ក្រុងឡុងដ៍៖ គ្រូបង្វឹកក្លិប Liverpool លោក JurgenKlopp និយាយថា កីឡាករ Virgil van Dijk គួរតែឈ្នះកីឡាករ Lionel Messi សម្រាប់ពានរង្វាន់ស្បែកជើងមាស Ballon d''Or នៅខែក្រោយនេះ។
ខ្សែការពារហូឡង់ Van Dijk មានឆ្នាំដ៏អស្ចារ្យជាមួយក្លិប Liverpool ដោយជួយឲ្យក្រុមហង្សក្រហមនេះឈ្នះពានរង្វាន់ Champions League កាលពីខែមិថុនា។
ក្រុមហង្សក្រហមក៏ជិតនឹងទទួលបានពានរង្វាន់ Premier League កាលពីរដូវកាលផងដែរ ប៉ុន្តែពេលនេះពួកគេកំពុងដេញតាមយកពានរង្វាន់អង់គ្លេសនៅរដូវកាលនេះ ក្រោយពីមានការចាប់ផ្ដើមមិនធ្លាប់ចាញ់មកដល់ពេលនេះ។
លោក Klopp អាចឃើញពីមូលហេតុដែលកំពូលកីឡាករ Messi នៅក្លិប Barcelona គឺជាជម្រើសដ៏មានប្រជាប្រិយមួយសម្រាប់ពានរង្វាន់បុគ្គលមួយនេះ ដោយសាររូបគេមានអាជីពល្អ។
ប៉ុន្តែជាជាងការផ្ដល់ពានរង្វាន់ Ballon d'' Or ទី ៦ ដល់កីឡាករ Messi នោះ លោក Klopp ជឿជាក់ថា មានករណីដ៏រឹងមាំមួយសម្រាប់ខ្សែការពាររបស់ក្លិប Liverpool ក្នុងការដើរចេញជាមួយនឹងពានរង្វាន់នេះនៅក្នុងពិធីប្រគល់រង្វាន់នៅក្រុងប៉ារីស ប្រទេស បារាំង នៅថ្ងៃទី ២ ខែធ្នូក្រោយនេះ។
គួររំឭកថា កីឡាករក្រូអាត Luka Modric នៅក្លិប Real Madrid គឺជាអ្នកឈ្នះពានរង្វាន់នេះកាលពីឆ្នាំមុន ខណៈពានរង្វាន់នេះត្រូវបានផ្ដល់ជូនរាល់ឆ្នាំដោយទស្សនាវដ្ដីប្រទេស បារាំង France Football។
លោក Klopp បាននិយាយថា៖ «ប្រសិនបើអ្នកផ្ដល់ពានរង្វាន់ Ballon d''Or ដល់កីឡាករឆ្នើមប្រចាំជំនាន់នេះ ពេលនោះអ្នកអាចផ្ដល់ពានរង្វាន់នេះដល់កីឡាករ Loinel Messi»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ប៉ុន្តែប្រសិនបើអ្នកចង់ផ្ដល់ពានរង្វាន់នេះដល់កីឡាករឆ្នើមប្រចាំរដូវកាលមុន ពេលនោះវាសមតែផ្ដល់ឲ្យកីឡាករ Virgil van Dijk»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ដូច្នេះខ្ញុំពិតជាមិនដឹងថា តើគេនឹងសម្រេចបែបម៉េចនោះទេ ប៉ុន្តែនោះជាអ្វីដែលខ្ញុំយល់ឃើញតែប៉ុណ្ណោះ»។
លោក Klopp បានបញ្ជាក់ទៀតថា៖ «ប្រសិនបើវាសម្រាប់កីឡាករឆ្នើមនៃរដូវកាលទាំងអស់នោះ គឺវាសមសម្រាប់ កីឡាករ Messi ប៉ុន្តែប្រសិនបើសម្រាប់រដូវកាលមុននោះ គឺសមតែកីឡាករ Van Dijk។ យើងនឹងឃើញជាក់ស្ដែង»។
សូមរំឭកថា កីឡាករ Van Dijk ក៏បានជួយឲ្យជម្រើសជាតិហូឡង់បានមានឱកាសលេងនៅព្រឹត្តិការណ៍ Euro 2020 នៅឆ្នាំនេះផងដែរ ចំណែកកីឡាករ Messi វិញបានជួយឲ្យជម្រើសជាតិអាហ្សង់ទីនបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងព្រឹត្តិការណ៍អាមេរិកឡាទីន Copa America នៅឆ្នាំនេះ៕ APF/SN