ក្រុងឡុងដ៍៖ អនាគតរបស់លោក Jurgen Klopp នៅក្លិបហង្សក្រហម Liverpool គឺស្ថិតនៅលើស្ថានភាពអាកាសធាតុនៅប្រទេស អង់គ្លេស ដែលមិនអាចព្យាការបាន។ នេះបើយោងតាមជំនួយការរបស់លោក Klopp គឺលោក Marc Kosicke បានឲ្យដឹងពីថ្ងៃចន្ទ។
លោក Klopp ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅក្លិប Liverpool នៅខែ តុលា ឆ្នាំ ២០១៥ ហើយបានបន្តកុងត្រារបស់គាត់នៅចុងយុទ្ធនាការដំបូងរបស់គាត់ ខណៈកុងត្រារបស់គាត់នៅសល់រយៈពេល ៣ ឆ្នាំទៀត។
ថ្មីៗនេះ គ្រូបង្វឹកវ័យ ៥២ ឆ្នាំរូបនេះបានព្រលយសម្ដីថា គាត់អាចចូលនិវត្តន៍នៅពេលកុងត្រារបស់គាត់ផុតកំណត់នៅឆ្នាំ ២០២២ ប៉ុន្តែក្លិបម្ចាស់ជើងឯកអឺរ៉ុបមួយនេះសង្ឃឹមថា នឹងបញ្ចុះបញ្ចូលឲ្យគាត់បន្តនៅក្លិបនេះទៀត។
ទោះយ៉ាងណាក៏ដោយ លោក Kosicke បានឲ្យដឹងថា លោក Klopp នឹងផ្អាកកុងត្រាថ្មីណាមួយដោយសារគាត់មិនសប្បាយចិត្តទាំងស្រុងចំពោះអាកាសធាតុនៅប្រទេស អង់គ្លេស បើទោះជាការឡើងកម្ដៅពិភពលោកអាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់គ្រូបង្វឹកអាល្លឺម៉ង់រូបនេះក៏ដោយ។
ជំនួយការរូបនេះបានប្រាប់ DAZN ថា៖ «កុងត្រារបស់លោក Klopp គឺនៅមានសុពលភាពដល់ឆ្នាំ ២០២២ ហើយវាជារឿងអាថ៌កំបាំងមួយដែលក្លិបនេះចង់បន្តកុងត្រាថែមទៀត»។
លោក Kosicke បានបន្តថា៖ «យើងនៅតែមានពេលតិចតួចសម្រាប់រឿងនោះ យើងត្រូវតែរង់ចាំមើលថា តើរឿងរ៉ាវនេះនឹងវិវត្តទៅយ៉ាងណាវិញ ហើយថា តើការប្រែប្រួលអាកាសធាតុនឹងធ្វើឲ្យអាកាសធាតុល្អប្រសើរនៅអង់គ្លេស ឬក៏នៅតែប្រទេស អាល្លឺម៉ង់ នោះទេ?»។
ជំនួយការរូបនេះបានបន្តថា៖ «គេមិនគួរមើលស្រាលពីអាកាសធាតុមិនល្អទេ។ ខ្ញុំចាំថា នៅក្នុងខែវិច្ឆិកា ឬខែធ្នូ ក្រុម Liverpool បានស្នើសុំជាលើកដំបូងឲ្យបន្តកុងត្រា ប៉ុន្តែខ្ញុំបាននិយាយថា ចាំមើលសិន»។
ជំនួយការដដែលនេះបានបន្តទៀតថា៖ «លោក Klopp និងភរិយារបស់គាត់ គឺអ្នកស្រី Ulla បានក្រោកពីគេងនៅពេលព្រឹក ឃើញមេឃខ្មៅងងឹត ហើយពេលល្ងាចក៏មេឃខ្មៅ និងចុះអ័ព្ទ»។
លោក Kosicke បានបន្ថែមថា៖ «នៅអាល្លឺម៉ង់ ប្រសិនបើអាកាសធាតុអាក្រក់បែបនេះ ក្លិបមួយចំនួនឈប់សម្រាក ២ សប្ដាហ៍ បន្ទាប់មកនាំគ្នាធ្វើដំណើរទៅកន្លែងហ្វឹកហាត់ដែលមានពន្លឺព្រះអាទិត្យជាច្រើនថ្ងៃ»។
ជំនួយការរូបនេះបានបន្ថែមថា៖ «នៅក្នុងពេលនេះ គ្រូបង្វឹកមួយចំនួននៅអង់គ្លេសពេលខ្លះត្រូវត្រៀមការប្រកួត ១៣ លើក ដែលធ្វើឲ្យពួកគេអស់កម្លាំង មិនងាយស្រួលនោះទេ»។
លោក Klopp បានដឹកនាំក្រុម Liverpool ឲ្យឈ្នះ Champions League និង UEFA Super Cup នៅឆ្នាំ ២០១៩ ខណៈការតាមដណ្ដើមតំណែងជើងឯក ក្របខ័ណ្ឌ Premier League ពីក្រុម Man City គឺជាគោលដៅចម្បងរបស់គាត់៕ SN