ក្រុងលីវើភូលៈ ក្រុម​ហង្សក្រហម Liverpool បាន​បង្កើត​ជ័យជម្នះ​ដ៏អស្ចារ្យ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ Champions League ក្រោយ​ឈ្នះ​ក្រុម Barcelona ៤-០ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​រយៈពេល​ ២ ​ឆ្នាំ​ជាប់ៗ​គ្នា​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ខ្សែប្រយុទ្ធ Divock Origi និង​ខ្សែបម្រើ Georginio Wijnaldum រកបាន​ម្នាក់​ ២ ​គ្រាប់​។

ក្រុម​ហង្ស​ក្រហម​បាន​ប្រកួត​នៅ​កីឡដ្ឋាន Anfield ដោយ​ឈ្នះ​ក្រុម Barcelona ដើម្បី​លុបចោល​លទ្ធផល​ដែល​ខ្លួន​ចាញ់ ៣-០ នៅ​ជើង​ទី​ ១ ​ដែល​បង្ក​របួស​ដល់​ខ្សែប្រយុទ្ធ Mohamed Salah និង Roberto Firmino ផង​ដែរ​។

ក្នុង​ការប្រកួត​នេះ​ខ្សែប្រយុទ្ធ Origi និង​កីឡាករ Wijnaldum បាន​បំប៉ោង​សំណាញ់​ទី​ម្នាក់​ ២ ​ដង ខណៈ​ក្រុម Barcelona ក្នុង​ជើង​ទី​ ២ ​នេះ​មិន​អាច​រក​បាន​ ១ ​គ្រាប់​ទៀត​បន្ថែម​ពី​លើ​ការនាំមុខ ៣-០ ដែល​ខ្លួន​រក​បាន​នៅ​ជើង​ទី​ ១ ធ្វើឲ្យ​ក្រុម​នេះ​មិន​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League បាន​ទេ​។

លោក Jurgen Klopp គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម​បាន​និយាយ​ថា​៖ «​ជាមួយ​ក្រុម​ផ្សេង​ទៀត​គឺ​ខ្ញុំ​គិត​ថា វា​មិន​អាច​មាន​លទ្ធផល​បែបនេះ​ទេ​។ ពួកគេ​គឺ​ពិតជា​ខ្លាំង​មែន ហើយ​វា​មិន​គួរ​ឲ្យ​ជឿ​សោះ​ថា យើង​មាន​រដូវកាល​មួយ​បែប​នេះ យើង​មាន​ការប្រកួត​បែប​នេះ ខណៈ​យើង​មិន​មាន​កីឡាករ​រងរបួស​បែប​នេះ​ទាល់​តែ​សោះ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ការប្រកួត​ និង​ការដាក់​ទម្រង់​លេង​នៅ​លើ​ទីលាន​នេះ​គឺ​មិន​គួរ​ឲ្យ​ជឿថា វា​បាន​ជោគជ័យ​ទាល់តែ​សោះ ធ្វើឲ្យ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​ធ្វើ​ជា​គ្រូបង្វឹក​របស់​ក្រុម​នេះ​»​។

គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​បន្ត​ថា​៖ «​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នៅ​យប់មិញ​នេះ​គឺ​ពិតជា​ពិសេស​មែនទែន​ធ្វើឲ្យ​ខ្ញុំ​ចងចាំ​ជា​រៀងរហូត​»​។

សម្រាប់​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១ ខែ​មិថុនា​ក្នុង​ទីក្រុង Madrid នៅ​ប្រទេស​អេស្ប៉ាញ​ដែល​អ្នកគាំទ្រ​ភាគច្រើន​ជឿ​ថា​ក្រុម​នេះ​នឹង​ធ្វើ​ជា​ម្ចាស់​ជើងឯក​ពាន​អឺរ៉ុប​នេះ​ជា​លើក​ទី​ ៦​។

ជ័យជម្នះ​នេះ​ធ្វើឲ្យ​គេ​នឹក​ដល់​លទ្ធផល​នៅ​ឆ្នាំ​ ២០០៥ ​ក្រោយពី​ក្រុម​នេះ​បាន​តាម​ស្មើ​វិញ​នឹង​ក្រុម AC Milan ដែល​បាន​នាំមុខ​ ៣-០ ​នៅ​តង់​ទី​ ១ ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ប្រទេស​តួកគី ហើយ​បន្ត​ឈ្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ក្រោយ​ថែម​ម៉ោង​ ១៥ ​នាទី​ ២ ​ដង​រួច​ហើយ​។

លោក Klopp បាន​បញ្ជាក់​ថា​៖ «​យើង​ជឿជាក់​លើ​ឱកាស​នេះ ហើយ​យើង​មិន​បាន​ប្រៀបធៀប​ទៅ​នឹង​លទ្ធផល​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ ឬ​អ្វី​ផ្សេង​ទៀត​ទេ ប៉ុន្តែ​យើង​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ផ្ទាល់​របស់​យើង​។ ការពិត​យើង​ត្រូវការ​ជំពូក​ថ្មីៗ​ថែម​ទៀត ហើយ​ក្មេងៗ​ទាំងនេះ​ជា​អ្នកបង្កើត​រឿង​នេះ​»​។

លទ្ធផល​បរាជ័យ​ក្នុង​ការប្រកួត​ចុងក្រោយ​នេះ​បាន​ធ្វើឲ្យ​គ្រូបង្វឹក​ក្រុម Barcelona លោក Ernesto Valverde កំពុង​ប្រឈម​នឹង​ភាពអាម៉ាស់​ដែល​មិន​បាន​លើក​ពាន​អឺរ៉ុប​នេះ​ជា​លើក​ទី​​ ២ ​នៅក្នុង​ពេល​គាត់​កំពុង​គ្រប់គ្រង​ក្រុម​នេះ​។

បរាជ័យ​របស់​ម្ចាស់​ជើងឯក​ពាន​អេស្ប៉ាញ​លើក​នេះ​ក៏​បាន​ធ្វើឲ្យ​គេ​នឹក​ដល់​កាល​ដែល​ពួកគេ​បាន​ខ្ជះខ្ជាយ​គ្រាប់​បាល់​នាំ​មុខ​ក្រុម Roma ៤-១ នៅ​ជើង​ទី​ ១ ​ជា​ហេតុ​ធ្វើឲ្យ​ពួកគេ​ចាញ់​ក្នុង​ជើង​ទី​ ២ វគ្គ​ ៨ ក្រុម​ចុងក្រោយ​កាលពី​ឆ្នាំ​មុន​ផងដែរ​។

លោក Valverde ដែល​កំពុង​ប្រឈមមុខ​នឹង​ការងារ​របស់​គាត់​ទោះជា​គាត់​បាន​ដឹកនាំ​ក្រុម​នេះ​ឲ្យ​បាន​លើក​ពាន La Liga ២ ​លើក​ហើយ​ក៏ដោយ​នោះ​បាន​និយាយ​ថា​៖ «​វា​គួរ​ឲ្យ​ឈឺចាប់​បំផុត​ដែល​រងគ្រោះ​ជារឿយៗ​បែប​នេះ​»​។

លោក​បន្ថែម​ថា​៖ «​នៅពេល​យើង​ទទួលរង​ភាពបរាជ័យ​បែប​នេះ​យើង​នឹង​មាន​អារម្មណ៍​សោកស្ដាយ និង​ភ័យខ្លាច​ក្នុង​រយៈពេល​ ២-៣ ​ថ្ងៃ​ខាង​មុខ​ទៀត​ផង​ដែរ​»៕ SN