ក្រុងមីឡាន: ក្រុម Inter Milan ដណ្តើមបានកៅអីចុងក្រោយនៃក្របខ័ណ្ឌ Champions League តាមរយៈការវាយបកដើម្បីយកឈ្នះក្នុងលទ្ធផល ៣-២ លើក្រុម Lazio នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ នាកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃអាទិត្យ។
ក្រុម Inter ត្រូវតែដណ្តើមយកជ័យជម្នះដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ ៤ ពីក្រុម Lazio ដែលមានលទ្ធផលពីការជួបគ្នារវាងក្រុមទាំង ២ ល្អប្រសើរជាង និងត្រូវការត្រឹមតែលទ្ធផលស្មើប៉ុណ្ណោះ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែប្រយុទ្ធ Mauro Icardi និងខ្សែបម្រើ Matias Vecino បានជួយឲ្យក្រុម Inter វិលទៅលេងក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប ជាលើកទី ១ បើគិតចាប់តាំងពីរដូវ កាលឆ្នាំ ២០១១-២០១២ រួមជាមួយនឹងក្រុម Juventus, Napoli និង Roma។
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Icardi បានឲ្យដឹងថា៖ «គោលដៅរបស់យើងគឺកៅអីក្នុងក្របខ័ណ្ឌ Champions League។ គោលបំណងបានសម្រេច។ ការប្រកួតនេះ មិនមែនជាការប្រកួតដ៏ងាយស្រួលឡើយ ប៉ុន្តែ យើងបានបង្ហាញពីភាពខ្លាំងក្នុងការវិលទៅកាន់លទ្ធផលល្អប្រសើរវិញ»៕ IS