លីវើរភូល៖ លោក Jurgen Klopp សរសើរ​ការ​ឆ្លើយ​តប​របស់​ក្រុម Liverpool នឹង​វិបត្តិ​កូន​ក្រុម​របួស ដែល​បណ្ដាល​ឱ្យ​គាត់​បាត់បង់​កីឡាករ​ជម្រើស​ដំបូង​រហូត​ដល់​ទៅ ៨ ​រូប ដោយ​ការ​រក​ជ័យ​ជម្នះ​យ៉ាង​ត្រចះត្រចង់​លើ​ក្រុម Leicester City ៣-០ អំឡុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​​លទ្ធផល​នេះ ជួយ​​ឱ្យ​ក្រុម​ជើងឯក​ចាស់​មាន ២០ ​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង Tottenham Hotspur​។

ក្រុម​របស់​លោក Klopp ​អវត្តមាន​កីឡាករ​ជាច្រើន​រូប ដូច​ជា Virgil van Dijk, Joe Gomez, Trent Alexander-Arnold, Jordan Henderson, Thiago Alcantara, Xherdan Shaqiri និង Alex Oxlade-Chamberlain ដោយសារ​មាន​របួស ខណៈ​ Mohamed Salah អត់​បាន​លេង​ ព្រោះ​វិជ្ជមាន​វីរុស​កូរ៉ូណា​។

តែ​យ៉ាង​ណា​ក្ដី ទោះ​ជួប​វិបត្តិ​នេះ ក៏​ក្រុម​ហង្ស​ក្រហម​បាន​ផ្ដួល​​ក្រុម​ Leicester ដែល​នៅ​មុន​សប្ដាហ៍​ ឈរ​នៅ​ទី១ ក្នុង​តារាង​ពិន្ទុ ដើម្បី​បង្កើត​បាន​នូវ​កំណត់ត្រា​ថ្មី​ នោះ​គឺ​ការ​លេង​អត់​ចាញ់​ដល់​ទៅ ៦៤ ​ប្រកួត​ក្នុង​លីគ​នៅ​​ទឹក​ដី Anfield​។

លោក​ Klopp បាន​សរសើរ​កូន​ក្រុម​ថា​៖ «​គួរ​ឱ្យ​ពេញ​ចិត្ត​​ណាស់ ព្រោះ​ពួក​យើង​សម​នឹង​​បាន​លទ្ធផល​នេះ ១០០ ភាគរយ​។ កូន​ក្រុម​ទាំង​អស់ លេង​បាន​យ៉ាង​ល្អ​អស្ចារ្យ​ក្នុង​ប្រកួត​ទល់​នឹង​ក្រុម​គូ​ប្រជែង​ដ៏​ខ្លាំង​។ ទម្រង់​លេង​របស់​ពួក​គេ ដូច​យប់​មិញ​នោះ ខ្ញុំ​សឹង​មិន​ជឿ​ទាល់​តែ​សោះ​ តែ​ពួក​គេ​កំពុង​ ពុះ​កញ្ជ្រោល​ខ្លាំង​ណាស់​​»​។

ជាមួយ​គ្នា​នេះ James Milner ជា​ថ្មី​ម្ដង​ទៀត ​បង្ហាញ​ពី​តម្លៃ​ក្នុង​នាម​ជា​កីឡាករ​ដ៏​មាន​ប្រយោជន៍​ម្នាក់ ពេល​អត្តពលិក​វ័យ ៣៤ ​ឆ្នាំ មក​បំពេញ​នាទី​ជា​ខ្សែ​ការពារ​ខាង​ស្ដាំ​ផង និង​ជា​ខ្សែ​បម្រើ​ផង បន្ទាប់​ពី​​​ Naby Keita មាន​របួស​នៅ​វគ្គ​ទី​២។

កីឡាករ​សញ្ជាតិ​អង់គ្លេស​បញ្ចូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត (assist) ២ ដង ដោយ​​ទាត់​ពី​ជ្រុង ខណៈ​ការ​បញ្ជូន​របស់​គេ ធ្វើ​ឱ្យ Liverpool បើក​ការ​នាំ​មុខ ដោយសារ​​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់​​ Jonny Evans​។

កីឡាករ​ចំណូល​ថ្មី Diogo Jota ដែល​កំពុង​ឡើង​ជើង​បាន​បន្ថែម​ការ​នាំ​មុខ ដោយ​ការ​តែត​បាល់​ពី​ការ​បញ្ជូន​របស់​ខ្សែ​ការពារ Andy Robertson ខណៈ ១ គ្រាប់​នេះ ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ព័រទុយហ្គាល់​វ័យ ២៣ ​ឆ្នាំ ក្លាយ​ជា​អ្នក​លេង​របស់​ក្រុម Liverpool ទី​១ ដែល​ស៊ុត​បញ្ចូល​ទី​បាន​រហូត នៅ ៤ ​ប្រកួត​ដំបូង​របស់​ក្រុម​ខ្លួន​ក្នុង​លីគ។

Roberto Firmino ដែល​តែងតែ​មាន​ពាក្យ​លេច​ឮ​មិន​ចេះ​ចប់ ក្រោយ​ការ​មក​ដល់​របស់ ​Jota ក៏​ត្រូវ​បាន​លោក​ Klopp ពោល​សរសើរ​ដែរ ក្នុង​ប្រកួត​នេះ ជាពិសេស​ការ​លោត​តែត​បាល់​បំប៉ោង​សំណាញ់​ទី​​យ៉ាង​ស្អាត​ពី​ការ​ទាត់​ជ្រុង​របស់ Milner ដែល​វា​ជា​គ្រាប់​ជ័យជម្នះ​ចុង​ក្រោយ​របស់​ក្រុម​។​

ឆ្លើយ​តប​នឹង​សំណួរ​ដែល​សួរ​​ថា តើ​លោក​នឹង​ដាក់ Jota ជំនួស Firmino ទេ ពេល​ Salah ត្រឡប់​មក​វិញ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ លោក Klopp បាន​តប​ថា​៖ ​«​អ្វី​ដែល​មនុស្ស​ជា​ច្រើន​និយាយ​ពី​គេ គឺ​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​ណាស់។ អ្នក​មិន​អាច​ទៅ​កៀក​បង្គោល​ទី​ដូច​រូប​គេ​ធ្វើ​បាន​កាល​ពី​យប់​មិញ​នេះ​ឡើយ​។ គេ​គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​យ៉ាង​ពិត​ប្រាកដ​។ គេ​លេង​បាន​យ៉ាង​អស្ចារ្យ​ណាស់​យប់​មិញ​»​៕ AFP/VN​​