អូឡីវ៉ូស៖ អតីតវីរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន Diego Maradona កំពុងវិវឌ្ឍទៅរកភាពប្រសើរឡើងៗ ក្រោយធ្វើការវះកាត់យកឈាមកកក្នុងខួរក្បាល ហើយអាចនឹងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យសប្ដាហ៍នេះ។ នេះបើតាមគ្រូពេទ្យផ្ទាល់ខ្លួនរបស់គាត់កាលពីថ្ងៃចន្ទ។
លោក Maradona វ័យ ៦០ ឆ្នាំ ទទួលការវះកាត់កាលពីថ្ងៃអង្គារ កន្លងទៅ ដើម្បីយកឈាមកក ដែលនៅចន្លោះខួរ និងលលាដ៍ក្បាលរបស់គាត់។
លោកដុកទ័រ Leopoldo Luque ប្រាប់អ្នកសារព័ត៌មានថា៖ «លោក Diego (Maradona) កំពុងមានអារម្មណ៍ចង់ចាកចេញ ហើយយើងកំពុងពិចារណាឱ្យគាត់ចេញពីពេទ្យ ដែលអាចថ្ងៃអង្គារ ឬថ្ងៃពុធ។ ការវិវឌ្ឍ គឺប្រសើរណាស់»។
លោក Maradona ដែលត្រូវបានដាក់ឱ្យនៅដាច់ពីអ្នកដទៃ កាលពី ២ សប្ដាហ៍កន្លងទៅ ក្រោយអង្គរក្សរបស់គាត់ម្នាក់មានរោគសញ្ញានៃវីរុសកូរ៉ូណា ចាប់ផ្ដើមមានអាការមិនសូវស្រួលអំឡុងពេលមានវត្តមានមួយភ្លែតនៅថ្ងៃទី ៣០ ខែតុលា ក្នុងពិធីគម្រប់ខួប ៦០ ឆ្នាំ នៅឯកីឡដ្ឋានរបស់ក្រុម Gimnasia y Esgrima ដែលលោកកំពុងដឹកនាំប្រកួតប្រជែង នៅក្របខ័ណ្ឌកំពូលអាហ្សង់ទីន។
គាត់មើលទៅទំនងជាពិបាកដើរ ដូច្នេះទើបមិនបាននៅមើលកូនក្រុមរបស់ខ្លួនប្រកួតឡើយ ហើយនៅថ្ងៃចន្ទ គាត់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្រុងឡាប្លាតា ដោយមានអាការខ្វះឈាម និងកង្វះជាតិទឹក។
ការធ្វើតេស្តចំពោះរាងកាយរបស់គាត់បានបង្ហាញឱ្យឃើញថា មានឈាមកក ដែលក្រោយមកគាត់ត្រូវបញ្ជូនទៅកាន់គ្លីនិកជំនាញក្នុងរដ្ឋធានី។
លោក Maradona បានល្អ-ប្រសើរច្រើន បើទោះជាលោក Luque បានបង្ហើបឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា អ្នកជំងឺរបស់លោកកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត និងទទួលថ្នាំបំបាត់ការឈឺចាប់ តែការព្យាបាលបែបហ្នឹងចាប់ផ្ដើមបន្ថយជាងមុនកាលពីថ្ងៃចន្ទ៕ AFP/VN