ភ្នំពេញ៖ ​នាយក​គ្រប់គ្រង​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន លោក គឹម ស្រ៊ុនកុសល បាន​អះអាង​ថា លោក​នឹង​មាន​ការ​រឹត​បន្តឹង​ច្បាប់​ប្រកួត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដើម្បី​រក​ឲ្យ​ឃើញ​ម្ចាស់​ប្រាក់​លាន ហើយ​ការ​ធ្វើ​បែប​នេះ ក៏​ព្រោះ​តែ​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់ ​៥៧ គ.ក្រ នៅ​​ថ្ងៃ​អាទិត្យ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា អាច​នឹង​ពិបាក​រក​ម្ចាស់​ជើង​ឯក ព្រោះ​បេក្ខភាព​ទាំង ​៤ ​នាក់ ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា។

សម្រាប់​ការ​ប្រកួត​នៅ​សប្តាហ៍​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ភាព​កក្រើក​ខ្លាំង ព្រោះ​បេក្ខភាព ម៉ន សាម៉េត, អេ ណារ័ត្ន, ប៊ុន សុធា និង សៅ ប៊ុនធឿន សុទ្ធ​តែ​និយម​ចូលចិត្ត​វាយ​សម្រុក​ដូច​គ្នា ចំណែក​លក្ខខណ្ឌ​ប្រកួត​នឹង​ជំរុញ​ឲ្យ​ពួក​គេ​ប្រកួត​គ្នា​កាន់​តែ​ខ្លាំង ព្រោះ​នៅ​វគ្គ​ជម្រុះ​​មាន​ត្រឹម ​៣ ​​ទឹក​ទេ រីឯ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ប្រកួត ​១ ទឹក ស្មើ ​៩ នាទី​នោះ គឺ​អ្នក​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ទើប​អាច​ក្លាយជា​ម្ចាស់​ជើងឯក តែ​បើ​គ្មាន​អ្នក​សន្លប់ គឺ​ស្មើ​គ្នា ហើយ​ត្រូវ​ចែក​ប្រាក់​រង្វាន់​ជា ២​។

ចំពោះ​បេក្ខភាព​ទាំង ​៤ ​នាក់​នេះ ម៉ន សាម៉េត មាន​បទពិសោធ​ច្រើន​ជាង​គេ ប៉ុន្តែ អេ ណារ័ត្ន និង ប៊ុន សុធា ជា​ជើង​ខ្លាំង​ជំនាន់​ក្រោយ ដែល​មាន​សមត្ថភាព​ប្រកួត​ល្អ។ បន្ថែម​លើ​នេះ ប៊ុន សុធា ក៏​ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​ដណ្តើម​​ប្រាក់​លាន​នៅ​សង្វៀន​ថោន​នេះ កាល​ពី​ថ្ងៃទី​ ២៤ ខែ ឧសភា ឆ្នាំ ​២០២០ ផង​ដែរ ប៉ុន្តែ​បាន​ត្រឹម​ស្មើ យុគ យក្សផ្លែ ក្រោយ​គ្មាន​អ្នក​ណា​សន្លប់។ ចំណែក សៅ ប៊ុនធឿន ក៏​ជា​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ម្នាក់​ដែរ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ជាមួយ ម៉ន សាម៉េត, អេ ណារ័ត្ន និង ប៊ុន សុធា គឺ​រូប​គេ អាច​នឹង​មាន​ភាគរយ​តិច​ជាង​គេ​ក្នុង​ការ​ស្វែង​រក​ការ​ឈ្នះ។

ទាក់ទង​នឹង​ការ​ប្រកួត ដែល​តម្រូវ​ឲ្យ​បេក្ខភាព​ចាប់​ឆ្នោត​នៅ​មុន​ការ​ប្រកួត​ចាប់​ផ្តើម​នេះ លោក គឹម ស្រ៊ុនកុសល ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា៖ ​«​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នៅ​សប្តាហ៍​នេះ នឹង​មាន​ភាព​ស្វិតស្វាញ​ខ្លាំង ព្រោះ ម៉ន សាម៉េត, ប៊ុន សុធា និង អេ ណារ័ត្ន សុទ្ធ​តែ​មិន​ងាយ​ផ្តួល​ដោយ​សន្លប់​តែ​បើ​អ្នក​ខ្លាំង​ជួប​គ្នា ​ក្នុង​វគ្គ​ជម្រុះ អ៊ីចឹង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ អាច​មាន​សង្ឃឹម​​រក ​អ្នក​សន្លប់​បាន»។

ជាមួយ​គ្នា​នេះ លោក គឹម ស្រ៊ុនកុសល បាន​ធ្វើ​ការ​វិភាគ​ទៅ​តាម​ទស្សនៈ​ផ្ទាល់​ខ្លួន​ និង​ការ​យល់​ឃើញ​​របស់​លោក​​ថា បើ ប៊ុន សុធា ចាប់​ឆ្នោត​ជួប អេ ណារ័ត្ន នៅ​វគ្គ​ជម្រុះ គឺ ម៉ន សាម៉េត អាច​មាន​សង្ឃឹម ប៉ុន្តែ​បើ អេ ណារ័ត្ន ឬ ប៊ុន សុធា ចាប់​ឆ្នោត​ជួប ម៉ន សាម៉េត វិញ អ៊ីចឹង​វគ្គ​ផ្តាច់​ព្រ័ត្រ អ្នក​ណា​ជួប​អ្នក​ណា ក៏​មាន​ឱកាស​ផ្តួល​បាន​ដែរ ព្រោះ​មជ្ឈដ្ឋាន​ខាង​ក្រៅ​គេ​វាយ​តម្លៃ​ថា ម៉ន សាម៉េត រឹង ធន់ មិន​ងាយ​សន្លប់ ហេតុ​នេះ​ឱកាស​យក​ឈ្នះ សាម៉េត បាន​មាន​តែ​នៅ​វគ្គ​ជម្រុះ ព្រោះ​​បើ​​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ប្រើ​ច្បាប់ Mas Fight វាយ ៩ នាទី​នោះ គឺ​ពិបាក​ផ្តួល ម៉ន សាម៉េត ហើយ។

យ៉ាង​ណាក៏​ដោយ លោក គឹម ស្រ៊ុនកុសល នឹង​រឹត​បន្តឹង​ច្បាប់​ប្រកួត​ ដើម្បី​រក​ឲ្យ​ឃើញ​ម្ចាស់​ជើងឯក។ លោក​បាន​បញ្ជាក់​ថា៖ ​«នៅ​មុន​ការ​ប្រកួត​នេះ ខ្ញុំ​នឹង​អាច​ប្រជុំ​ជាមួយ​អាជ្ញា​កណ្តាល​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​នៅ​លើ​សង្វៀន​ប្រកួត​ចៀស​វាង​កីឡាករ​វាយ​ថយ​ខ្លាំង​ពេក​ ធ្វើ​ឲ្យ​យើង​​ពិបាក​នឹង​​រក​ម្ចាស់​ជើងឯក​បាន ដូច្នេះ​ការ​ពិន័យ​កាត​លឿង និង​កាត​ក្រហម​ត្រូវ​ប្រើ​ឲ្យ​មាន​ប្រសិទ្ធភាព»៕