ក្រុង​រីយ៉ាដ៖ កីឡាករ​ប្រដាល់​សកល​អង់គ្លេស​ Anthony Joshua បាន​ដណ្ដើម​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភព​លោក​របស់​ខ្លួន​មក​វិញ​ ​ពី​កីឡាករ​ Andy Ruiz កាល​ពី​ថ្ងៃ​សៅរ៍ ​ដោយ​បាន​ឈ្នះ​កីឡាករ​កូន​កាត់​ម៉ិកស៊ិក​ ជាមួយ​ពិន្ទុ​ឈ្នះ​ជា​ឯកច្ឆន្ទ​។

កីឡាករ​ Joshua ដែល​ត្រូវ​បាន​ផ្ដួល​ដោយ​កណ្ដាប់​ដៃ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​កីឡាករ​ Ruiz នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មិថុនា​នោះ​បាន​បង្កើត​ភាព​អស្ចារ្យ​ដោយ​ដណ្ដើម​យក​ខ្សែ​ក្រវាត់​ IBF, ​WBA និង WBO របស់​ខ្លួន​មក​វិញ​ក្នុង​ការ​ប្រកួត​ដ៏​អស្ចារ្យ​ពី​ថ្ងៃ​សៅរ៍​។

ក្នុង​ការ​ប្រកួត​នេះ​ចៅ​ក្រម ​២ ​រូប បាន​ផ្ដល់​ពិន្ទុ​ឲ្យ​​កីឡាករ​ Joshua ឈ្នះ​កីឡាករ​ Ruiz ១១៨-១១០ ហើយ​ចៅ​ក្រម​ទី ​៣ ​បាន​ផ្ដល់​ពិន្ទុ​ឲ្យ​កីឡាករ Joshua ឈ្នះ​កីឡាករ​ Ruiz ជា​ឯកច្ឆន្ទ​​គឺ​ ​១១៩-១០៩។​

ការ​ប្រកួត​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ «​ព្រឹត្តិការណ៍​អស្ចារ្យ​កម្រ​មាន​មួយ​» ​​​ព្រោះ​វា​ជា​ការ​ប្រកួត​សងសឹក​គ្នា​ក្នុង​កម្រិត​ទម្ងន់​ធ្ងន់​ក្នុង​ពិភព​លោក​ជា​លើក​ដំបូង ​ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត​​។​

កីឡាករ​ Joshua ដែល​ធ្លាប់​រងគ្រោះ​ដោយ​កណ្ដាប់​ដៃ​របស់​កីឡាករ Ruiz នៅ​សង្វៀន​Madison Square Garden ​សហរដ្ឋ​អាមេរិក​នោះ​មាន​អារម្មណ៍​រីក​រាយ​​យ៉ាង​ខ្លាំង​​ក្រោយ​ពី​ដណ្ដើម​បាន​ខ្សែ​ក្រវាត់​របស់​ខ្លួន​មក​វិញ​​​​។​

កីឡាករ​ Joshua បាន​និយាយ​ក្រោយ​ពី​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​ពិភព​លើក​ទី ​២ ​​ថា៖ ​«​លើក​ទី ​១ ​គឺ​ល្អ​មែន​ទែន​ ហើយ​ខ្ញុំ​ត្រូវ​តែ​បាន​វា​លើក​ទី ​២​»។​​

ម្ចាស់​ជើងឯក​អូឡាំពិក​ឆ្នាំ ​២០១២ រូប​នេះ​បាន​បង្ហាញ​ថា ​រូប​គាត់​បាន​កែប្រែ​ទម្រង់​ប្រកួត​​របស់​ខ្លួន​បន្ទាប់​ពី​​រូប​គេ​បាន​​ចាញ់​កីឡាករ​ Ruiz ម្ដង​ហើយ​ ​កាល​ពី​ខែ​មិថុនា​ដែល​ជា​​បរាជ័យ​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​អាជីព​របស់​រូប​គាត់។

កីឡាករ Joshua ដែល​បាន​កែប្រែ​ប្រវត្តិ​ប្រកួត​ឈ្នះ ​២៣ ​លើក​ក្នុង​នោះ​​បាន​​ផ្ដួល​ឲ្យ​ដៃ​គូ​សន្លប់ ​២១ ​លើក និង​ចាញ់ ​១ ​លើក​នោះ ​បាន​និយាយ​ថា៖ «​ខ្ញុំ​ធ្លាប់​បាន​ផ្ដួល​ដៃ​គូ​ប្រកួត​ជា​ច្រើន ​ប៉ុន្តែ​ទីបំផុត​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ឈឺ​ចាប់​ដោយសារ​​បុរស​នេះ​ ហើយ​ថ្ងៃ​នេះ​ខ្ញុំ​បាន​សងសឹក​វិញ​ហើយ​»។​​​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​គ្មាន​ការ​ដោះសា​អ្វី​ទេ ​ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ចំពោះ​ខ្លួន​ឯង​ថា ខ្ញុំ​នឹង​ត្រូវ​កែ​កំហុស​នោះ​ឡើង​វិញ ​ដើម្បី​​យក​ឈ្នះ​ឲ្យ​ខាង​តែ​បាន​​»។​

កីឡាករ​ Joshua បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ការ​ប្រដាល់​​នៅ​រាត្រី​នេះ​ និង​ចង់​បង្ហាញ​ពី​មនសិការ​ស្រឡាញ់​វិស័យ​កីឡា​នេះ​ប៉ុណ្ណោះ​។ យើង​ប្រកួត​គ្នា​តែ​នៅ​លើ​សង្វៀន​ទេ​ ប៉ុន្តែ​មិន​ប្រកួត​នៅ​ខាង​ក្រៅ​ឡើយ​»។​​

កីឡាករ​ Ruiz បាន​ទទួល​ស្គាល់​ថា រូប​គាត់​មិន​បាន​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ម្ដង​ទៀត​នេះ​​ទេ​។​​

កីឡាករ​ Ruiz បាន​និយាយ​ថា៖ «​វា​ជា​រាត្រី​ល្អ​សម្រាប់​គាត់​ព្រោះ​​ខ្ញុំ​មិន​បាន​ត្រៀម​ខ្លួន​បាន​ល្អ​ទេ​។ ខ្ញុំ​បាន​ឡើង​ទម្ងន់​ច្រើន​​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​យក​វា​ធ្វើ​ជា​លេស​ដោះសា​នោះ​ទេ​។ គាត់​បាន​ឈ្នះ​ដោយសារ​គាត់​ប្រកួត​ល្អ​ជាង​ខ្ញុំ​»។​​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ប៉ុន្តែ​ប្រសិន​បើ​យើង​ធ្វើ​ការ​ប្រកួត​គ្នា​លើក​ទី ​៣​ អ្នក​ពិត​ជា​ជឿជាក់​ថា ខ្ញុំ​នឹង​បង្ហាញ​ទម្រង់​ប្រកួត​ឲ្យ​បាន​ល្អ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​»។​

កីឡាករ Ruiz បាន​ពន្យល់​ពី​ការ​ឡើង​ទម្ងន់​នេះ​ថា វា​ប៉ះ​ពាល់​ដល់​រូប​គាត់​​ច្រើន​ ដោយ​អះអាង​ថា៖ «​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​នឹង​មាន​អារម្មណ៍​ជឿជាក់​កាន់​តែ​ខ្លាំង ​និង​កាន់​តែ​ប្រសើរ​​ជាង​នេះ ​ប៉ុន្តែ​នៅ​ពេល​ប្រកួត​លើក​ក្រោយ​ទៀត​ ខ្ញុំ​នឹង​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​នេះ​​ថែម​ទៀត​»​៕ AFP/SN