ភ្នំពេញ៖ ​គ្រូ​បង្វឹក​ក្រុម​លេខ ​២ ​លីក​កំពូល​ឡាវ Master 7 លោក Catalin Mihia Dini ហាក់​ទទួល​ស្គាល់ និង​បាន​ដឹង​ពី​ជោគ​វាសនា​ទៅ​ហើយ​ថា ក្រុម​របស់​លោក​ប្រហែល​ជា​មិន​អាច​នឹង​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ដើម្បី​ប្រជែង​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត​នៃ​ពាន​រង្វាន់ AFC Cup 2020 នោះ​ទេ។

ការ​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​លោក Catalin Mihia Dini បាន​កើត​មាន​ឡើង បន្ទាប់​ពី​ក្រុម​ Master 7 របស់​លោក​ បាន​ចាញ់​ក្រុម​ម្ចាស់​ជើងឯក​លីក​កំពូល​កម្ពុជា ព្រះខ័នរាជ​ស្វាយរៀង រហូត​ដល់ ៤-១ សម្រាប់​ការ​ប្រកួត​ជម្រុះ​វគ្គ​ Play-off ជើង​ទី​១ ពាន​រង្វាន់ AFC Cup 2020 នៅ​ពហុកីឡដ្ឋានជាតិ ដែល​ជា​ទឹក​ដី​របស់​ក្រុម​ស្វាយរៀង កាល​ពី​យប់​ថ្ងៃ​ពុធ។

លោក Catalin Mihia Dini បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត ​ក្រោយ​ការ​ប្រកួត​ថា៖​ «នេះ​ជា​ការ​ប្រកួត​ដ៏​លំបាក​​មួយ ព្រោះ​ព្រះខ័ន​រាជ​ស្វាយ​រៀង គឺ​ជា​ក្រុម​ដ៏​ខ្លាំង​មួយ។ ទោះបី​ជា​យ៉ាង​ណា​បាល់ទាត់​យើង​ត្រូវ​តែ​ហ៊ាន​លេង និង​វាយ​លុក​ទៅ​លើ​គេ​វិញ ដើម្បី​ស្វែងរក​គ្រាប់​បាល់ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​ល្អ អ៊ីចឹង​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ជំហាន​បន្ទាប់ គឺ​ត្រូវ​រៀបចំ​ក្រុម​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ប្រកួត​ជើង​ទី​២ នៅ​លើ​ទឹក​ដី​របស់​យើង​បាន​ល្អ​ជាង​ការ​ប្រកួត​លើក​នេះ»។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​សួរ​ពី​ទំនុក​ចិត្ត​ក្នុង​ការ​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង សម្រាប់​ការ​ប្រកួត​កាត់​សេចក្តី​ជើង​ទី​២ ដែល​​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី ​២៩ ខែ​មករា ខាង​មុខ​នេះ លោក Catalin Mihia Dini បាន​សារភាព​ថា វា​ពិត​ជា​មាន​ការ​លំបាក​សម្រាប់​ក្រុម Master 7 ក្នុង​ការ​បំពេញ​មហិច្ឆតា​មួយ​នេះ។

លោក Catalin Mihia Dini បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ​ចុះ​ថា វា​ពិត​ជា​​មាន​ការ​លំបាក​ដែល​យើង​ចង់​រក​បាន​គ្រាប់ បាល់ ចំណេញ ​៣ ​គ្រាប់​ត្រឡប់​មក​វិញ នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​២ អ៊ីចឹង​យើង​​មាន​តែ​ខំ​ប្រឹង​រៀបចំ​ក្រុម​ឲ្យ​បាន​ល្អ ព្រោះ​នៅ​ក្នុង​បាល់ទាត់​អ្វីៗ​ក៏​អាច​កើត​មាន​ដែរ គឺ​យើង​មិន​អាច​មើល​ឃើញ​មុន​នោះ​ទេ»។

សម្រាប់​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​ពុធ​ ខ្សែ​បម្រើ ហួយ ផល្លីន និង​ខ្សែ​ប្រយុទ្ធ​ឆ្នើម Privat រក​បាន​ម្នាក់ ​២ ​គ្រាប់។ ផល្លីន ​រក​បាន​​គ្រាប់​បើក​ឆាក​ឲ្យ​ក្រុម​ស្វាយរៀង នៅ​នាទីទី ​១៥ និង ១ ​គ្រាប់​ទៀត នៅ​នាទីទី​ ​៦៩ គឺ​នៅ​ចន្លោះ​ពេល Privat បាន​បន្ថែម ​២​ គ្រាប់ នៅ​នាទីទី ​៤០ និងទី ​៦២ ហើយ ​១ ​គ្រាប់​របស់​ក្រុម Master 7 រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Soulleymane នៅ​នាទីទី ​២១។

យ៉ាង​ណា​ក៏​ដោយ លោក Conor Nestor គ្រូ​បង្វឹក​ក្រុមព្រះខ័នរាជ​ស្វាយរៀង ហាក់​មិន​ទាន់​ពេញ​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​លេង​របស់​ក្រុម​លោក​ប៉ុន្មាន​ទេ។ លោក​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា៖ ​«​ការ​រក​​បាន ​៤ ​គ្រាប់ ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន AFC Cup វា​ជា​ចំណុច​ល្អ​ហើយ ប៉ុន្តែ​ការ​បង្ហាញ​ទម្រង់​លេង នៅ​មិន​ទាន់​ដល់​កម្រិត​ដែល​យើង​ចង់​បាន​នៅ​ឡើយ​ទេ»។

គ្រូ​បង្វឹក​ជនជាតិ​អៀរឡង់​លោក Conor Nestor បាន​បន្ថែម​ថា៖ ​«យើង​នៅ​មាន​ការ​ខ្វះខាត​ទៅ​លើ​ការ​គ្រប់គ្រង​ការ​ប្រកួត​ទាំង​មូល ហើយ​យើង​ក៏​ត្រូវ​កែ​សម្រួល​តំបន់​ប្រយុទ្ធ​បន្ថែម​ទៀត​ផង​ដែរ អ៊ីចឹង​យើង​ត្រូវ​តែ​សម្រាក​យក​កម្លាំង និង​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ត្រៀម​ការ​​ប្រកួត​ជើងទី ​២ ព្រោះ​យើង​ចង់​បាន​ទាំង​លទ្ធផល​ល្អ និង​ការ​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ»៕