ក្រុងឡុងដ៍: អ្នកចាំទី​អន្តរជាតិ​ប្រេ​ស៊ី​ល Alisson ត្រូវបាន​រំពឹងទុក​ថា នឹង​ចុះ​ហត្ថលេខា​ឲ្យ​ក្លិប Liverpool ក្នុង​កុងត្រា​រយៈពេល ៥ ឆ្នាំ ក្នុង​តម្លៃ​ខ្លួន ៧៥ លាន​អឺរ៉ូ (ស្មើ​នឹង ៨៧,៣ លាន​ដុល្លារ​អាមេរិក) ដែល​ជា​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​សម្រាប់​អ្នក​ចាំទី​ម្នាក់។ នេះ​បើ​យោង​ទៅ​តាម​បណ្តាញ​សារ​ព័ត៌មាន​នានា​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ។

អ្នកចាំទី​វ័យ ២៥ ឆ្នាំ​រូបនេះ ដែល​បច្ចុប្បន្ន​លេង​ឲ្យ​ក្លិប Roma ក្នុងប្រទេស​អ៊ីតាលី នឹង​កាត់​បន្ថយ​ថ្ងៃ​វិស្សមកាល​របស់​ខ្លួន ដើម្បី​ទទួល​ការ​ត្រួត​ពិនិត្យ​សុខភាព នៅ​ទីក្រុង Merseyside ក្រោយ​ពី​ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ពិភាក្សា​ជាមួយ​នឹង​ក្លិប Liverpool។ កាសែត Liverpool Echo បាន​អះអាង​ថា៖ «ការ​ប្រកាស​ជា​ផ្លូវការ​មួយ គួរ​តែ​ធ្វើ​ឡើង​ក្នុង​រយៈពេល ២៤ ម៉ោង ទៅ ៤៨ ម៉ោង​ទៀត»។

ការផ្ទេរ​នេះ​នឹងធ្វើ​ឲ្យ​ក្លិប​យក្ស​មាន​មូលដ្ឋាន​នៅ Anfield មួយ​នេះ ចំណាយ​ប្រាក់ ៧៥ លាន​អឺរ៉ូ ដើម្បី​បំបែក​កំណត់​ត្រា​ចំនួន​ទឹក​ប្រាក់ ៤០ លាន​អឺរ៉ូ ដែល​ក្លិប Manchester City បាន​ចំណាយ​ប្រាក់​ទិញ​មិត្ត​រួម​ជាតិ​របស់ Alisson គឺ Ederson ពី​ក្លិប Manchester City កាល​ពី​រដូវ​ក្តៅ​មុន។ ក្លិប Liverpool សង្ឃឹម​ថា នឹង​ចុះ​ហត្ថលេខា​ជាមួយ​នឹង​អ្នក​ចាំទី​ថ្មី​ម្នាក់ ដើម្បី​ជំនួស​កន្លែង​របស់ Loris Karius ក្រោយ​ពី​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ខក​ចិត្ត​របស់​គេ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ៕