ភ្នំពេញៈ ក្រុមហ៊ុនផលិតស័ង្កសីពណ៌ដំបូងគេនៅកម្ពុជា ISI PALM រួមជាមួយសហព័ន្ធកីឡាប្រដាន់គុនខ្មែរ និងទូរទស្សន៍ CNC បានរួមគ្នាបង្កើតឲ្យមានការប្រកួតដណ្តើមពានអន្តរជាតិ «កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PAlM» ដែលព្រឹត្តិការណ៍នេះកាន់តែមានទ្រង់ទ្រាយធំជាងការប្រកួតសព្វដង។
តាមខ្លឹមសារ ដែលត្រូវបានប្រកាសនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ការប្រកួតនេះ នឹងធ្វើនូវរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១១:០០ ដល់ម៉ោង ១:៣០ នៅសង្វៀន CNC គឺនឹងចាប់ផ្តើមពីថ្ងៃទី ៤ ខែកុម្ភៈ តទៅ ហើយកីឡាករកម្ពុជា ៤ នាក់ ត្រូវដាក់ឲ្យប្រកួតសន្សំពិន្ទុជាមួយកីឡាករថៃ ២ នាក់ និងឡាវ ២ នាក់ ដើម្បីរកម្ចាស់ពាន និងទឹកប្រាក់ ២៤ លានរៀល ឬផ្ទះមេគង្គម៉ូដែល ៦៦២ ដែលមានតម្លៃស្មើនឹង ២៨ លានរៀល។
លោក ហួរ រតនៈ ប្រធានផ្នែកទីផ្សាររបស់ទូរទស្សន៍ CNC បានថ្លែងថា៖ «នេះជាទំព័រថ្មីមួយទៀត សម្រាប់ដើមឆ្នាំ ២០១៨ នេះ ដែល CNC និងក្រុមហ៊ុន ISI STEEL ក្រោមការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាប្រដាល់កម្ពុជា បានបង្កើតឲ្យមានការប្រកួតពានរង្វាន់អន្តរជាតិ នេះឡើង គឺមានន័យថា ពួកយើងបាននិងកំពុងជួយគ្នាទៅវិញទៅមក លើទិសដៅលើកស្ទួយ ក៏ដូចជាអភិវឌ្ឍវិស័យកីឡាគុនខ្មែរ ឲ្យកាន់តែរីកចម្រើន និងពង្រីកមុខមាត់ថែមទៀត លើឆាកអន្តរជាតិ»។
កីឡាករ ឡៅ ចន្ទ្រា, ពុទ្ធ ឆាយរិទ្ធី, ឆៃ សារ៉ា និង មាស សុជាតិ គឺជាបេក្ខភាពតំណាងឲ្យកម្ពុជា ដែលត្រូវប្រកួតពានអន្តរជាតិ ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាមនេះ ជាមួយកីឡាករថៃ Neungtrakan, Rongnakoha កីឡាករឡាវ Chanchai និង Phanchai ហើយអ្នកមានពិន្ទុខ្ពស់ជាងគេ ៤ នាក់ នឹងត្រូវឡើងទៅប្រកួតនៅវគ្គ ១/២ ផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
ចំណែកលោក សុខ វិចិត្រ នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ISI STEEL និងផលិតផលស័ង្កសីពណ៌ ISI PALM បានថ្លែងថា៖ «ISI PALM ដែលជាផលិតផលរបស់ក្រុមហ៊ុន ISI STEEL បានរួមសហការ ជាមួយ CNC បង្កើតនូវកម្មវិធីប្រកួតពានរង្វាន់អន្តរជាតិ កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM ដើម្បីជាការលើកស្ទួយ និងអភិរក្សវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណ ក៏ដូចជាបម្រើអារម្មណ៍របស់ទស្សនិកជន ដែលស្នេហាវិស័យកីឡាប្រដាល់ផងដែរ»។
ចំណែកលោក ម៉ិល កាដូ អគ្គនាយករងកីឡាតំណាងឲ្យក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានស្វាគមន៍ចំពោះព្រឹត្តិការណ៍ថ្មីមួយនេះ។
លោកបានបញ្ជាក់ថា៖ «នេះជាការចូលរួមអភិរក្ស និងអភិវឌ្ឍក្បាច់គុនបុរាណខ្មែរ ឲ្យកាន់តែមានការរីកចម្រើន និងល្បីល្បាញនៅលើឆាកអន្តរជាតិ អ៊ីចឹងក្នុងនាមខ្ញុំតំណាងឲ្យគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធ គឺយើងសន្យាថា នឹងខិតខំរៀបចំការប្រកួតនេះប្រកបដោយយុត្តិធម៌ ដើម្បីស្វែងអ្នកឈ្នះពានដ៏ពិតប្រាកដមួយរូប គឺអ្នកឈ្នះដឹងឈ្នះ និងចាញ់ដឹងចាញ់»៕