​ពារ និងតំណាង​ឲ្យ​ក្លិប​នេះ ដែល​ជា​ក្លិប​ដ៏ល្អ​បំផុត​ក្នុង​ពិភព​លោក​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នឹង​​ចង​ចាំ​វា​ក្នុង​បេះ​ដូង​របស់​ខ្ញុំ​ជា​រៀង​រហូត​»​៕ IS