ក្រុង​ឡុងដ៍៖ អតីត​ខ្សែ​ការពារ​នៅ​ក្លិប​កាំភ្លើង​ធំ​ Arsenal គឺ​លោក​​ Martin Keown បាន​និយាយ​ថា ក្រុម​កាំភ្លើង​ធំ​គួរ​តែ​ចាប់​យក​ឱកាស​នេះ​ពិចារណា​ចំពោះ​​អតីត​គ្រូ​បង្វឹក​ក្លិប​ Tottenham លោក​ Mauricio Pochettino។​

ក្លិប Spurs បាន​ចាត់​វិធាន​ការ​ភ្លាមៗ​បណ្ដេញ​​​គ្រូ​បង្វឹក​របស់​ខ្លួន ​គឺ​លោក Pochettino ហើយ​​បាន​​ដាក់​ជំនួស​ដោយ​លោក​ Jose Mourinho កាល​ពី​ថ្ងៃ​អង្គារ ​ក្រោយ​ពី​មាន​សំណាង​មិន​ល្អ​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​​។​

គ្រូ​បង្វឹក​​ក្រុម​កាំភ្លើង​ធំ​លោក ​Unai​ Emery ​បាន​ស្ថិត​នៅ​ក្រោម​ការ​​ពិនិត្យ​​ពិច័យ​កាន់​​តែ​​ខ្លាំង​ឡើង​នៅ​ចំពេល​​ចាប់​ផ្តើម​រដូវ​កាល​ដ៏​ច្របូក​ច្របល់​នេះ​ ហើយ​ទោះ​បី​លោក​ Keown ​មិន​​ចង់​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​បែប​ណា​ទៅ​លើ​អនាគត​របស់​គ្រូ​បង្វឹក​រូប​នេះ​​ក៏​ដោយ ​ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ថា​ ក្រុម​ប្រឹក្សា​របស់​ក្លិប​ Arsenal ​គួរ​តែ​ដឹង​ច្បាស់​ពី​ការ​ផ្លាស់ប្តូរ​កាលៈទេសៈ​ដែល​អាច​កើត​ឡើង​បាន​ជាយថាហេតុ​​។

លោក Keown បាន​ប្រាប់​កាសែត​ Daily Mail ​ថា៖ «​មិន​ចាំ​បាច់​ភ័យ​ស្លន់ស្លោ​ចំពោះ​ក្លិប ​Arsenal ​ទេ​ព្រោះ​យើង​កំពុង​ធ្វើ​ដំណើរ​ជិត​ដល់​ចំណុច​នោះ​ហើយ​ដោយសារ​​យើង​មិន​មាន​រដូវកាល​​ល្អ​បំផុត​នោះ​ទេ»​។​​

អតីត​ខ្សែ​ការពារ​ក្លិប​កាំភ្លើង​ធំ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ប៉ុន្តែ​អំណាច​កំពូល​របស់​ក្លិប​នេះ​គួរ​តែ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ក្នុង​ការ​ជ្រើសរើស​យក​លោក Pochettino»។​

លោក Keown បាន​បន្ត​ថា៖ «​ខ្ញុំ​មាន​ការ​កោត​សរសើរ​ជា​ច្រើន​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​ក្លិប​ Tottenham គឺ​ជា​លក្ខណៈ​ដែល​គាត់​មើល​ថែ​​ និង​បណ្ដុះ​បណ្ដាល​កីឡាករ​វ័យ​ក្មេង​ទាំង​នោះ​ហើយ​គាត់​​​បាន​ជួយ​សន្សំ​សំចៃ​​ប្រាក់​របស់​ក្លិប​នេះ​​ផង​ដែរ​»​។

លោក Keown បាន​បន្ថែម​ថា៖ «​ខ្ញុំ​សូម​ជំរុញ​ឲ្យ​យក​លោក Pochettino ព្រោះ​គាត់​សម​នឹង​តំណែង​នោះ​។ ខ្ញុំ​គិត​ថា វា​ជា​ការ​បណ្ដេញ​ចេញ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​​ ហើយ​អ្នក​នឹង​មាន​គ្រូ​បង្វឹក​ច្រើន​ដែល​អ្នក​កំពុង​តែ​សម្លឹង​មើល​ឃើញ​»។​​

លោក Keown បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​ដឹង​ពី​កំណត់ត្រា​មិន​ល្អ​ដែល​គាត់​មាន​ក្នុង​ពេល​ថ្មីៗ​នេះ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​អាច​ផ្តល់​ឱ្យ​គាត់​នូវ​ឱកាស​ម្ដង​​ទៀត​។ ខ្ញុំ​មិន​ចូល​ចិត្ត​វិធី​ដែល​ក្លិប​ Tottenham បាន​ធ្វើ​នោះ​ទេ»​។

លោក Keown បាន​បញ្ជាក់​ទៀត​ថា៖ «​​មាន​ប្រធាន​ក្លិប​​ជា​ច្រើន​កំពុង​សម្លឹង​មើល​ឃើញ​គាត់​ឥឡូវ​នេះ។ ក្លិប ​​Man Utd​ ចង់​បាន​គាត់​​កាល​ពី​ឆ្នាំ​មុន​ ហើយ​ខ្ញុំ​គិត​ថា​ ក្លិប​ Arsenal​ នឹង​ត្រូវ​តែ​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ​ប្រសិន​បើ​ពួក​គេ​ចង់​បោះ​ជំហាន​ទៅ​មុខ​ទៀត​»៕ AFP/SN