ក្រុងវីហ្គាន: ការ​ប្រជែង​របស់​ក្រុម Manchester City ក្នុងការ​ឈ្នះ​ពាន ៤ ជា​ប្រវត្តិសាស្ត្រ នឹង​ត្រូវ​បន្ត​នៅ​លើ​ទឹកដី​ក្រុម Wigan សម្រាប់​ការ​ប្រកួត​ពាន FA Cup ជុំ​ទី ៥ នៅ​រាត្រី​នេះ ខណៈ​ដែល​ការ​សង​សឹក​ចំពោះ​ការ​បរាជ័យ​ដ៏​មិន​នឹក​ស្មាន​ដល់​ក្រោម​ស្នាដៃ​ក្រុម​ស្ថិត​ក្នុង​ក្របខ័ណ្ឌ League One មួយ​នេះ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ ២០១៣ ក៏​ស្ថិត​ក្នុង​ចិត្ត​របស់​ពួកគេ​ផង​ដែរ។

ក្រុម​របស់​លោក Pep Guardiola បាន​លុបចោល​នូវ​ការ​លើក​ឡើង​ផ្សេងៗ​ថា បញ្ហា​របួស និង​បញ្ហា​អស់​កម្លាំង​អាច​នឹង​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​ពួកគេ​ក្នុងការ​ប្រជែង​ដណ្តើម​ពាន​ក្របខ័ណ្ឌ Premier League, Champions League, League Cup និង​ពាន FA Cup តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី ៩ គ្រាប់ ក្នុង​ការ​ប្រកួត ២ លើក​ចុង​ក្រោយ​របស់​ពួកគេ។

ការដណ្តើម​បាន​ជ័យជម្នះ ៥-១ លើ​ក្រុម Leicester កាល​ពី​ចុង​សប្តាហ៍​មុន បាន​ធ្វើ​ឲ្យ​ក្រុម Man City បង្កើន​ការ​នាំ​មុខ​របស់​ពួកគេ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League រហូត​ដល់​ទៅ ១៦ ពិន្ទុ ហើយ​ជ័យជម្នះ​នោះ​បាន​កើត​ឡើង នៅ​មុន​ពេល​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Basel ៤-០ កាល​ពី​ថ្ងៃ​អង្គារ ក្នុងការ​ប្រកួត​ជើង​ទី ១ នៃ​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុង​ក្រោយ​របស់​ពួកគេ។

លោក Guardiola បានទទួល​ព័ត៌មាន​កាន់តែ​ជឿជាក់​បន្ថែម​ទៀត​ក្នុង​ប្រទេស​ស្វ៊ីស ក្រោយ​ពី Leroy Sane, David Silva និង Fabian Delph សុទ្ធ​សឹង​បាន​ជា​សះ​ស្បើយ​ពីរ​បួស​របស់​ពួកគេ។

ការបង្ហាញ​ខ្លួន​របស់ Silva ក្នុង​នាម​ជា​កីឡាករ​បម្រុង បាន​បង្ហាញ​ថា រូបគេ​បាន​ជា​សះ​ស្បើយ​ពី​បញ្ហា​របួស​ចង្កេះ​របស់​គេ​ហើយ ស្រប​ពេល​ដែល​ខ្សែ​បម្រើ​អន្តរជាតិ​អង់គ្លេស Delph ដែល​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ក្នុង​នាម​ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ដោយ​ក្លិប​របស់​គេ​នៅ​រដូវកាល​នេះ បាន​វិល​ចូល​លេង​វិញ ក្រោយ​ពី​អវត្តមាន​ចំនួន ៦ ប្រកួត ដោយសារ​តែ​របួស​ជង្គង់។ ការ​ប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ២:៥៥ ទៀប​ភ្លឺ៕