បារាំង: តារាឆ្នើមៗក្នុង​ក្របខ័ណ្ឌ Premier League ដែល​រួម​មាន Anthony Martial, Paul Pogba និង Benjamin Mendy នឹង​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ហូឡង់ ក្នុង​យុទ្ធនាការ Nations League និង​ការ​ប្រកួត​មិត្តភាព​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ ដោយ​សារ​តែ​បញ្ហា​របួស។ នេះ​បើ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​បារាំង កាល​ពី​ថ្ងៃ​ចន្ទ។

កីឡាករ​ទាំង ៣ បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ប៉ារីស ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ ត្រូវបាន​បញ្ជាក់​ថា មិន​ទាន់​រឹងមាំ​គ្រប់​គ្រាន់​ឡើយ​ក្នុងការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​របស់​លោក Didier Deschamps ដែល​នឹង​ឈ្នះ​កៅអី​ទៅ​កាន់​ការ​ប្រកួត Nations League ជុំ​ផ្តាច់​ព្រ័ត្រ តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើស​ជាតិ​ហូឡង់ នៅ​ថ្ងៃ​សុក្រ​នេះ។

ខ្សែប្រយុទ្ធ Martial របស់​ក្លិប Manchester United ដែល​កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ក្លិប​របស់​គេ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី ៦ គ្រាប់​ក្នុង​ការ​ប្រកួត ៥ លើក​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Premier League នោះ កំពុង​តែ​មាន​បញ្ហា​របួស​ក្រលៀន។

ខ្សែបម្រើ Pogba សមាជិក​លើក​ពាន World Cup ដែល​បាន​អវត្តមាន​ក្នុង​ពេល​ក្រុម Man United ចាញ់ Manchester City កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​សារ​តែ​របួស​នោះ មាន​បញ្ហា​ភ្លៅ​ម្ខាង។

ខ្សែការពារ​ស្លាប​ឆ្វេង Mendy របស់ Man City នឹង​អវត្តមាន​ការប្រកួត​ទាំង ២ លើក ក្រោយ​ពី​ការ​ពិនិត្យ​មួយ​ក្នុង​រដ្ឋធានី​របស់​បារាំង បាន​បង្ហាញ​ថា គេ​មាន​បញ្ហា​ត្រង់​ជង្គង់​របស់​គេ។ ខ្សែប្រយុទ្ធ Alexandre Lacazette ធ្លាប់​ត្រូវ​បាន​បញ្ចូល​ឲ្យ​ជំនួស​កន្លែង​របស់ Martial ប៉ុន្តែ តារា​ឆ្នើម​របស់ Arsenal រូប​នេះ​មិន​អាច​ចូលរួម​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​បាន​ឡើយ។ កៅអី​របស់​គេ ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ Alessane Plea របស់​ក្លិប Borussia Moenchengladbach ក្រោយ​ពី​រូបគេ​រក​បាន ៣ គ្រាប់​ក្នុង​ពេល​ក្រុម​ខ្លួន​យក​ឈ្នះ​លើ​ក្រុម Werder Bremen ក្នុង​ក្របខ័ណ្ឌ Bundesliga កាល​ពី​ថ្ងៃ​សៅរ៍។

Moussa Sissoko របស់​ក្លិប Tottenham ទទួល​កៅអី​របស់ Pogba ក្នុង​ក្រុម​របស់​លោក Deschamps។ Sissoko មិន​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​អន្តរជាតិ​មួយ​សោះ បើ​គិត​ចាប់​តាំង​ពី​បារាំង បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​បេឡារុស កាល​ពី​ខែ​តុលា។

កីឡាករ​ចំណូល​ថ្មី Ferland Mendy របស់​ក្លិប Lyon ក៏ត្រូវ​បាន​កោះហៅ​ឲ្យ​ចូលក្នុង​ក្រុម​កីឡាករ​ទាំង ២៣ នាក់​របស់​បារាំង​ផង​ដែរ។ បារាំង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Rotterdam ដើម្បី​ជួប​ហូឡង់ នៅ​រាត្រី​ថ្ងៃ​សុក្រ នៅ​មុន​ពេល​ប្រកួត​មិត្តភាព​ជាមួយ​នឹង​អ៊ុយរូហ្គាយ នៅ​ថ្ងៃ​អង្គារ នៅ​ប៉ារីស​៕