ក្រុង​ឡុង​ដ៍: ក្រុម Liverpool បាន​រក្សា​ការដេញ​តាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester City យ៉ាង​ប្រកៀក ក្រោយ​ពី​គ្រាប់​បាល់​ឈ្នះ​ដ៏​ចម្លែក​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ពេល​ជួប​ក្រុម Everton ខណៈ​ដែល Arsenal បាន​បង្ហាញ​ពី​ភាព​ខ្លាំង​នៅ​តំបន់​ប្រយុទ្ធ​របស់​ខ្លួន ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ ១ នៃ​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​អាទិត្យ។

ក្រុម​មិន​ស្គាល់​ចាញ់​របស់លោក Jurgen Klopp ហាក់​ដូចជា​ត្រូវ​បាត់បង់​ពិន្ទុ​ដ៏​សំខាន់​ក្នុងការ​ប្រជែង​ឲ្យ​តាម​ទាន់​ក្រុម Man City ទៅ​ហើយ ប៉ុន្តែ ពួកគេ​បាន​រក​គ្រាប់​បាល់​ពី​ការ​ប្រព្រឹត្ត​កំហុស​ដ៏​ចម្លែក​ពី​សំណាក់​អ្នក​ចាំទី Jordan Pickford របស់​ក្រុម Everton ដើម្បី​ឈ្នះ​ក្នុង​លទ្ធផល ១-០ និង​បន្ត​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​កីឡដ្ឋាន Anfield ពេល​ជួប​គូ​ប្រជែង​ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ។

ក្រុម Arsenal របស់លោក Unai Emery បច្ចុប្បន្ន​មិន​ស្គាល់​ចាញ់​សោះ​ចំនួន ១៩ ប្រកួត ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ ក្រោយ​ពី​បាន​យក​ឈ្នះ​ដ៏​រំភើប​ក្នុង​លទ្ធផល ៤-២ លើ​ក្រុម Tottenham នា​កីឡដ្ឋាន Emirates ដើម្បី​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ ៤ ពី​លើ គូ​ប្រជែង​ក្នុង​តំបន់​តែ​មួយ​របស់​ខ្លួន Spurs ដោយសារ​តែ​មាន​គ្រាប់​បាល់​ច្រើន​ជាង។

Chelsea បាន​ស្តារ​មុខមាត់​ពី​ការ​ចាញ់​ទាំង​ខកចិត្ត​ជា​លើក​ទី ១ របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ក្រោម​ស្នាដៃ​ក្រុម Spurs កាល​ពី​សប្តាហ៍​មុន តាមរយៈ​ការ​ផ្តួល​ក្រុម Fulham ២-០ ដើម្បី​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣។

Liverpool បានចាប់ផ្តើមការ​ប្រកួត​ជាមួយនឹង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside តែ ១ ដោយ​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដណ្តើម​យក​មុខ​មាត់​មក​វិញ ក្រោយ​ពី​ការ​ចាញ់​កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​មុន ក្រោម​ស្នាដៃ​ក្រុម Paris Saint-Germain បាន​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​របស់​ពួកគេ​ក្នុង Champions League ស្ថិត​ក្នុង​ភាព​មិន​ច្បាស់។

ក្រុម​ទាំង ២ សុទ្ធសឹង​បង្កើតបាន​ឱកាសរៀងៗ​ខ្លួន​ក្នុង​ការ​ប្រកួត​ដ៏​រំភើប​មួយ ប៉ុន្តែ ការ​ប្រកួត​នេះ ហាក់​ដូចជា​ត្រូវ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ទៅ​ហើយ ស្រប​ពេល​នៅ​សល់​រយៈពេល​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ទៀត​ប៉ុណ្ណោះ។ ប៉ុន្តែ អ្នក​ចាំទី​អង់គ្លេស Pickford បាន​ធ្វើ​ឲ្យ​មាន​កំហុស ដែល​នាំ​ឲ្យ​មាន​គ្រាប់​បាល់​កាត់​សេចក្តី​តែ​ម្តង៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ

ក្របខ័ណ្ឌ​អង់គ្លេស Premier League

Bournemouth v Huddersfield - 2:45 ទៀបភ្លឺ

Brighton v Crystal Palace - 2:45 ទៀបភ្លឺ

West Ham v Cardiff - 2:45 ទៀបភ្លឺ

Watford v Man City - 3 ទៀបភ្លឺ

ក្របខ័ណ្ឌ​បារាំង Ligue 1

Amiens v Monaco -1 អាធ្រាត្រ

Nice v Angers - 1 អាធ្រាត្រ

Montpellier v Lille - 3 ទៀបភ្លឺ