ភ្នំពេញ ប៉ុស្ដិ៍ | ​Kvitova សម្លឹង​រក​ការ​ស្តារ​មុខមាត់​ក្នុង​យុទ្ធនាការ Australian Open

Kvitova សម្លឹង​រក​ការ​ស្តារ​មុខមាត់​ក្នុង​យុទ្ធនាការ Australian Open

កីឡា

កាលបរិច្ឆេទផ្សាយ:
១៩ មករា ២០១៥ | ០៩:៣៦

អ្នកយកព័ត៌មាន:
AFP

ប្រធានបទផ្សេងៗ

នាង Kvitova រំពឹង​ស្តារ​មុខមាត់​ពី​ការ​ធ្លាក់​ចេញ​កាលពី​ឆ្នាំ​មុន​។ AFP

ក្រុងមែលប៊ន: កីឡាការិនី​វាយ​កូនបាល់​មាន​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ពិភពលោក Petra Kvitova បាន​និយាយ​ថា នាង​ប្តេជ្ញា​ថា នឹង​ប្រើប្រាស់​ព្រឹត្តិការណ៍ Australian Open នៅ​ឆ្នាំ​នេះ ដើម្បី​ធ្វើការ​ជួសជុល​ផ្សេងៗ​ទៅលើ​ការ​ធ្លាក់​ចេញ​ទាំង​អាម៉ាស់​ក្នុង​ជុំ​ទី​១​របស់​នាង​ក្នុង​យុទ្ធនាការ​នេះ​កាលពី​ឆ្នាំ​២០១៤​។ កីឡាការិនី​សញ្ជាតិ​ឆែក​រូប​នេះ បាន​ឈាន​ទៅ​កាន់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ​មុន​ក្នុង​នាម​ជា​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ​៦​ប្រចាំ​ព្រឹត្តិការណ៍ ប៉ុន្តែ បាន​ធ្លាក់​ចេញ​ទាំង​ភាព​អាម៉ាស​ក្រោម​ស្នាដៃ​កីឡាការិនី​ថៃ Luksika Kumkhum ក្នុង​ការ​ប្រកួត​បើក​ឆាក​។ ខណៈ​ដែល​កំពុង​តែ​រីករាយ​ជាមួយ​នឹង​ការ​មាន​ទម្រង់​លេង​យ៉ាង​ល្អ និង​ពោរពេញ​ដោយ​ការ​ជឿជាក់ ក្រោយពី​ការ​ឈ្នះ​ពាន Sydney International កាលពី​សប្តាហ៍​មុន Kvitova បាន​ប្រកាស​ថា នាង​នៅ​តែ​មាន​ការ​ចងចាំ​ដ៏ខកចិត្ត​ចំពោះ​ការ​ធ្លាក់​ចេញ​កាលពី​ឆ្នាំ​មុន និង​ចង់​បំភ្លេច​ការ​រងបរាជ័យ​ដ៏អាម៉ាស់​នោះ​។ កីឡាការិនី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ចង់​បំភ្លេច​ការ​ធ្លាក់​ចេញ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ ជា​អកុសល វា​មិន​អាច​ទៅ​រួច​នោះ​ឡើយ​។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​មុន ហេតុនេះ វា​ជា​រឿង​ដ៏ល្អ​»​។ Kvitova បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា៖ «ខ្ញុំ​ពិតជា​រំភើប​ដើម្បី​ប្រកួត ពិត​ណាស់ វា​ជា​កម្មវិធី Grand Slam មួយ​។ វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​លេង​។ ខ្ញុំ​នឹង​ធ្វើ​រាល់​អ្វី​ទាំងអស់​ដែល​ខ្ញុំ​អាច​ដើម្បី​ធ្វើឲ្យ​ល្អ​ជាង​ឆ្នាំ​មុន ពីព្រោះ​វា​ជា​រឿង​ដ៏ខកចិត្ត​មួយ​។ វា​មិន​បាន​ក្លាយ​ជា​ពេល​ដ៏ល្អ​សម្រាប់​ខ្ញុំ​ឡើយ​»​។ កីឡាការិនី​រូប​នេះ នឹង​ធ្វើការ​ប្រកួត​បើក​ឆាក​របស់​នាង​ក្នុង Australian Open នៅ​ថ្ងៃ​អង្គារ នៅពេល​ដែល​នាង​ជួប​ជាមួយ​នឹង​កីឡាការិនី​សញ្ជាតិ​ហូឡង់ Richel Hogenkamp​។ Kvitova ម្ចាស់​ជើងឯក Wimbledon ពីរ​សម័យកាល មាន​ប្រវត្តិ​គួរ​ឲ្យ​កត់សម្គាល់​មួយ​ក្នុង​ទីក្រុង Melbourne តាមរយៈ​ការ​ឈាន​ទៅ​វគ្គ​៨​នាក់​ចុងក្រោយ​កាលពី​ឆ្នាំ​២០១១ និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​មក ប៉ុន្តែ មិន​បាន​ឆ្លង​ផុត​ជុំ​ទី​២​ក្នុង​ការ​បង្ហាញ​ខ្លួន​៤​លើក​ផ្សេង​ទៀត​ក្នុង​កម្មវិធី Grand Slam ដំបូង​គេ​ប្រចាំ​រដូវកាល​មួយ​នេះ​ឡើយ​។ ប៉ុន្តែ ម្ចាស់​ជើងឯក​ឆ្នាំ​២០១៤ Li Na របស់​ចិន ដែល​នឹង​មិន​ធ្វើការ​ការពារ​ពាន Australian Open របស់​នាង ក្រោយពី​បាន​ប្រកាស​ចូលនិវត្តន៍​កាលពី​ខែ​កញ្ញា​នោះ បាន​ប្រកាស​ថា កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូប​នេះ នឹង​ក្លាយ​ជា​កីឡាការិនី​ដ៏ខ្លាំង​ដែល​ត្រូវ​ផ្តួល​ក្នុង​យុទ្ធនាការ​នៅ​ឆ្នាំ​នេះ​។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com