ភ្នំពេញៈ ក្រុម Khmer United បាន​បន្ថែម​ភាគ​រយ​កាន់​តែ​ខ្ពស់ ក្នុងការ​ឆ្ពោះ​ទៅ​ប្រជែង​យក​ពាន ក្នុង​ការ​ប្រកួត​លីក​ខ្មែរ​រៀល​អ៊ីស្ទេត លើក​ទី​ ៧ ឆ្នាំ ​២០១៨ (Khmer Real Estate League 2018) បន្ទាប់​ពី​ក្រុម​មួយ​នេះ រក​បាន​ ៣ ពិន្ទុ​បន្ថែម ស្រប​ពេល​ដៃ​គូ​ប្រជែង​​ដ៏​តាន​តឹង​របស់​ខ្លួន​ Blue Dragon បាន​ជួប​ការ​ខក​ចិត្ត ហើយ Avatar បាន​ត្រឹម ​១ ពិន្ទុ​​​​នោះ។

សម្រាប់​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី ​៩ ​នេះ ក្រុម​ជើង​ឯក​រង ​២ សម័យ​កាល Khmer United បាន​លត់​ក្រុម Giant FC ៧-២ ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង ដោយ​មាន​ ២៧ ​ពិន្ទុ​ ហើយ​ការ​ឈ្នះ​បាន​ ៣ ពិន្ទុ​បន្ថែម​នេះ បាន​ជួយ​ឲ្យ​ Khmer United មាន​ឱកាស​កាន់​តែ​ច្រើន ក្នុងការ​ឆ្ពោះ​ទៅ​ដណ្តើម​យក​ពាន នៅ​ក្នុង​ឆ្នាំ​នេះ ខណៈ​​ក្រុម Blue Dragon ដែល​ជា​​គូ​ប្រជែង​យ៉ាង​ស្រួច​ស្រាល់​របស់​ខ្លួន បាន​ជួប​ការ​បរាជ័យ ជា​លើក​ទី​ ២ ​នោះ។

ក្រុម Blue Dragon បាន​ចាញ់​​ក្រុម​ម្ចាស់​ជើង​ឯក Bayon Wanderers ៤-០ ក្រោម​​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​បំផុត។ យ៉ាង​ណា​ក៏​ដោយ ការ​​ចាញ់​​រហូត​ដល់​ ៤ ​គ្រាប់​នេះ ក៏​អាច​មក​ពី​ការ​ប្រកួតនេះ ត្រូវ​បាន​ធ្វើនៅ​​ក្រោម​ដំណក់​ទឹក​ភ្លៀង​ផងដែរ ដែល​ធ្វើ​ឲ្យ​សមាជិក Blue Dragon មាន​ការ​លំបាក ក្នុងការ​បិទ​ ក៏​ដូចជា​​ទម្លុះ​សំណាញ់​ការពារ​របស់​ក្រុម​​​ចម្រុះ​ដោយ​បរទេស Bayon ដែល​មាន​មាធ​ធំៗ។

​ខ្សែ​ការពារ​របស់​ក្រុម Giant FC បាន​ព្យាយាម​បិទ​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​​ គីម ហ៊ាង ដែល​ជា​ស្ថាបនិក​របស់​ក្រុម Khmer United ក្នុងការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ។ រូបភាព សហការី

ជាមួយ​លទ្ធផល​ចាញ់​នេះ បាន​ធ្វើ​ឲ្យ Blue Dragon ធ្លាក់​ពី​លេខ​ ២ ​មក​ឈរ​នៅ​លេខ​ ៣ ដោយ​មាន ២១ ពិន្ទុ​ដដែល ឯ​ក្រុម Bayon បាន​​ឡើង​ពី​លេខ​ ៥ ទៅ​ឈរ​នៅ​លេខ​ ៤ ដោយ​មាន ​២១ ​ពិន្ទុ​ដែរ។ រីឯ​ក្រុម Avatar FC ​​ដែល​ជា​ដៃ​គូ​ប្រជែង​យ៉ាង​ស្រួច​ស្រាល់​​របស់ Khmer United ដែរ​នោះ បាន​​​ទទួល​ត្រឹម ​១ ​ពិន្ទុបន្ថែម​​ប៉ុណ្ណោះ។

ក្រុម Avatar បាន​ស្មើ​​ក្រុម​បាសាក់ ២-២ ហើយការ​ប្រកួតនេះ​មាន​ភាព​ស្វិតស្វាញ​ខ្លាំង។ ​ការ​រក​បាន​ត្រឹម​ ១ ​ពិន្ទុនេះ បាន​ជួយ​ឲ្យ​ក្រុម Avatar ឡើង​មក​ឈរ​នៅ​លេខ​រៀងទី​ ២ ជា​បណ្តោះ​អាសន្ន ដោយ​មាន​ ២២ ​ពិន្ទុ ចំណែក​ក្រុម Riel PP ដែល​មាន​ ២១ ​ពិន្ទុ​ដែរ​នោះ មិន​បាន​បង្ហាញ​សមត្ថ​ភាព​នៅ​លើ​ទី​លាន សម្រាប់​ការ​ជួប​​ក្រុម​​វត្ត​កោះ នោះ​ទេ ព្រោះ​ជំនួបរវាង​ក្រុម​ទាំង ​២ នេះ ត្រូវ​បាន​លើក​ពេល​។

ជាមួយ​គ្នា​នេះ ក្រុម​យុវជន​កំពង់​ចាម ​បាន​យក​ឈ្នះ​ក្រុម HHK ៥-៤ ដើម្បី​ឡើង​មក​ឈរ​នៅ​លេខ​រៀងទី​ ៦ ដែល​ជា​ទី​តាំង​ចាស់​របស់​ក្រុម​អាណាចក្រ​ទួលគោក ដោយ​មាន​ ២០ ​ពិន្ទុ ព្រោះ​នៅ​​សប្តាហ៍​នេះ អាណាចក្រ​ទួល​គោក បាន​ត្រឹម​ស្មើ ២-២ ជាមួយ​ក្រុម​ចម្រុះ​ដោយ​បរទេស Anvaya FC ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ ១៩ ​ពិន្ទុ។

ផ្ទុយ​ពីនេះ​ក្រុម​យុវជន​ច្បាប់ បាន​យក​ឈ្នះ​ក្រុម​តាំង​គោក ៥-២ ​ដើម្បី​មាន​ ​១៤ ​ពិន្ទុ ស្រប​ពេល​ក្រុម​ទន្សោង​អេហ្វស៊ី បាន​​ឈ្នះ​ក្រុម​ចាស់​វស្សា V.Train ៤-១ ​ដើម្បី​មាន​១៣​ពិន្ទុ ហើយ​ក្រុម RFL បាន​​លត់​ក្រុម​កូន​ខ្មែរ ៥-០ ដើម្បី​មាន​ ​១២ ​ពិន្ទុ។

ចំពោះ​​ក្រុម Mambo PP បាន​យក​ឈ្នះ​ក្រុម​ឈរ​នៅ​បាត​តារាង យុវជន​ស្នោរ ២-១ ដើម្បី​មាន​ ១០​ ពិន្ទុ គឺ​តិច​ជាង​ក្រុម​បាសាក់ ដែល​មាន​ ១១ ​ពិន្ទុ តែ​​ច្រើន​ជាង​ក្រុម Anvaya និង Giant ដែល​មាន ​៨ ​ពិន្ទុ​ដូច​គ្នា ខណៈ​ក្រុម​តាំង​គោក ​HHK និងក្រុម​កូន​ខ្មែរ មាន ៦ ​ពិន្ទុ​ស្មើ​គ្នា ហើយ V.Train មាន​ ៥​ ពិន្ទុ ក្រុម​វត្ត​កោះ មាន ​៣ ពិន្ទុ ប៉ុន្តែ​​ក្រុម​យុវជន​ស្នោរ នៅ​តែ​​គ្មាន​ពិន្ទុ​រាប់​ដដែល ព្រោះ​​៩​ប្រកួត​នេះ ពួក​គេ​ស្មើ ​១ និង​ចាញ់​ ៨ ​ប្រកួត៕