ក្រុង​ញូវយ៉ក៖ កីឡាករ​វាយ​កូន​បាល់​អាជីព John Isner បាន​និយាយ​ថា​ ប្រសិន​បើ​ការ​ប្រកួត​ក្នុង​កម្មវិធី Wimbledon ឆ្នាំ ​២០២០ ដែល​ជា​ព្រឹត្តិការណ៍ ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ​មិន​ត្រូវ​បាន​រៀបចំ​ឡើង​ទេ ពិត​ជាគួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់។​​

ការ​សម្រេច​មួយ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​ឆាប់ៗ​ ដោយ​ក្រុម​អ្នក​រៀបចំ​ថា តើ​​ពួក​គេ​អាច​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ដ៏​មាន​វ័យ​ចំណាស់​មួយ​នេះ លេច​ជា​រូបរាង​បាន​ដែរ ឬ​អត់​? ខណៈ​​ជា​ទូទៅ​តែង​តែ​ចាប់​ផ្ដើម​ប្រកួត ​នៅ​ថ្ងៃទី ​២៩ ខែ​មិថុនា​ ប៉ុន្តែ​ដោយសារ​វិបត្តិ​​វីរុស​កូរ៉ូណា ទើប​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​មន្ទិល​ថា ​គួរ​បន្លាយ​ពេល ឬ​មិន​បង្កើត​ឲ្យ​មាន​តែ​ម្ដង​សម្រាប់​ឆ្នាំ​នេះ​។​​ ​

កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ​ ៣៤ ​ឆ្នាំ​ បាន​សម្ដែង​អារម្មណ៍​សោកស្ដាយ​ បើ​កម្មវិធី​នេះ​មិន​អាច​រៀប​ចំ​ឲ្យ​មាន​មែន។ Isner ​បាន​និយាយ​ទៅ​កាន់​ទូរទស្សន៍ ESPN ​ពី​ថ្ងៃ​អង្គារ​ថា​៖ ​«​​វា​​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​មែន​ បើ​សិន​ជា​ត្រូវ​លុប​ចោល​កម្មវិធី​ប្រកួត​នេះ​ តែ​យើង​ក៏​ត្រូវ​ធ្វើ​ចិត្ត​ទទួល​ស្គាល់​ការ​ពិត​ ដោយសារ​ស្ថានការណ៍​បច្ចុប្បន្ន។ ប៉ុន្តែ​យើង​ក៏​នៅ​តែ​មាន​សង្ឃឹម​ថា​ នឹង​អាច​​ឮ​ពាក្យ​សុទិដ្ឋិនិយម​ខ្លះ​ៗ​ពី សំណាក់​ក្រុម​អ្នក​រៀបចំ​ជា​មិន​ខាន​»​។

ការ​ប្រកួត​វាយ​កូន​បាល់​ដណ្ដើម​​ពាន​​រង្វាន់ Wimbledon របស់​ប្រទេស​ ​អង់គ្លេស ​នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ធំៗ​ប្រចាំ​ឆ្នាំ មាន​ដូចជា​ Australian Open (ប្រទេស ​អូស្ត្រាលី​) ដែល​ឆ្នាំ​​នេះ​បាន​រៀបចំ​រួច​ហើយ​ ដោយ​ជើងឯក​ជា​របស់​​កីឡាករ​សញ្ជាតិ​ស៊ែប៊ី Novak Djokovic, តែ​កម្មវិធី French Open នៅ​ប្រទេស ​បារាំង ​ពេល​នេះ​ត្រូវ​បាន​ពន្យារពេល ដោយ​ប្ដូរ​ពី​កាល​បរិច្ឆទ​ដើម ថ្ងៃទី ​២៤ ខែ​ឧសភា ​ ទៅ​រៀបចំ​ពី​ថ្ងៃ​ទី ​២០ ខែ​កញ្ញា ដល់​ថ្ងៃ​ទី ​៤ ខែ​តុលា វិញ។ រីឯ​ការ​ប្រកួត US Open នៅ​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ចាប់​ផ្ដើម​​ពី​ថ្ងៃទី ​២៤ ខែ​សីហា​ ដល់​ថ្ងៃទី ​១៣ ខែ​កញ្ញា​៕ AFP/VN