ក្រុង​ឡុងដ៍: លោក Frank Lampard គ្រូបង្វឹក​របស់​ក្រុម Derby កំពុង​តែ​រីក​រាយ​ចំពោះ​ការ​វិល​ទៅកាន់​ក្លិប Chelsea វិញ ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​ម្នាក់ ក្នុង​ពាន League Cup នៅ​រាត្រី​នេះ ក្រោយពី​​បាន​ទម្លាក់​ក្រុម Manchester City របស់​លោក Jose Mourinho ក្នុង​ការ​ប្រកួត​កាលពី​ជុំ​មុន​។

លោក Lampard ត្រូវ​បាន​ចាត់​ទុក​ថា ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏ឆ្នើម​បំផុត​មិនធ្លាប់​មាន​ពីមុន​មក​របស់ Chelsea ក្រោយ​ពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​២១១​គ្រាប់ និង​ឈ្នះ​ពាន​ធំ​ៗ​ ចំនួន ​១១ នៅ​ចន្លោះ​ឆ្នាំ​ ២០០១ និងឆ្នាំ​ ២០១៤ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ពាន​ Champions League កាលពី​ឆ្នាំ​ ២០១២ និង​​ពាន​ក្រប​ខ័ណ្ឌ Premier League ៣លើក​ផងដែរ​។

នៅ​មុន​ពេល​ការ​ប្រកួត​ជុំ​ទី​៤ នា​កីឡដ្ឋាន​ Stamford Bridge គ្រូបង្វឹក​វ័យ​៤០​ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹង​ថា៖ «វា​ពិត​ជា​ការ​ចាប់​ឆ្នោត​​ដ៏​ពិសេស​​មួយ សម្រាប់​ខ្ញុំ ក្នុង​ការ​អាច​វិល​ត្រឡប់​វិញ និង​ជួប​មនុស្ស​ជាច្រើន​ក្រៅពី​ការប្រកួត និង​មិត្ត​ភ័ក្តិ​៤០០០០​នាក់ ក្នុង​កីឡដ្ឋាន​»​។​

លោក Frank Lampard (ស្តាំ) អបអរ​ជាមួយនឹង​កីឡាករ​នៃក្រុម Derby ក្រោយពី​បាន​ទម្លាក់​ក្រុម Man United ក្នុង League Cup ជុំ​ទី​៣​។ AFP

លោក Lampard បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​​កាន់​តែ​មាន​ការ​រំជួល​ចិត្ត​ជាង​មុន ខណៈ​ខ្ញុំ​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់​។ រឿង​ទាំង​នេះ​ស្ថិតក្នុង​ចិត្ត​ខ្ញុំ​។ ដោយ​សារ​តែ​អ្នក​ដឹងពី​​កម្រិត​សំខាន់​របស់ Chelsea ក្នុង​ជីវិត​របស់​អ្នក និង​អ្វី​ដែលខ្ញុំ​ជំពាក់​ទាក់​ទង​នឹង​ពាក្យ​ថា អរគុណ​»​។

លោក Lampard កំពុង​តែ​ជួប​ការ​រីក​រាយ​នៅ​ក្លិប Derby ដែល​កំពុង​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៦​នៅលើ​តា​រាង​ក្រប​ខ័ណ្ឌ Championship ដោយ​មាន ​៤ ​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង​៕ IS