ភ្នំពេញ: កីឡាករយុទ្ធគុនចម្រុះរបស់ថៃ Kritsada “Dream Man” Kongsrichai នឹងសម្លឹងការរក្សាភាពខ្លាំងរបស់ខ្លួនក្នុងសង្វៀនដាក់ទ្រុង នៅពេលដែលរូបគេត្រូវប៉ះជាមួយនឹងកីឡាករហ្វីលីពីន Robin “The Ilonggo” Catalan ក្នុងព្រឹត្តិការណ៍ ONE: Irion Will នៅពីមុខអ្នកទស្សនាដ៏ច្រើនកុះករ នាថ្ងៃសៅរ៍ ទី ២៤ ខែមីនា ខាងមុខនេះ។
កីឡាករទាំង ២ នឹងត្រូវធ្វើការប្រកួតគ្នាក្នុងទម្ងន់ ៥៦,៧ កីឡូក្រាម នៅលើសង្វៀន Impact Arena ដែលអាចផ្ទុកអ្នកទស្សនាបាន ១២០០០ នាក់ ក្នុងទីក្រុងបាងកក ប្រទេសថៃ។
Kongsrichai គឺជាម្ចាស់ជើងឯកក្នុងកីឡាចំបាប់របស់ថៃ ១៣ សម័យកាល ខណៈរូបគេមានកំណត់ត្រាឈ្នះដល់ទៅ ១៨០ លើក និងចាញ់ ២០ ក្នុងកីឡានេះ។ កីឡាករថៃរូបនេះបានពន្យល់ថា៖ «ខ្ញុំបានចាប់ផ្តើមក្នុងនាមជាកីឡាករចំបាប់ម្នាក់។ ជាមួយនឹងការមានភាពផ្ទុយគ្នាស្រឡះទៅនឹងអ្នកប្រយុទ្ធថៃផ្សេងទៀតក្នុងកីឡានេះ ឬក្នុងអង្គភាពនេះ ខ្ញុំមិនមានប្រភពមកពីក្បាច់មួយថៃឡើយ។ វាជារឿងចម្លែកបន្តិច ប៉ុន្តែ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានរៀនជាច្រើន។ ខ្ញុំបានដឹងថា មានឧទាហរណ៍ជាច្រើនដែលល្អក្នុងការបង្កើតឲ្យមានភាពផ្សេងគ្នា»។
ជាមួយនឹងការមានកំណត់ត្រាឈ្នះ ៦ លើក និងចាញ់ ៣ លើក មុននឹងឈានជួប Catalan កីឡាករ Kongsrichai គិតថា រូបគេនៅតែត្រូវធ្វើការអភិវឌ្ឍខ្លួន ក្រោយពីដណ្តើមបានជ័យជម្នះ ២ លើកជាប់ៗគ្នាក្នុងការប្រកួតរបស់គេកាលពីឆ្នាំ ២០១៧។
ក្រោយពីចាញ់ដោយស្នៀតក្លេក្រោមស្នាដៃកីឡាករ Joshua Pacio កាលពីខែសីហា ឆ្នាំ ២០១៦ Kongsrichai បានកសាងកេរិ៍្តឈ្មោះរបស់ខ្លួនត្រឡប់មកវិញ តាមរយៈការផ្តួលកីឡាករឥណ្ឌូនេស៊ី Adrian Matheis ដោយការប្រើស្នៀតក្លេបំពង់ខ្យល់ក្នុងទឹកទី ១ កាលពី ១ ឆ្នាំមុន។ រយៈពេល ៩ ខែក្រោយមក Kongsrichai បានយកឈ្នះលើបងប្រុសរបស់ Robin តាមរយៈការផ្តួលឲ្យរូបគេសន្លប់ក្នុងទឹកទី ១។
Kongsrichai បានបញ្ជាក់ថា៖ «ខ្ញុំជាមនុស្សប្រកបដោយភាពវិជ្ជមានម្នាក់។ ខ្ញុំយកជ័យជម្នះ និងការចាញ់នីមួយៗជាមេរៀន ក្នុងការរៀន និងដើម្បីអភិវឌ្ឍ។ ខ្ញុំនឹងត្រូវធ្វើការអភិវឌ្ឍខ្លួនជារៀងរាល់ថ្ងៃ»។
ទោះបីជាយ៉ាងណា Kritsada មិនហានមើលស្រាលលើដៃគូឡើយ ដោយគេបានលើកឡើងថា៖ «រូបគេជាអ្នកប្រយុទ្ធដ៏ខ្លាំងម្នាក់។ ខ្ញុំគិតថា រូបគេក៏ចង់សម្រេចក្តីសុបិនរបស់គេក្នុងកីឡានេះផងដែរ។ ប៉ុន្តែ នៅថ្ងៃទី ២៤ ខែមីនា ខ្ញុំនឹងក្លាយជាអ្នកដែលទទួលជ័យជម្នះ។ នេះនឹងក្លាយជាសង្គ្រាមមួយ ហើយខ្ញុំសង្ឃឹមថា ខ្ញុំឈ្នះការប្រកួតនេះពីមុខប្រជាជនរបស់ខ្ញុំ»។
ជាមួយគ្នានេះ កីឡាករហ្វីលីពីន Catalan ក៏មានកំណត់ត្រាឈ្នះ ៦ លើក និងចាញ់ ៣ លើកដូចគ្នា ផងដែរ៕