ក្រុងឡុងដ៍៖ ប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេស គឺខ្សែប្រយុទ្ធ Harry Kane បាននិយាយកាលចុងសប្ដាហ៍ថា ការប្រកួតបាល់ទាត់ក្នុងក្របខ័ណ្ឌ Premier League ប្រចាំរដូវកាលនេះ គួរតែរំលាយចោល ប្រសិនបើមិនបញ្ចប់ទាំងស្រុងនៅចុងខែមិថុនា ដោយសារការរាតត្បាតវីរុសកូរ៉ូណាទេនោះ។
ការប្រកួតលីកលំដាប់កំពូលរបស់ប្រទេស អង់គ្លេស ពេលនេះត្រូវបានផ្អាកយ៉ាងហោចរហូតដល់ថ្ងៃទី ៣០ ខែមេសា ដោយសារការផ្ទុះនូវជំងឺកូវីដ ១៩ ស្របពេលការប្រកាសពីការពន្យារពេល ដែលទំនងនឹងមានបន្ថែមទៀត នឹងត្រូវប្រកាសឲ្យដឹងឆាប់ៗនេះ។
មិនទាន់មានដំណោះស្រាយច្បាស់លាស់ថា តើពេលណាការប្រកួតបាល់ទាត់នឹងអាចចាប់ផ្ដើមឡើងវិញនៅឡើយទេ ប៉ុន្តែព្រឹត្តិការណ៍អឺរ៉ូ ឆ្នាំ ២០២០ (Euro 2020) ត្រូវបានលុបចោលហើយ ដែលនេះផ្ដល់ឱកាសឲ្យការប្រកួតប្រជែងក្នុងស្រុកប្រចាំរដូវកាលនេះ ពិសេសលីកអាជីពធំៗ អាចធ្វើសេចក្ដីសម្រេចចុងក្រោយនៅរដូវក្តៅនេះ។
ប៉ុន្តែសម្រាប់កីឡាក Kane ដែលបច្ចុប្បន្នលេងជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបង្ហាញពីចំណាប់អារម្មណ៍ខ្លួនថា មិនចង់ឲ្យប្រធានរៀបចំក្របខ័ណ្ឌ Premier League បណ្ដោយឲ្យយុទ្ធនាការនាពេលនេះ ទៅហួសខែមិថុនា នោះទេ ឬសូម្បីតែការចាប់ផ្ដើមរដូវកាលថ្មី ២០២០-២០២១ ដូចបានស្នើឡើងនូវពេលវេលាខ្លះកន្លងមក។
និយាយជាមួយលោក Jamie Redknapp ជាអតីតកីឡាកររបស់ក្រុម Liverpool ក្នុងកម្មវិធីផ្សាយផ្ទាល់តាមប្រព័ន្ធបណ្ដាញសង្គម Instagram កីឡាករ Kane បានប្រាប់ថា៖ «ខ្ញុំដឹងថា អ្នករៀបចំ Premier League នឹងធ្វើគ្រប់យ៉ាងតាមដែលពួកគេអាច ដើម្បីបញ្ចប់រដូវកាលនេះទាំងស្រុង ហើយខ្ញុំដឹងថាពួកគេកំពុងពិចារណារាល់ជម្រើសដែលអាចទៅរួច»។
ខ្សែប្រយុទ្ធរបស់អង់គ្លេស Kane បាននិយាយបន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំមានជំនឿថា យើងពិតជាចាំបាច់ ក្នុងការព្យាយាមបញ្ចប់រដូវកាលនេះឲ្យបាន។ ប៉ុន្តែវាត្រូវការដំណោះស្រាយច្បាស់លាស់មួយ ដែលមានភាពពេញលេញ ទើបគ្រប់គ្រាន់។ សម្រាប់ការប្រកួតដែលអូសបន្លាយដល់ខែកក្កដា និងសីហា និងការចាប់ផ្ដើមរដូវកាលថ្មី ខ្ញុំមើលមិនឃើញពីផលចំណេញនៅក្នុងនោះទេ។ ប៉ុន្តែជាក់ស្ដែង ខ្ញុំមិនសូវដឹងរឿងរ៉ាវច្រើនពាក់ព័ន្ធនឹងរបៀបរបបនៃការរៀបចំចាត់ចែងការប្រកួត និងរឿងរ៉ាវខាងហិរញ្ញវត្ថុឡើយ»។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បាននិយាយបន្ថែមថា៖ «សម្រាប់ខ្ញុំផ្ទាល់ខ្លួន គឺគ្មានអ្វីសង្ស័យទេ ចង់បញ្ចប់នៅចុងខែមិថុនា។ ប្រសិនបើមិនអាចបញ្ចប់រដូវកាលទាំងស្រុងតាមអ្វីដែលខ្ញុំលើកឡើងទេ យើងត្រូវតែពិនិត្យមើលជម្រើសផ្សេងទៀត ព្រមទាំងគ្រាន់តែរៀបចំផែនការ សម្រាប់រដូវកាលថ្មីប៉ុណ្ណោះ»។
ការប្រកួតប្រចាំក្របខ័ណ្ឌ Premier League អាចនឹងត្រូវរៀបចំនាពេលខាងមុខ ដោយអត់មានអ្នកគាំទ្រចូលរួមលើកទឹកចិត្ត ដើម្បីបញ្ចប់រដូវកាល ដែលនៅសេសសល់ ពេលច្បាប់ហាមមិនឲ្យចេញក្រៅផ្ទះ នៅចក្រភពអង់គ្លេសត្រូវបានបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ ក៏កីឡាករ Kane មិនគិតថា ការពន្យារពេលរដូវកាល នឹងជួយគ្រប់គ្នាឲ្យបានប្រសើរនោះទេ ជាពិសេសបើរំកិលរហូតដល់ឆមាសបន្ទាប់។
កីឡាកររូបនេះ បាននិយាយបន្តថា៖ «រដូវកាលនេះ ត្រូវបានពន្យារពេលបន្តទៀត ដែលវានឹងអាចមានផលប៉ះពាល់ដល់រដូវកាលក្រោយ ដល់ការប្រកួតអឺរ៉ូ ឆ្នាំ ២០២១ និងសូម្បីតែ World Cup ឆ្នាំ ២០២២។ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ»។
ជាចុងក្រោយខ្សែប្រយុទ្ធដ៏មានទេពកោសល្យ Harry Kane បាននិយាយថា៖ «ទោះជាយ៉ាងណា ទាំងអស់នេះ វាហួសពីសមត្ថភាពរបស់ខ្ញុំ គ្មានអ្វីដែលខ្ញុំអាចធ្វើម្នាក់ឯងបានទេ ដូច្នេះតាមទស្សនៈរបស់ខ្ញុំ ពួកយើងត្រឹមតែអាចរង់ចាំមើលថា អ្វីនឹងកើតឡើង។ ជាមួយនឹងក្ដីសង្ឃឹមយ៉ាងពេញលេញ គ្រប់យ៉ាងនឹងត្រូវដោះស្រាយបានលឿនបំផុតតាមដែលអាចធ្វើបាន ហើយពួកយើងនឹងអាចធ្វើសកម្មភាពប្រក្រតីឡើងវិញ»៕ AFP/VN