ក្រុងតូក្យូ: មន្ត្រីជាន់ខ្ពស់របស់ IOC ចាប់ពីថ្ងៃសុក្រតទៅ នឹងគិតពីអនាគតនៃកីឡាប្រដាល់ក្នុងនាមជាវិញ្ញាសាអូឡាំពិកមួយ ក្នុងកិច្ចប្រជុំមួយនៅទីក្រុងតូក្យូ ខណៈប្រធានបទក្តៅ ត្រូវបានរំពឹងទុកថា នឹងធ្លាក់លើក្តីកង្វល់នានាជុំវិញអភិបាលកិច្ចរបស់កីឡាមួយនេះ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងរៀបចំការប្រមូលផ្តុំរយៈពេល២ថ្ងៃ ក្នុងទីក្រុងម្ចាស់ផ្ទះអូឡាំពិករដូវក្តៅ ឆ្នាំ ២០២០ ក្រោយពីប្រធានរបស់ខ្លួននិយាយថា លោកពិតជា «បារម្ភ« យ៉ាងខ្លាំងអំពីអភិបាលកិច្ចរបស់សហព័ន្ធកីឡាប្រដាល់អន្តរជាតិ (AIBA)។
លោក Thomas Bach បាននិយាយកាលពីដើមឆ្នាំនេះថា របាយការណ៍មួយដែលត្រូវបានផ្តល់ឲ្យ IOC កាលពីខែមេសា «នៅតែត្រូវការការប្រតិបត្តិ និងភាពជាក់លាក់ក្នុងចំណុចជាច្រើន» ហើយថា អង្គភាពរបស់លោក «នៅតែមានសិទ្ធិក្នុងការលុបឈ្មោះកីឡាប្រដាល់ចេញពីអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ ២០២០»។
នៅខែនេះ AIBA បានបញ្ជូនរបាយការណ៍ដែលមានការកែសម្រួលថ្មីមួយ ដែលពួកគេសង្ឃឹមថា នឹងបង្ហាញពីចំណុចនៃកង្វល់ផ្សេងៗ ហើយមន្ត្រីរបស់ IOC ត្រូវបានរំពឹងទុកថា នឹងសម្រេចលើជោគវាសនារបស់កីឡាប្រដាល់ ខណៈព័ត៌មានជាច្រើនបានបញ្ជាក់ថា ការប្រកួតក្នុងឆ្នាំ ២០២០ អាចនឹងត្រូវរៀបចំឡើងក្រោមការគាំទ្ររបស់អង្គភាពផ្សេងមួយ។
OC បានបាត់បង់ការអត់ធ្មត់របស់ខ្លួន ជាមួយនឹងកីឡាប្រដាល់ ចាប់តាំងពីរឿងអាស្រូវចៅក្រមក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុង Rio ក្នុងឆ្នាំ ២០១៦ ដែលនៅពេលនោះ រាល់មន្ត្រីប្រចាំការប្រកួត និងអាជ្ញាកណ្តាលទាំង ៣៦ នាក់ ត្រូវបានដាក់ពិន័យព្យួរ ស្របពេលមានការចោទប្រកាន់លើការកំណត់លទ្ធផលទុកជាមុន។
វាក៏មានកង្វល់ជាច្រើនផងដែរលើផ្នែកហិរញ្ញវត្ថុ ការប្រឆាំងនឹងសារធាតុហាមឃាត់ និងប្រធានទើបតែជាប់ឆ្នោតថ្មីដ៏ចម្រូងចម្រាសរបស់ AIBA គឺលោក Gafur Rakhimov ដែលជាប់ទាក់ទិននឹងបទឧក្រិដ្ឋដែលត្រូវបានរៀបចំឡើងនៅឯការិយាល័យរតនាគារអាមេរិក។
ឆ្លើយតបនឹងបញ្ហានេះ លោក Rakhimov បានប្រាប់ថា៖ «រឿងពិតនោះគឺថា ខ្ញុំមិនធ្លាប់ទាក់ទិនក្នុងអង្គភាពឧក្រិដ្ឋកម្មឆ្លងប្រទេសឡើយ»។
ពាណិជ្ជករសញ្ជាតិអ៊ូសបេគីស្ថានរូបនេះ បានបញ្ជាក់កាលពីសប្តាហ៍មុនថា កីឡាប្រដាល់បានសម្អាតសកម្មភាពរបស់ខ្លួន ហើយបច្ចុប្បន្នបានឆ្លើយតបលើសពីតម្រូវការចំពោះការផ្លាស់ប្តូរអភិបាលកិច្ច។
បុរសវ័យ ៦៧ ឆ្នាំរូបនេះបានបន្ថែមថា៖ «ស្ថានភាពហិរញ្ញវត្ថុរបស់ AIBA បច្ចុប្បន្ន កំពុងស្ថិតក្រោមការពិនិត្យ ខណៈប្រដាល់ស្ម័គ្រចិត្ត កំពុងតែ «អនុវត្តតាមច្បាប់ប្រឆាំងសារធាតុហាមឃាត់ ១០០ ភាគរយ» ហើយកីឡាប្រដាល់នឹងតែងតែស្ថិតក្នុងអូឡាំពិក»៕