ក្រុងដូហាៈ កីឡាការិនីវាយកូនបាល់អាមេរិក Sofia Kenin បានបរាជ័យជាលើកទី ៣ ពីថ្ងៃអង្គារតាំងពីបានឈ្នះពាន Australia Open នៅដើមខែនេះ ដោយបានចាញ់យុវកីឡាការិនីអ៊ុយក្រែន Dayana Yastremska នៅក្នុងជុំទី ២ នៃការប្រកួតពាន Doha ខណៈកីឡាការិនីជាប់លេខ ១ ពិភពលោក Ashleigh Barty បានទទួលជ័យជម្នះ។
កីឡាការិនីជាប់លេខ ៥ ពិភពលោក Kenin ដែលបានឈ្នះពានរង្វាន់ Grand Slam លើកដំបូងរបស់ខ្លួននៅទីក្រុង Melbourne នោះបានចាញ់កីឡាការិនី Yastremska ក្នុងលទ្ធផល ៦-៣, ៧-៦ (៧/៤)។
កីឡាការិនី Kenin បានចាញ់ ១ ប្រកួតក្នុងចំណោម ២ ប្រកួតរបស់ខ្លួនក្នុងជ័យជម្នះនៅវគ្គជម្រុះពាន Fed Cup នៅសហរដ្ឋអាមេរិកទៅលើកីឡាការិនីLatvia មុនពេលចាញ់កីឡាការិនីកាហ្សាក់ស្ថាន Elena Rybakina នៅជុំដំបូងនៅទីក្រុងឌូបៃកាលពីសប្តាហ៍មុន។
កីឡាការិនីអាយុ ២១ ឆ្នាំរូបនេះបាននិយាយថា៖ «វាពិតជាគួរឲ្យខឹងណាស់។ ជាការពិត ការប្រកួតនៅទីក្រុង Melbourne គឺខ្ញុំមានអារម្មណ៍ថា ខ្លួនឯងលេងបានល្អបំផុត ប៉ុន្តែការលេងនៅទីនេះគឺបានធ្វើឲ្យខ្ញុំគិតថា ដូចជាគ្មានអារម្មណ៍ប្រកួតទាល់សោះ»។
កីឡាការិនី Yastremska អាយុ ១៩ ឆ្នាំនឹងត្រូវប្រកួតជាមួយកីឡាការិនី Muguruza នៅជុំទី ៣ ក្រោយពីកីឡាការិនីអេស្ប៉ាញរូបនេះបានឈ្នះកីឡាការិនីអូស្ត្រាលី Ajla Tomljanovic ក្នុងលទ្ធផល ៦-១, ៦-២។
ចំណែកកីឡាការិនី Barty វិញបានឈ្នះកីឡាការិនីអាល្លឺម៉ង់ Laura Siegemund នៅក្នុងការប្រកួតលើកដំបូងរបស់ខ្លួនតាំងពីបានចាញ់កីឡាការិនី Kenin នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Australian Open។
កីឡាការិនីរូបនេះបានបន្ថែមថា៖ «ពិតជាសប្បាយចិត្តណាស់ដែលអាចបន្តឈ្នះបែបនេះនៅចំពេលដែលខ្ញុំពិតជាត្រូវការវាបំផុត»៕ SN