ក្រុងឡុងដ៍៖ កីឡាករ Gabriel Jesus រកបាន ២ គ្រាប់តែម្នាក់ឯង ខណៈក្រុម Man City បានបង្ហាញពីការមិនបោះបង់ការលើកពានរង្វាន់ Premier League ជាមួយជ័យជម្នះ ៤-១ ទៅលើក្រុម Burnley ដើម្បីបន្ថយគម្លាតរហូតដល់ ៨ ពិន្ទុ ជាមួយក្រុម Liverpool ដែលកំពុងឈរនៅលើកំពូលតារាង។
ក្រុម Man City របស់លោក Pep Guardiola បានប្រឹងប្រែងប្រកួតដើម្បីរក្សាភាពជាម្ចាស់ជើងឯកពានរង្វាន់នេះជាច្រើនរដូវកាលមកនេះ ប៉ុន្តែវាហាក់ដូចជារាងយ៉ាប់បន្តិចហើយក្នុងដំណើរទៅកាន់កីឡដ្ឋាន Turf Moor។
កីឡាករ Jesus បានព្យាយាមបង្កើតឱកាសជាច្រើន ដើម្បីរះឡើងនៅក្នុងពេលអវត្តមានរបស់កីឡាករ Sergio Aguero ដោយរកបាន ២ គ្រាប់ដ៏អស្ចារ្យនៅតង់ទី ១ មុនពេលការស៊ុតបាល់ពីចម្ងាយរបស់កីឡាករ Rodrigo និង Riyad Mahrez បានបន្ថែមម្នាក់ ១ គ្រាប់ ដើម្បីជួយឲ្យក្រុម Man City បានវ៉ាក្រុម Leicester ឡើងទៅឈរនៅលេខ ២ ជាបណ្ដោះអាសន្នសិន។
លោក Guardiola បាននិយាយពីសារៈសំខាន់របស់កីឡាករ Jesus ជាមួយការរំពឹងថា កីឡាករ Aguero ក៏នឹងអវត្តមានក្នុងជំនួបរវាងក្រុម Man City និងMan Utd នៅថ្ងៃសៅរ៍ ដែរថា៖ «ខ្សែប្រយុទ្ធទាំង ២ នាក់នេះ គឺតែងតែរកបានគ្រាប់បាល់ ដូច្នេះហើយយើងត្រូវការពួកគេ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ការប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់គាត់តែងតែមាន ប៉ុន្តែខ្សែប្រយុទ្ធដូចគាត់ និង Aguero គឺលេងដើម្បីរកគ្រាប់បាល់ដែលជារឿងសំខាន់»។
ក្រោយពីក្រុម Man City បាននាំមុខ ៤ គ្រាប់ ហើយកីឡាករ Robbie Brady បានទម្លាក់ ១ គ្រាប់វិញនៅចុងម៉ោងប្រកួត សម្រាប់ក្រុមម្ចាស់ផ្ទះ Burnley ដែលបន្តឈរនៅលេខ ១១ នៃក្របខ័ណ្ឌ Premier League ជាដដែល។
គ្រូបង្វឹកក្រុម Burnley លោក Sean Dyche បាននិយាយថា៖ «ក្រុម Man City គឺជាក្រុមកំពូលមួយ ហើយពួកគេបានបង្ហាញទម្រង់លេងល្អនៅយប់នេះ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «យើងបានដាក់សម្ពាធលើពួកគេយ៉ាងខ្លាំងនៅតង់ទី ១ ប៉ុន្តែពួកគេបានបង្ហាញទម្រង់លេងអស្ចារ្យនៅក្នុងតង់ទី ២ ហើយយើងមិនអាចតាមទាន់ពួកគេបានឡើយ»។
ក្រុមភ្ញៀវមានឱកាសគ្រប់គ្រងបាល់បានច្រើនតាំងពីដើមទីរហូតដល់ចុងបញ្ចប់នៃការប្រកួតដោយទទួលបានជោគជ័យតែម្ដង។
លោក Guardiola បាននិយាយថា៖ «យើងបានលេងក្នុងការប្រកួតដ៏ល្អមួយ ព្រោះយើងគ្រប់គ្រងបានច្រើន ហើយយើងមិនធ្វើឲ្យរបូតគ្រាប់បាល់ច្រើននោះទេ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «កម្រិតលេងរបស់យើង គឺល្អណាស់ក្នុងការប្រកួតភាគច្រើន។ ខ្ញុំមិនមានអារម្មណ៍ថា យើងលេងអន់នោះទេក្នុងការប្រកួតមួយចំនួន។ ជាទូទៅខ្ញុំហួសពីពេញចិត្តចំពោះកម្រិតលេងនៃក្រុមរបស់ខ្ញុំ»។
ខ្សែបម្រើអេស្ប៉ាញ Rodrigo បាននិយាយថា ក្រុម Man City នឹងប្រឹងបន្តទៀត ដើម្បីឲ្យពួកគេតាមទាន់ និងទម្លាក់ក្រុម Liverpool ដើម្បីបន្តគ្រងតំណែងម្ចាស់ជើងឯកនេះ។
កីឡាកររូបនេះបានប្រាប់ Amazon ថា៖ «រហូតដល់ចុងបញ្ចប់ទើបយើងហ៊ាននិយាយថា យើងនឹងមិនបោះបង់អ្វីមួយទេ។ យើងនឹងបន្តប្រយុទ្ធដល់ទីបញ្ចប់»៕ AFP/SN