ក្រុងឡុងដ៍៖ គ្រូបង្វឹកក្រុម Chelsea លោក Frank Lampard បានប្រាប់ក្រុមរបស់គាត់ថា «ការប្រយុទ្ធត្រូវចាប់ផ្តើមឥឡូវនេះ» ដើម្បីមានឱកាសបានលេងនៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ បន្ទាប់ពីចាញ់ ២-០ ក្រោមថ្វីជើងរបស់ក្រុម Man Utd កាលពីរាត្រីថ្ងៃចន្ទ។
ក្រុមតោខៀវបានស៊ុតបញ្ចូលទី ២ លើកដែរ ប៉ុន្តែត្រូវបានវីដេអូ VAR បដិសេធ និងខឹងសម្បាចំពោះការមិនបណ្ដេញកីឡាករ Harry Maguire ចេញពីទីលានប្រកួតនៅពេលរូបគេបានបង្កកំហុសមុនពេលរូបគេរកបានគ្រាប់បាល់ទី ២ សម្រាប់ក្រុម Man United ក្រោយពីកីឡាករ Anthony Martial រកបានគ្រាប់បាល់បើកឆាក។
លោក Lampard បាននិយាយថា៖ «ការប្រយុទ្ធត្រូវចាប់ផ្ដើមឥឡូវនេះ។ វាគ្មានប្រយោជន៍អ្វីដែលខ្ញុំត្រូវបន្តបកស្រាយពីរឿងនេះទេ ប៉ុន្តែតថភាពគឺយើងបានឃើញជាក់ស្ដែងនៅទីនោះស្រាប់ហើយ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ប្រសិនបើយើងមិនឆ្លៀតឱកាសទេ ពេលនោះយើងនឹងមិនអាចឈ្នះការប្រកួតបានឡើយ។ នៅពេលអ្នកគ្រប់គ្រងពេលវេលាបានហើយ អ្នកត្រូវចាប់យកវាឲ្យបាន»។
ជ័យជម្នះនេះបានជួយឲ្យក្រុមបិសាចក្រហម Man Utd បានឡើងដល់លេខ ៧ និងតាមពីក្រោយ ៣ ពិន្ទុ នៃក្រុមតោខៀវ Chelsea ដែលឈរនៅលេខ ៤ ខណៈដែលលេខ ៥ ពេលនេះអាចល្អសម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ដោយរង់ចាំមើលបណ្ដឹងរបស់ក្រុម Man City ដែលប្ដឹងជំទាស់ចំពោះការដាក់បម្រាមមិនឲ្យចូលរួមប្រកួតពានអឺរ៉ុបរយៈពេល ២ រដូវកាល។
ទោះយ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុម Man Utd លោក Ole Gunnar Solskjaer បានទទួលស្គាល់ថា គាត់មិនចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់ក្រុមភ្ញៀវនោះទេ។
លោក Solskjaer បាននិយាយថា៖ «នៅពេលអ្នកឈ្នះ ២-០ នៅទីនេះ អ្នកសប្បាយចិត្តណាស់»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ជាថ្មីម្ដងទៀត ខ្ញុំមិនបានគិតថា យើងលេងបានល្អបែបនេះទេជាពិសេសជាមួយទម្រង់លេងនៅតង់ទី ១។ យើងលេងមិនសូវល្អ យឺត ហើយការបញ្ជូនបាល់ក៏មិនបានល្អផងដែរ ប៉ុន្តែយើងរកបានគ្រាប់បាល់ទី ១ បន្ទាប់មកយើងរកបាន ១ គ្រាប់ទៀតនៅតង់ទី ២»។
កីឡាករ Maguire បាននិយាយជុំវិញការបង្កើតកំហុសក្នុងការប្រកួតនេះដែរថា៖ «ខ្ញុំដឹងថា ខ្ញុំបានចាប់គាត់ ហើយខ្ញុំមានអារម្មណ៍ថា គាត់នឹងដួលមកលើខ្ញុំ ដូច្នេះហើយខ្ញុំក៏បានលើកជើងធាក់គាត់ ដើម្បីទប់កុំឲ្យគាត់ដួលមកលើខ្ញុំ»។
កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំក៏បានសុំទោសចំពោះគាត់ហើយដែរ ហើយវាពិតជាការប្រសើរដែលអាជ្ញាកណ្ដាលមិនបានចាប់កំហុសពីបញ្ហានេះ»៕ AFP/SN