ក្រុងប៉ូតូៈ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi និយាយថា ប្រទេសអាហ្សង់ទីននឹងចាប់ផ្ដើមនៅវគ្គបន្តនៅ Copa America ក្រោយពីឆ្លងផុតគ្រោះថ្នាក់ដោយយកឈ្នះក្រុមជម្រើសជាតិកាតា ២-០ កាលពីអាទិត្យដែលបានបញ្ជូនពួកគេឡើងទៅវគ្គជម្រុះចេញបន្តទៀត។
ការរកបាន ២ គ្រាប់របស់កីឡាករ Lautaro Martinez នៅនាទីទី ៤ និងកីឡាករ Sergio Aguero នៅនាទីទី ៨២ គឺល្មមធ្វើឲ្យប្រទេសអាហ្សង់ទីនឡើងផុតពីបាតតារាងនៅពូល B ដើម្បីឈរនៅលេខ ២ ហើយបន្តឡើងដល់វគ្គ ៨ ក្រុមចុងក្រោយដែលនឹងត្រូវជួបជាមួយជម្រើសជាតិវ៉េណេស៊ុយអេឡានៅកីឡដ្ឋាន Maracana ក្នុងទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលនៅថ្ងៃសុក្រសប្ដាហ៍នេះ។
កីឡាករ Messi អាយុ ៣២ ឆ្នាំបាននិយាយថា៖ «អ្វីដែលសំខាន់គឺត្រូវឈ្នះដើម្បីបានលេងវគ្គបន្តនៅ Copa នេះក្រោយពីបានឆ្លងកាត់ការប្រកួតរកអ្នកខ្លាំងនៅក្នុងពូលនេះរួចហើយ»។
ខ្សែប្រយុទ្ធដែលលេងនៅក្លិប Barcelona រូបនេះបានបន្ថែមថា៖ «លទ្ធផលនេះនឹងជាកម្លាំងជំរុញដ៏សំខាន់មួយសម្រាប់អ្វីៗនៅពេលខាងមុខទៀតដែលនឹងចាប់ផ្ដើមបន្តនៅ Copa នេះ»។
កីឡាករ Messi បានបញ្ជាក់ថា៖ «ជ័យជម្នះនេះបានផ្ដល់កម្លាំងចិត្តឲ្យយើង និងធ្វើឲ្យយើងរីកចម្រើនក្នុងក្រុមថែមទៀត»។
ទម្រង់លេងរបស់អាហ្សង់ទីនលើកនេះគឺមិនជាអស្ចារ្យប៉ុន្មាននោះទេ ប៉ុន្តែពួកគេលេងល្អល្មមនឹងអាចឈ្នះប្រទេសកាតាដែលមានទម្រង់លេងនៅមានកម្រិតនៅឡើយព្រោះគ្រាន់តែការប្រកួតចាប់ផ្ដើមបាន ៤ នាទីភ្លាម កីឡាករកាតា Bassam Hicham បានបញ្ជូនបាល់មិនបានល្អដោយត្រូវ Martinez កាត់យកបាននៅក្នុងតំបន់គ្រោះថ្នាក់ធ្វើឲ្យគាត់ស៊ុតបញ្ចូលទីយ៉ាងល្អតែម្ដង។
ទោះយ៉ាងណាកីឡាករ Messi បានទទួលស្គាល់ថាមានការព្រួយបារម្ភចំពោះក្រុមអាហ្សង់ទីនផងដែរដោយនិយាយថា៖ «វាជាការប្រកួតតឹងតែងមួយដោយសារយើងមានកាតព្វកិច្ចត្រូវតែឈ្នះជាចាំបាច់បើមិនដូច្នេះទេនឹងគ្មានឱកាសទៀតឡើយ»។
កីឡាកររូបនេះបានបន្ថែមថា៖ «ប៉ុន្តែទន្ទឹមនេះយើងលេងបានល្អ និងឆ្លងផុតពីគ្រោះថ្នាក់ដែលជាឧបសគ្គរបស់យើងហើយ»។
កីឡាករ Aguero ដែលត្រូវបានដាក់ឲ្យចូលលេងវិញក្រោយពីត្រូវបានគេដកគាត់សម្រាប់ការប្រកួតស្មើគ្នា ១-១ ជាមួយប្រទេសប៉ារ៉ាហ្គាយនោះបានលេងរួមគ្នាជាមួយកីឡាករ Messi និង Martinez។
កីឡាកររូបនេះបានខិតខំបង្កើតឱកាសជាច្រើនសម្រាប់ខ្លួនឯង ប៉ុន្តែមិនបានជោគជ័យរហូតដល់ជិតចុងបញ្ចប់នៃការប្រកួតទើបគាត់អាចសម្រេចបានដោយបានបណ្ដើរបាល់ដាច់ពីខ្សែការពារ ២ នាក់ ហើយស៊ុតបញ្ចូលទីយ៉ាងល្អ។
កីឡាករ Aguero បាននិយាយថា៖ «ជាសំណាងល្អ ខ្ញុំត្រូវបានជ្រើសរើសឲ្យចាប់ផ្ដើមម្ដងទៀតដែលត្រូវរួមកម្លាំងជាមួយយើងទាំង ៣ នាក់រហូតទាល់តែយើងបានសម្រេច»។
គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បានធ្វើការវាយតម្លៃហ្មត់ចត់ពីទម្រង់លេងរបស់អាហ្សង់ទីនក្រោយពីឆ្លងកាត់ការប្រកួតទាំង ៣ លើកដែលពួកគេបានតស៊ូជាយូរមកហើយ ប៉ុន្តែមិនបានជោគជ័យទាំងស្រុងនោះ។
គ្រូបង្វឹករូបនេះបាននិយាយថា៖ «យើងមានការសប្បាយចិត្តព្រោះយើងបានឡើងនៅវគ្គបន្ទាប់ ប៉ុន្តែយើងត្រូវពង្រឹងសមត្ថភាពនៅគ្រប់ចំណុចទាំងអស់។ ថ្ងៃនេះពេលខ្លះក្រុមយើងលេងបានល្អ និងមិនសូវមានកង្វល់នោះទេ»៕ SN