ក្រុង​លីយ៉ុង៖ ក្លិប​​ Lyon បាន​ប្រកាស​ពី​ថ្ងៃ​ចន្ទ​ថា ក្លិប​លេង​នៅ​ក្របខ័ណ្ឌ Ligue 1 នេះ​​បាន​​សម្រេច​​ចិត្ត​​បណ្ដេញ​គ្រូ​បង្វឹក​​សញ្ជាតិ​ប្រេស៊ីល​របស់​ខ្លួន ​គឺ​លោក Sylvinho​ ដែល​ទើប​​ដឹកនាំ​បាន ​១១ ​ប្រកួត ​នៅ​រដូវ​កាល​នេះ ​ក្រោយ​ពី​រៀបចំ​​ទម្រង់​លេង​មិន​សូវ​ល្អ​។​​

លោក Sylvinho ​បាន​ចូល​ដឹកនាំ​នៅ​កីឡដ្ឋាន​ Groupama កាល​ពី​ខែ​ឧសភា ​ដើម្បី​ជំនួស​លោក Bruno Genesio។​

ក្លិប​នេះ​បាន​និយាយ​ថា៖ «​ក្លិប Lyon បាន​សម្រេច​​អនុវត្ត​នីតិវិធី​ដែល​អាច​ឈាន​ដល់​ការ​បញ្ចប់​កុងត្រា​របស់​លោក Sylvio Mendes Campo Junior (Sylvinho)»។​

ទោះ​ជា​បាន​បាត់បង់​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​​កីឡាករ​ Ferland Mendy, Tanguy Ndombele និង​កីឡាករ​ Nabil Fekir នៅ​ពេល​បិទ​បញ្ចប់​​រដូវកាល​មុន​​ក៏​ដោយ​ ប៉ុន្តែ​ លោក Sylvinho បាន​បង្កើត​ក្ដី​សុបិន​មួយ​នៅ​ពេល​​ក្លិប Lyon បាន​ឈ្នះ​ក្រុម Monaco ៣-០ និង​បាន​​បន្ត​ឈ្នះ​ក្រុម Angers ៦-០ ក្នុង​ការ​ប្រកួត ​២ ​លើក​ដំបូង​របស់​ពួក​គេ​។​ ​

ប៉ុន្តែ​ពួក​គេ​មិន​បាន​ឈ្នះ​ការ​ប្រកួត​លីក​ណា​មួយ​ទេ​​តាំង​ពី​នោះ​មក​ និង​​បាន​របូត​ពិន្ទុ​រហូត​ដល់​នាំ​មុខ​​ក្រុម​ឈរ​នៅ​បាត​តារាង​តែ ​១ ​ពិន្ទុ​ប៉ុណ្ណោះ​។​​

ការ​បណ្ដេញ​ចេញ​ដ៏​ភ្ញាក់​ផ្អើល​ចំពោះ​​លោក Sylvinho នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​ប្រកួត​ស្មើ​គ្នា​ជា​មួយ​ក្រុម Zenit Saint Petersburg និង​បាន​ឈ្នះ​ក្រុម RB Leipzig ២-០ កាល​ពី​សប្ដាហ៍​មុន​ ​បើ​ទោះ​ជា​ក្រុម Lyon បាន​ទទួល ​៤ ​ពិន្ទុ ​ពី​ការ​ប្រកួត ​២ ​លើក ​នៃ​ក្របខ័ណ្ឌ​ Champions League ក៏​ដោយ​។​

លោក Juninho នាយក​កីឡា​នៅ​ក្លិប Lyon បាន​និយាយ​ថា នៅ​ពេល​និយាយ​ពី​ការ​បណ្ដេញ​បុគ្គលិក​ចេញ​ពី​​ក្លិប​ គឺ​ថា «​គ្រូ​បង្វឹក​​ គឺ​ជា​ជម្រើស​ទី ​១ ព្រោះ​វា​ជា​ច្បាប់​បាល់​ទាត់​»​។​

ក្លិប​ដ៏​ល្បីល្បាញ​​នៅ​ប្រទេស​ ​បារាំង ​មួយ​នេះ​បាន​បញ្ជាក់​ថា​ លោក Gerald Baticle ​ជំនួយ​ការ​​គ្រូបង្វឹក​ក្រោម​ការ​ដឹកនាំ​របស់​លោក Genesio នោះ​បាន​​បន្ត​ដឹកនាំ​ការ​ហ្វឹកហាត់​​ពី​ថ្ងៃ​​អង្គារ​តាម​​ការ​​ចង្អុល​បង្ហាញ​ពី​លោក Juninho៕ AFP/SN