ឡុងដ៍៖ ក្រុម​ជើងឯក​ចាស់ Liverpool និង​ក្រុម Leicester City នៅ​តែ​បន្ត​នូវ​ការ​ចាប់​ផ្ដើម​ជាមួយ​នឹង​ជ័យជម្នះ​​ទៀត កាល​ពី​ថ្ងៃ​អាទិត្យ ​សម្រាប់​ការ​ប្រកួត​នៃ​ក្របខ័ណ្ឌ Premier League រដូវកាល​ថ្មី ២០២០-២០២១ ក្រោយ​ទាំង ២ ​ក្រុម ដណ្ដើម​បាន ៣ ​ពិន្ទុ ដូច​គ្នា​នៅ​សប្ដាហ៍​ទី២ នេះ។

ខ្សែ​ប្រយុទ្ធ Sadio Mane ស៊ុត​បញ្ចូល​ទី ២ គ្រាប់​ម្នាក់​ឯង ក្រោយ​ការ​ប្រកួត​នៅ​កីឡដ្ឋាន Stamford Bridge ចាប់​ផ្ដើម​នៅ​វគ្គ​ទី​២ តែ​ប៉ុន្មាន​នាទី ជួយ​ឱ្យ​ Liverpool មាន​ជ័យជម្នះ ២-០ លើ​ក្រុម​ម្ចាស់​ផ្ទះ Chelsea ដែល​លេង​ ១ តង់​ពេញ​ជាមួយ​គ្នា​តែ ១០ ​នាក់ ក្រោយ​ខ្សែ​ការពារ Andreas Christensen ត្រូវ​បណ្ដេញ​ចេញ​នៅ​ចុង​វគ្គ​ទី​១​។​

អ្វី​ដែល​សំខាន់​គ្រាប់​ទី​២ របស់​ Mane នៅ​នាទីទី​៥៤ កើត​ឡើង​ដោយសារ​ការ​បញ្ជូន​បាល់​ខុស​បច្ចេកទេស​របស់​អ្នក​ចាំ​ទី Kepa Arrizabalaga របស់​ Chelsea ដោយ​កំហុស​នេះ ​បង្កើត​​នូវ​ពាក្យ​ចចាម​អារ៉ាម​ថា ក្លិប​នៅ​ក្រុង​ឡុងដ៍​ នឹង​បង្កើន​ល្បឿន​ទិញ​យក​អ្នក​ឈរ​យាម​បង្គោល​ទី​ដៃ​ទី១ របស់​ក្រុម​នៅ​បារាំង Rennes គឺ​ Edouard Mendy​។

ក្រោយ​កូន​ក្រុម​ខ្លួន​ធ្វើ​បាន​យ៉ាង​ល្អ អ្នក​ចាត់​ការ​ក្រុម Liverpool លោក Juergen Klopp និយាយ​ថា​៖ «​ក្រុម​ទាំង​មូល​លេង​បាន​ល្អ​អាច​ទទួល​យក​បាន​។ គ្រប់​គ្នា​​ប្រឹងប្រែង​យ៉ាង​ខ្លាំង​។ យើង​ធ្វើ​បាន ហើយ​ស័ក្ដិសម​ទទួល​បាន ៣ ពិន្ទុ។ ខ្ញុំ​រីករាយ​មែន​ទែន​ចំពោះ​លទ្ធផល​នេះ​»​។

ចំណែក​គ្រូបង្វឹក​របស់​ក្រុម Chelsea លោក Frank Lampard ​និយាយ​ថា​៖ «​ខ្ញុំ​រំពឹង​ថា ពួក​យើង​អាច​ប្រកួត​ប្រជែង​ជាមួយ​​ Liverpool​។ យើង​បាន​ប្រកួត​ប្រជែង​ជាមួយ​ពួក​គេ​នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់ កាល​ពី​ឆ្នាំ​មុន​។ តែ​ខ្ញុំ​គិត​ថា​ អ្នក​មិន​អាច​ធ្វើ​ការ​កាត់​ក្ដី​ចំពោះ​ការ​ប្រកួត​ ដែល​លេង​ ១ តង់​ពេញ ត្រឹម​គ្នា ១០ ​នាក់​នោះ​ឡើយ​»​។

លោក Lampard បន្ត​ទៀត​ថា​៖ «​សម្រាប់​ Kepa ច្បាស់​ណាស់​ពិត​ជា​មាន​កំហុស​​។ ជា​កំហុស​ដែល​ធ្វើ​ឱ្យ​ពួក​យើង​ខាតបង់​ ព្រោះ​បើ​មិន​មាន​គ្រាប់​បាល់​ហ្នឹង​ទេ​ ការ​ប្រកួត​អាច​នឹង​ផ្លាស់​ប្ដូរ​។ យ៉ាង​ណា ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​ការ​គ្រប់គ្រង​ផ្លូវ​អារម្មណ៍ និង​ការ​រួម​សហការ​គ្នា​របស់​កូន​ក្រុម​ ហើយ​ខ្ញុំ​ក៏​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​កីឡាករ ១ ចំនួន​ផង​ដែរ​។ មាន​កិច្ចការ​ច្រើន​ទៀត ដែល​កំពុង​រង់ចាំ​ពួក​យើង​»​។

ក្រុម​ម្ចាស់​ផ្ទះ​ក៏​ទទួល​​បាន​បាល់​ពិន័យ ១១ ​ម៉ែត្រ​ដែរ ក្រោយ Thiago Alcantara ​កីឡាករ​ចំណូល​ថ្មី​របស់​ Liverpool ប្រព្រឹត្ត​កំហុស​ចំពោះ Timo Werner ​ខ្សែ​ប្រយុទ្ធ​ថ្មី​របស់​លោក Lampard តែ​គួរ​ឱ្យស្ដាយ​ ការ​ស៊ុត​របស់កីឡាករ Jorginho ត្រូវ​​រារាំង​ដោយ​ អ្នក​ចាំ​ទី​ Alisson Becker​។

ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​​​កីឡាករ Christensen វិញ ដំបូង​ឡើយ​អាជ្ញា​កណ្ដាល​លោក Paul Tierney បាន​ផ្ដល់​កាត​លឿង​ទេ តែ​ក្រោយ​ពិនិត្យ​​មើល​វីដេអូ​ជំនួយ​អាជ្ញា​កណ្ដាល (VAR) រួច អាជ្ញា​កណ្ដាល​រូប​នោះ ក៏​ផ្លាស់​ចិត្ត​លើក​កាត​ក្រហម​តែ​ម្ដង​។

ក្រុម​ Leicester ឡើង​ទៅ​ឈរ​ទី​កំពូល​តារាង​លើ​​ក្រុម Liverpool, Arsenal និង Everton ជាមួយ​នឹង​ការ​មាន ៦ ​ពិន្ទុ​ដូច​គ្នា ក្រោយ​ក្រុម​របស់​លោក​ Brendan Rodgers អាច​យក​ឈ្នះ​ក្រុម Burnley នៅ​ទឹក​ដី​ខ្លួន​ឯង ៤-២ ខណៈ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​ការ​ប្រកួត ដែល​ចប់​ទៅ​ទាំង ៨ គូ​ សម្រាប់​ក្របខ័ណ្ឌ​ Premier League នា​សប្ដាហ៍ទី ២ នេះ មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក​​ច្រើន​រហូត​ដល់​ទៅ ៣៩ ​គ្រាប់​៕ AFP/VN