អង់គ្លេសៈ ក្រុម​ហង្ស​ក្រហម Liverpool បាន​វិល​ទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ជាថ្មី​ម្តង​ទៀត បន្ទាប់ពី​បាន​ឈ្នះ​ក្លិប Cardiff ២-០ ស្របពេល​ក្រុម Man Utd និង Arsenal កាន់តែ​មាន​ឱកាស​តិចតួច ក្នុង​ការប្រជែង​ឈរ​នៅ​តំបន់ Top4 ដើម្បី​អាច​បាន​លេង​នៅ​ក្នុង​វគ្គ​ជម្រុះ Champions League រដូវកាល​ក្រោយ​បន្ទាប់ពី​ក្រុម​ទាំង​ ២ ​នេះ​បាន​ចាញ់​ក្រុម Everton និង Crystal Palace គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​អាទិត្យ​។

ក្រុម Man United បាន​ចាញ់​ក្រុម Everton ៤-០ ធ្វើឲ្យ​ក្រុម​នេះ​បន្ត​ទទួលរង​ភាពបរាជ័យ​ ៦ ​លើក​ជា​បន្តបន្ទាប់​នៅក្នុង​ការប្រកួត​ចំនួន​ ៨ ​លើក​ចុងក្រោយ​នេះ​។

ចំណែក​ក្រុម Arsenal ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ ៤ ​ដោយ​នាំ​មុខ​ក្រុម Man Utd តែ​ ២ ​ពិន្ទុ​ប៉ុណ្ណោះ ក្រោយពេល​ពួកគេ​បាន​ចាញ់ Crystal Palace ៣-២ នៅ​កីឡដ្ឋាន​អេមីរ៉ាត Emirates របស់​ខ្លួន​គឺ​វា​ដូច​គ្នា​ទៅនឹង Man City អ៊ីចឹង​ដែរ ដែល​ធ្លាប់​ចាញ់​ក្រុម Crystal Palace ៣-២ នៅក្នុង​ទឹកដី​ខ្លួនឯង​ក៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដូច​គ្នា​ផង​ដែរ​។

ចំណែក​ក្រុម Liverpool មិន​បាន​នាំមុខ​ក្រុម Man City ដាច់​នោះទេ​ដោយ​នាំ​មុខតែ​ ២ ​ពិន្ទុ​ប៉ុណ្ណោះ ខណៈ Man City នៅ​សល់​ ១ ​ប្រកួត​ទៀត​ក្នុង​ដៃ​ដែល​អាច​នឹង​វិល​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​។ ក្រុម Liverpool របស់​លោក Jurgen Klopp ឥឡូវនេះ​បាន​ឈ្នះ​ ៩ ​ប្រកួត​ចុងក្រោយ​នៅក្នុង​ការប្រកួត​ទាំងអស់ ហើយ​ក្រុម​របស់​លោក​ក៏​គ្រោង​នឹង​ប្រកួត​ជាមួយ​ក្រុម Barcelona ក្នុង​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ផង​ដែរ​។

លោក Klopp ដែល​បាន​និយាយ​ពី​ស្ថានភាព​ស្ងួត​នៅ​ទីលាន​ប្រកួត​របស់​ក្រុម Cardiff ក្រោម​សីតុណ្ហភាព​ក្ដៅ​នោះ​បាន​និយាយ​ថា​៖ «​ទីលាន​នេះ​ពិតជា​ធំ​មែន ហើយ​យើង​បាន​និយាយ​គ្នា​ច្រើន​ពី​ការប្រកួត​នេះ​ថា វា​ពិតជា​ពិសេស​ណាស់ ហើយ​ស្ថានភាព​ក៏ពិសេស​សម្រាប់​គូប្រជែង​ផង​ដែរ​»​។

លោក​បាន​និយាយ​បន្ថែម​ថា​៖ «​វា​មិនមែន​ជា​ការប្រកួត​មួយ​ដោយ​គ្រាន់តែ​រត់​លេង​នោះទេ​ ប៉ុន្តែ​វា​គឺជា​ការប្រកួត​ប្រកប​ដោយ​ឆន្ទៈ​ដែល​ចង់​ឈ្នះ​រៀងៗ​ខ្លួន​»​។

ជុំវិញ​លទ្ធផល​នៃ​ការប្រកួត​ជាមួយ​ក្រុម Cardiff កាលពី​យប់​ថ្ងៃ​អាទិត្យ​នោះ កីឡាករ Wijnaldum រក​បាន​ ១ ​គ្រាប់​មុន​គេ​នៅ​នាទី​ទី​ ៥៦ បន្ទាប់មក​នៅ​នាទី​ទី​ ៨១ ទើប Milner រក​បាន​ ១ ​គ្រាប់​ទៀត​ធ្វើឲ្យ​ក្រុម Liverpool ឈ្នះ​គូប្រជែង​ខ្លួន​ក្នុង​លទ្ធផល ២-០​។

ការ​ស្ថិត​នៅ​លើ​កំពូល​តារាង​នៃ​ក្រុម​របស់​លោក Klopp ក្រោយ​ឈ្នះ​ក្រុម Cardiff នេះ​នៅ​មិន​ទាន់​កក់ក្ដៅ​នៅ​ឡើយ​ទេ ដោយសារ​ពួកគេ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​នៃ​ការប្រកួត​រវាង​ក្រុម Man Utd និង​ក្រុម Man City នៅ​យប់​ថ្ងៃ​ពុធ​ស្អែក​នេះ​ជា​បន្ត​ទៀត​។

ចំណែក​ក្រុម Everton វិញ​បាន​អបអរ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​តាំងពី​ឆ្នាំ​ ១៩៨៤ ក្រោយពី​ឈ្នះ Man Utd ៤-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ​ ៧ ​នៃ​ក្របខ័ណ្ឌ Premier League​។

ជុំវិញ​បរាជ័យ​របស់​ក្រុម​បិសាច​ក្រហម​នេះ​លោក Solskjaer គ្រូបង្វឹក​របស់​ក្រុម​នេះ​បាន​និយាយ​ថា​៖ «​គ្រាន់តែ​ផ្លុំ​កញ្ចែ​ចាប់ផ្ដើម​ការប្រកួត​ភ្លាម​គឺ​យើង​មាន​បញ្ហា​បាត់​ទៅ​ហើយ ហើយ​ខ្ញុំ​ក៏​សុំ​ការអភ័យទោស​ពី​អ្នក​គាំទ្រ​ដែរ​»៕ SN