រុស្ស៊ី: ខ្សែបម្រើ​អន្តរជាតិ​អេស្ប៉ាញ Isco ជឿជាក់​ថា ក្រុម​របស់​គេ​ត្រូវ​តែ​រក្សា​ការ​ស្ថិត​ក្នុង​ភាព​ប្រាកដ​ប្រជា​នៃ​ចិត្ត​វិទ្យា ដែល​បាន​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​ពាន World Cup កាល​ពី​ឆ្នាំ ២០១០ ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល ដែល​ពួកគេ​ត្រូវការ​ក្នុង​ការ​ប្រកួត​កាត់​សេចក្តី​នៃ​ពូល B ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក នៅ​រាត្រី​នេះ។

ក្រោយពី​ទទួលបាន​លទ្ធផល​ស្មើ ៣-៣ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ពួកគេ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​ទទួល​ជ័យជម្នះ​ទាំង​លំបាក​ក្នុង​លទ្ធផល ១-០ លើ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ និង​ត្រូវការ​យ៉ាង​ហោច​ណាស់ ១ ពិន្ទុ​ក្នុង​ទីក្រុង Kaliningrad នៅ​ពេល​ប្រកួត​ជាមួយ​ក្រុម​ម៉ារ៉ុក ដែល​នឹង​ត្រូវ​លេង​ដណ្តើម​យក​ត្រឹម​តែ​មោទនភាព​ប៉ុណ្ណោះ ខណៈ​ការ​ឈ្នះ​កៅអី​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ស្ថិត​ក្នុង​ភាព​ស្តួច​ស្តើង។

នៅ​មុន​ពេល​ការ​ប្រកួត​នេះ Isco របស់ Real Madrid បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «យើង​ត្រូវ​តែ​ជឿជាក់​ដើម្បី​បញ្ចប់​ទាំង​ការ​រីករាយ​ក្នុង​ការ​ប្រកួត​ដែល​នឹង​កាត់​សេចក្តី​លើ​ជោគ​វាសនា​របស់​យើង។ យើង​ត្រូវ​តែ​លេង បញ្ជូន​បាល់​ឲ្យ​បាន​ច្រើន និង​រក្សា​ការ​គ្រប់គ្រង​បាល់។ ប្រសិន​បើ​យើង​លេង​បាន​យ៉ាង​រហ័ស​នៅ​លើ​ទីលាន ឱកាស​នឹង​កើត​ឡើង»។

ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បានឈ្នះ​ពានធំ ៣ ដែល​រួម​មានពាន Euro ២ លើក និង World Cup ១ លើក​នៅ​ចន្លោះ​ឆ្នាំ ២០០៨-២០១២ ក្រោម​ការ​បង្ហាញ​ពី​ទម្រង់​លេង​នៃ​ការ​គ្រប់គ្រង​បាល់​ឲ្យ​បាន​ច្រើន​ដែល​ត្រូវ​បាន​គេ​ហៅថា «Tiki Taka»។

ការ​លេង​ដោយ​ចាប់​ដៃគូ​ជាមួយ​នឹង​ខ្សែ​បម្រើ Lucas Vazquez និង Marco Asensio តារា​ឆ្នើម ក្លាយជា​កីឡាករ​ដ៏​មាន​ទេពកោសល្យ​ជំនាន់​ថ្មី​របស់​អេស្ប៉ាញ ដែល​កំពុង​សម្លឹង​រក​អ្នក​បំពេញ​កន្លែង​ទំនេរ​ក្នុង​ក្រុម​ជម្រើស​ជាតិ ក្រោយ​ពី​ការ​ចូល​និវត្តន៍​របស់​តារា​ឆ្នើម Xavi។

លោក Queiroz និង​អ៊ីរ៉ង់ ត្រូវ​ប៉ះ Ronaldo រាត្រី​នេះ

ខ្សែប្រយុទ្ធ Cristiano Ronaldo នឹង​សម្លឹង​រក​ក្នុង​ការជួយ​ឲ្យ​ប្រទេស​របស់គេ​ឈាន​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​យុទ្ធនាការ World Cup នៅ​រាត្រី​នេះ តាមរយៈ​ការ​ផ្តល់​ការ​ខកចិត្ត​ដល់​អតីត​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​លោក Carlos Queiroz និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់។

Ronaldo និង​លោក Queiroz សុទ្ធសឹង​កំពុងតែ​បង្ហាញខ្លួន​ក្នុង​យុទ្ធនាការ World Cup ជា​លើក​ទី ៤ របស់​ពួកគេ ក្នុង​នាម​ជា​កីឡាករ និង​គ្រូបង្វឹក​រៀងៗ​ខ្លួន ហើយ​ទំនាក់​ទំនង​របស់​អ្នក​ទាំង ២ កើត​ឡើង​ចាប់​តាំង​ពី​ការ​ចូលរួម​របស់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ជាមួយ​នឹង​ក្លិប Manchester United ក្នុង​នាម​ជា​យុវជន​ម្នាក់ កាល​ពី​ឆ្នាំ ២០០៣ មក​ម្ល៉េះ។

គ្រូបង្វឹក​វ័យ ៦៥ ឆ្នាំ​រូបនេះ បាន​ធ្វើការ​ជា​គ្រូបង្វឹក​ជំនួយ​របស់​លោក Alex Ferguson ចំនួន ២ លើក នៅ​ចន្លោះ​ពេល​ដែល​លោក​បាន​ចំណាយ​ពេល​ដ៏​ខ្លី​ក្នុង​ការ​ដឹកនាំ​ក្លិប Real Madrid ដែល Ronaldo បាន​ចូលរួម​កាល​ពី​ឆ្នាំ ២០០៩ ក្នុង​ការ​ផ្ទេរ​មួយ​ដែល​លោក Queiroz បាន​ជួយ​សម្រប​សម្រួល។

ទោះបីជា​យ៉ាងណា​ទំនាក់ទំនង​របស់​អ្នក​ទាំង ២ បាន​ស្ថិតក្នុង​ភាពជូរចត់ ក្រោយពី​ការ​ធ្លាក់​ចេញ​ត្រឹម​ជុំ​ទី ២ ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ក្នុង World Cup ឆ្នាំ ២០១០ ដែល​កាល​នោះ Ronaldo បាន​លើក​ឡើង​ថា លោក Queiroz គួរ​តែ​ជា​អ្នក​ត្រូវ​ស្តី​បន្ទោស​សម្រាប់​ការ​រង​បរាជ័យ​នេះ។

បន្ទាប់​មក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល​កាល​ពី ៤ ឆ្នាំ​មុន ក្នុង​ប្រទេស​ប្រេស៊ីល ប៉ុន្តែ Ronaldo កំពុង​តែ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​របស់​គេ​តែ​ម្នាក់​ឯង ក្នុង​យុទ្ធនាការ​របស់​ពួកគេ​នៅ​រុស្ស៊ី តាមរយៈ​ការ​រក​បាន​គ្រាប់​បាល់​ទាំង ៤ គ្រាប់​របស់​ក្រុម​ខ្លួន​មក​ទល់​ពេល​នេះ៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ

អារ៉ាប៊ីសាអ៊ូឌីត v អេ​ហ្ស៊ី​ប -9 យប់

អ៊ុយ​រូ​ហ្គា​យ v រុស្ស៊ី - 9 យប់

អ៊ីរ៉ង់ v ព័រទុយហ្គាល់ -1 រំលងអាធ្រាត្រ

អេ​ស្ប៉ា​ញ v ម៉ា​រ៉ុ​ក -1 រំលងអាធ្រាត្រ