ក្រុង​មីឡាន៖ កីឡាករ​បែលហ្ស៊ិក​​ Romelu Lukaku បាន​ជួយ​ឲ្យ​ក្រុម​ Inter Milan ត្រឡប់​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​​ក្របខ័ណ្ឌ Serie A ជា​ថ្មី​ទៀត​ ក្រោយ​ពី​រូប​គេ​រក​បាន ​១ ​គ្រាប់​ចុង​ក្រោយ ​ក្នុង​ជ័យ​ជម្នះ ​​២-០ ​ទៅ​លើ​ក្រុម AC Milan កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​​បន្ត​ការ​ចាប់​ផ្ដើម​ល្អ​ដ៏​អស្ចារ្យ​នៅ​រដូវកាល​នេះ​​។​

កីឡាករ​ ​Lukaku ​និង​ខ្សែ​ប្រយុទ្ធ​ Marcelo Brozovic រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ដើម្បី​ជួយ​ឲ្យ​ក្រុម​ Inter ឈ្នះ​បាន ​៤ ​ប្រកួត​ជាប់ៗ​គ្នា ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន ​២ ​ពិន្ទុ ​នាំ​មុខ​ម្ចាស់​ជើង​ឯក​អ៊ីតាលី​ Juventus​ ក្រោយ​ពី​ម្ចាស់​ជើងឯក​មួយ​នេះ​បាន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់ ​១ ​គ្រាប់ ​ក្នុង​ការ​ប្រកួត​​ដែល​ពួក​គេ​បាន​​ឈ្នះ​ក្រុម Verona ២-១ ក្នុង​នោះ ​១ ​គ្រាប់ ​រក​បាន​ដោយ​កីឡាករ​ Aaron Ramsey និង ​១ ​​គ្រាប់​ទៀត ​ជា​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​របស់​កីឡាករ​ឆ្នើម​ Cristiano Ronaldo។​​​

ក្រុម​ Inter ដែល​ដឹកនាំ​ដោយ​​លោក Antonio Conte កំពុង​ស្វែងរក​ការ​បន្ថែម​ល្បឿន​ថែម​ទៀត​ក្រោយ​ពី​ពួក​គេ​​បាន​ប្រកួត​ស្មើ​គ្នា​នឹង​ក្រុម Slavia Prague នៃ​ប្រទេស ​ឆែក​ ក្នុង​លទ្ធផល​ ១-១ សម្រាប់​ក្របខ័ណ្ឌ Champions League។​​

ខ្សែ​ប្រយុទ្ធ Lukaku បាន​និយាយ​ពាក់ព័ន្ធ​នឹង​ការ​ដឹកនាំ​របស់​លោក Conte ថា៖ «​ក្នុង​វ័យ ​២៦ ​ឆ្នាំ​នេះ ខ្ញុំ​ត្រូវ​ការ ​និង​ចង់​បាន​គ្រូ​បង្វឹក​ម្នាក់​បែប​នេះ ​ព្រោះ​គាត់​តែងតែ​និយាយ​​លើក​ចិត្ត​ខ្ញុំ​រៀង​រាល់​ថ្ងៃ​»។​

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​មាន​ទំនាក់​ទំនង​ល្អ​បំផុត​ជា​មួយ​លោក Conte ហើយ​គាត់​ពិត​ជា​គ្រូ​បង្វឹក​ល្អ​មួយ​រូប​ព្រោះ​គាត់ ​គឺ​ជា​អ្នក​ជួយ​បណ្ដុះបណ្ដាល​គ្រប់​កីឡាករ​ឲ្យ​មាន​ការ​រីក​ចម្រើន​។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​នៅ​ទី​នេះ​ និង​បាន​ពាក់​អាវ​របស់​ក្រុម​​នេះ​»។​​

ចំណែក​លោក Conte វិញ​បាន​​និយាយ​ថា៖ «​យើង​ទើប​ត្រឡប់​មក​​​ពី​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League ដែល​ធ្វើ​ឲ្យ​យើង​មាន​រសជាតិ​ជូរ​ចត់​បន្តិច​ ប៉ុន្តែ​វា​ជា​ការ​ជំរុញ​ទឹក​​ចិត្ត​យើង​​ថែម​ទៀត​ក្នុង​ការ​ប្រកួត​​ទទួល​បាន​លទ្ធផល​ល្អ​​​នេះ​»។​​​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា៖ «​វា​ជា​ជ័យ​ជម្នះ​សមរម្យ​មួយ​ដែល​ធ្វើ​ឲ្យ​​ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​​ប្រកួត​​នេះ»។​​​​

ស្រប​ពេល​នេះ​ដែរ ក្រុម Juventus បាន​ទទួល​ជ័យ​ជម្នះ​ទៅ​លើ​ក្រុម Verona ជាមួយ​​លទ្ធផល ២-១ ដែល​ក្រុម Verona បាន​នាំ​មុខ ​១ ​គ្រាប់​មុន ​ក្នុង​នាទី​ទី ​២០ ​ដោយ​កីឡាករ Veloso ហើយ​ក្នុង​នាទី​ទី​ ៣១​ ក្រុម​ Juventus តាម​ស្មើ​វិញ​​ដោយ​កីឡាករ​ Ramsey មុន​ពេល​កីឡាករ Ronaldo បន្ថែម​គ្រាប់​បាល់​ពិន័យ ​១ ​គ្រាប់​ទៀត ​មុន​ពេល​បញ្ចប់​ការ​ប្រកួត។​

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Maurizo Sarri វិល​ទៅ​រក​ជ័យ​ជម្នះ​វិញ​ក្រោយ​ពី​បាន​នៅ​ទ្រឹង​នៅ​ក្នុង​​ក្របខ័ណ្ឌ Serri A កាល​ពី​សប្ដាហ៍​មុន និង​ប្រកួត​ស្មើ​គ្មា​ ២-២ ជាមួយ​ក្រុម Atletico Madrid សម្រាប់​ក្របខ័ណ្ឌ Champions League កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​មុន​នេះ​។​​​

ខ្សែ​ប្រយុទ្ធ​ឆ្នើម Ronaldo បាន​និយាយ​ជុំវិញ​លទ្ធផល​ថ្មីៗ​នេះ​ថា៖ «​ក្រោយ​ពី​បាន​ចូលរួម​ប្រកួត​ Champions League ហើយ ក្រុម​របស់​យើង​មាន​ការ​ហត់​នឿយ​បន្តិច​បន្ដួច​ដែរ​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​យើង​បាន​ឈ្នះ​ ​ដែល​ធ្វើ​ឲ្យ​យើង​ទទួល​បាន ​៣ ​ពិន្ទុ​ទៀត ​ដើម្បី​បន្ត​ទៅ​មុខ​ទៀត​ក្នុង​ក្របខ័ណ្ឌ​នេះ​​»៕ AFP/SN