ក្រុងលីវើភូល: ភាព​រឹងមាំ​របស់​តារា​ឆ្នើម Mohamed Salah អនាគត​របស់ Philippe Coutinho និង​វត្តមាន​របស់ Virgil van Dijk សុទ្ធ​សឹង​ជា​បញ្ហា​ដ៏​ចម្បង​ទាំង ៣ ដែល Liverpool កំពុង​ប្រឈម​មុខ ខណៈ​ដែល​ពួកគេ​ត្រៀម​ធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​ជិត​ខាង Everton ក្នុងការ​ប្រកួត​ពាន FA Cup ជុំ​ទី ៣ នៅ​រាត្រី​នេះ។

Salah ដែលជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់ Liverpool ដោយ​រក​បាន ២៣ គ្រាប់ បាន​អវត្តមាន​ក្នុង​ពេល​ក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យជម្នះ ២-១ លើ​ក្រុម Burnley ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​ចន្ទ ដោយសារ​តែ​បញ្ហា​របួស​ក្រលៀន ហើយ​លោក Jurgen Klopp ដែល​ជា​អ្នក​ចាត់ការ​ទូទៅ បាន​បញ្ជាក់​ថា រូបគេ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល។

បើទោះបី​បែប​នោះ​ក៏ដោយ ប៉ុន្តែ លោក Klopp ពិតជា​រីករាយ​ក្នុងការ​អនុញ្ញាត​ឲ្យ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អេហ្ស៊ីប Sal-ah និង​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​សេណេហ្គាល់ Sadio Mane ក្នុងការ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្គាណា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

កីឡាករ​ទាំងពីរ​សុទ្ធសឹង​ស្ថិត​ក្នុង​បញ្ជី​បេក្ខភាព​ដែល​ត្រូវ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ទ្វីប​អាហ្រ្វិក ហើយ​លោក Klopp បាន​បញ្ជាក់​ថា វា​ពិត​ជា​សំខាន់​ណាស់​ដែល​ពួកគេ​មាន​វត្តមាន​ក្នុង​កម្មវិធី​នោះ បើ​ទោះបី​វា​ប្រកៀក​គ្នា​ទៅ​នឹង​ការ​ប្រកួត​ជាមួយ Everton ក៏ដោយ។

Salah, Mane, Coutinho និង Roberto Firmino សុទ្ធសឹង​ត្រូវបាន​ចាត់​ទុក​ថា ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​ទាំង ៤ របស់ Liverpool បើ​ទោះបី Mane គឺជា​កីឡាករ​តែ​ម្នាក់​ដែល​លេង​ក្នុង​ជម្រើស​ដំបូង​នៅ​លើ​ទឹកដី​ក្រុម Burnley ក៏ដោយ​ខណៈ Dominic Solanke ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លេង​ក្នុង​ជម្រើស​ទាំង ១១ នាក់​ក៏​កម្រ។

Van Dijk ក៏មាន​សិទ្ធិ​ក្នុង​ការចូល​លេង​ផងដែរ ក្រោយ​ពី​បំពេញ​ការ​ផ្ទេរ​របស់​គេ​ពី​ក្លិប Southampton ក្នុង​តម្លៃ​ខ្លួន ៧៥ លាន​ផោន (ស្មើ ១០២ លាន​ដុល្លារ) កាល​ពី​ថ្ងៃ​ចន្ទ។

ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ២:៥៥ ទៀបភ្លឺ៕