ក្រុងបាសេឡូណា: Lionel Messi ត្រូវបានរំពឹងទុកថា នឹងអវត្តមានរយៈពេល ៣ សប្តាហ៍ ដោយសារតែរបួសបាក់ឆ្អឹងដៃស្តាំ ប៉ុន្តែការបង្ហាញខ្លួនជាលើកចុងក្រោយរបស់គេ បានជួយឲ្យក្រុម Barcelona វិលទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga វិញ កាលពីថ្ងៃសៅរ៍។
Messi បានស៊ុតបាល់បញ្ចូលទី ១ គ្រាប់ ហើយបន្ទាប់មក បានប្តូរចេញដោយសារតែរបួស ខណៈដែលក្រុម Barca បានផ្តួលក្រុម Sevilla ៤-២ នាកីឡដ្ឋាន Camp Nou ក្នុងការប្រកួតដ៏រំភើប ១ ដែលមិនបានបង្ហាញសញ្ញានៃលទ្ធផលផ្សេង ក្រៅពីក្រុមម្ចាស់ផ្ទះដណ្តើមបានជ័យជម្នះឡើយ។
ប៉ុន្តែ ទោះបីជាយ៉ាងណា ភាពរីករាយផ្សេងៗចំពោះការដណ្តើមបានជ័យជម្នះលើក្រុមឡើងទម្រង់លេង Sevilla ត្រូវបានកម្ទេចដោយសារតែរបួសរបស់ Messi ដែលបច្ចុប្បន្ននឹងធ្វើឲ្យរូបគេអវត្តមានក្នុងការប្រកួតឈ្មោះថា Clasico ជាមួយនឹងក្រុម Real Madrid នៅចុងសប្តាហ៍នេះ។ ក្លិប Barcelona បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការត្រួតពិនិត្យផ្សេងៗដែលត្រូវបានធ្វើឡើងលើ Leo Messi បានបង្ហាញថា រូបគេបាក់ឆ្អឹងតូច ១ នៅត្រង់ដៃខាងស្តាំរបស់គេ។ រូបគេនឹងអវត្តមានរយៈពេលប្រហែល ៣ សប្តាហ៍»។
វាមានន័យថា Messi ក៏នឹងត្រូវអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌ Champions League លើទឹកដីខ្លួនឯងជាមួយនឹងក្រុម Inter Milan ផងដែរ នៅថ្ងៃពុធនេះ ហើយក៏អាចអវត្តមានក្នុងការប្រកួតជើងទី ២ នៅក្នុងប្រទេសអ៊ីតាលី នាថ្ងៃទី ៦ ខែវិច្ឆិកា ក៏ដូចជាការប្រកួតក្របខ័ណ្ឌលីកជាមួយនឹងក្រុម Real Madrid និង Rayo Vallecano នៅចន្លោះនោះផងដែរ។ លោក Ernesto Valverde គ្រូបង្វឹកក្រុម Barca បានឲ្យដឹងថា៖ «វាច្បាស់ណាស់ថា វាជារឿងដ៏ខកចិត្តមួយ។ យើងដឹងពីអ្វីដែលរូបគេផ្តល់ឲ្យយើង ហើយយើងដឹងពីអ្វីដែលរូបគេធ្វើចំពោះគូប្រកួត»។
Man City ឈ្នះដោយងាយ ខណៈ Salah ជួយឲ្យ Liverpool ឈ្នះ
Manchester City បានយកឈ្នះលើក្រុម Burnley ដោយងាយក្នុងលទ្ធផល ៥-០ កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ក្រុម Liverpool បានរក្សាល្បឿនតាមពីក្រោយក្រុមម្ចាស់ជើងឯកមួយនេះយ៉ាងប្រកៀក ក្រោយពីខ្សែប្រយុទ្ធ Mohamed Salah បានរកឃើញទម្រង់លេងដ៏មុតស្រួចរបស់គេវិញ ដើម្បីជួយឲ្យក្រុមរបស់គេដណ្តើមបានជ័យជម្នះលើក្រុម Huddersfield។
ក្នុងការប្រកួត ១ គូមុននេះ ក្រុម Chelsea ដែលមានពិន្ទុស្មើជាមួយ Man City និង Liverpool មុនពេលកាលចុងសប្តាហ៍ថ្មីៗនេះ ត្រូវការគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួតដើម្បីដណ្តើមបាន ១ ពិន្ទុពេលប្រកួតជាមួយនឹងក្រុម Manchester United។ ក្រុម Tottenham បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ ៤ ក្រោយពីដណ្តើមបានជ័យជម្នះលើក្រុម West Ham ១-០ ស្របពេលក្រុម Arsenal នឹងត្រូវចាប់ផ្តើមប្រកួតនៅរាត្រីនេះ៕