ក្រុងបាសេឡូណា: Lionel Messi ត្រូវបានរំពឹងទុកថា នឹងវិលចូលលេងវិញក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ៨ ក្រុមចុងក្រោយ ជើងទី ១ ជាមួយនឹងក្រុម Roma នៅរាត្រីនេះ ហើយសម្រាប់ក្រុម Barcelona ការវិលត្រឡប់របស់គេមិនអាចកើតឡើងឆាប់ពេកនោះឡើយ។
ការសង្គ្រោះនាពេលថ្មីៗរបស់ Messi កាលពីថ្ងៃសៅរ៍ នៅពេលដែលរូបគេបានចូលលេងក្នុងនាមជាកីឡាករបម្រុងដើម្បីជួយឲ្យក្រុមខ្លួនបំពេញការវាយបកពេលប្រកួតជាមួយនឹងក្រុម Sevilla បានបង្កើតឲ្យមានសំណួរជាថ្មីទៅលើការពឹងផ្អែករបស់ Barca ទៅលើតារាឆ្នើមពាក់លេខ ១០ របស់ពួកគេ។
វាពិតជាលំបាកណាស់ក្នុងការកំណត់ត្រាទៅលើសមត្ថភាពដ៏អស្ចារ្យរបស់ Messi។ រូបគេនឹងក្លាយជាកីឡាករដ៏ សំខាន់ម្នាក់សម្រាប់ក្រុមណាៗទាំងអស់ក្នុងពិភពលោកមិនត្រឹមតែក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីសប្តាហ៍មុន ខណៈដែលខ្សែប្រយុទ្ធរូបនេះ បានអវត្តមានដោយសារតែរបួសឡើយ។
ប៉ុន្តែ សម្រាប់លោក Ernesto Valverde វាហាក់ដូចជាឆាប់ពេកក្នុងការប្រើប្រាស់រូបគេ ព្រោះប្រសិនបើ Messi មិនស្ថិតក្នុងទម្រង់លេងយ៉ាងល្អបំផុតរបស់គេ ឬប្រហែលជាមានអារម្មណ៍ឈឺចាប់ត្រង់សរសៃពួរគន្លាក់ជើងរបស់គេ ឬក៏អាចនឹងមានបញ្ហារបួសកាន់តែធំដោយសារតែខ្សែការពាររបស់ Roma ក្រុមរបស់លោកត្រូវតែស្វែងរកមធ្យោបាយផ្សេង។
ខ្សែប្រយុទ្ធ Stephan El Shaarawy របស់ Roma បានឲ្យដឹងថាៈ «យើងនឹងប៉ះជាមួយនឹងកីឡាករ Messi ដោយភាពខ្លាំងបំផុត។ គ្រប់ពេលដែលរូបគេទទួលបានបាល់ គេអាចបង្កើតឲ្យមានអ្វីមួយកើតឡើង។ នោះគឺជាមូលហេតុដែលយើងនឹងព្យាយាមសម្របតាម និងរារាំងឥទ្ធិពលរបស់គេឲ្យបានច្រើនតាមដែលអាច»។
Klopp មិនបារម្ភពីបច្ចេកទេស របស់ Guardiola នៅរាត្រីនេះ
លោក Jurgen Klopp មិនមានការខ្វល់ខ្វាយទៅនឹងសមត្ថភាពរបស់លោក Pep Guardiola ក្នុងការបង្កើតក្រុមដ៏អស្ចារ្យឡើយ ប៉ុន្តែ គ្រូបង្វឹករបស់ក្រុម Liverpool រូបនេះជឿជាក់ថា លោកអាចឈានទៅកាន់ការបែងចែកកម្រិតនានា នៅពេលដែលក្រុម Manchester City ធ្វើដំណើរទៅកាន់ទឹកដី Anfield សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេ។
ក្រោយពីបានប៉ះគ្នាជាលើកទី ១ ក្នុងនាមជាគ្រូបង្វឹករបស់ក្លិប Borussia Dortmund និង Bayern Munich ការប្រជែងរវាងលោក Klopp និងលោក Guardiola នឹងឈានដល់ដំណាក់កាលដ៏ធំបំផុត ខណៈ Liverpool នឹងត្រូវជួបជាមួយ Man City ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ជើងទី ១ នៅរាត្រីនេះ។
ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិបយក្ស ២ ប្រចាំទ្វីបអឺរ៉ុប លោក Klopp និងលោក Guardiola នឹងត្រូវធ្វើការប្រជែងគ្នាដើម្បីដណ្តើមយកពានរង្វាន់ដ៏ធំបំផុតរបស់កីឡាបាល់ទាត់ក្នុងរយៈពេលជាច្រើនឆ្នាំទៀត។
ប៉ុន្តែ គ្រូបង្វឹកទាំង ២ សុទ្ធសឹងបានផ្តល់នូវការកោតសរសើរដល់គ្នាទៅវិញទៅមក ខណៈដែលលោក Klopp បានសម្តែងនូវការកោតសរសើររបស់លោកសម្រាប់សមត្ថភាពដឹកនាំរបស់លោក Guardiola ក្នុងការជួយឲ្យកីឡាកររបស់ខ្លួនសម្របខ្លួនទៅនឹងគោលការណ៍ប្រកបដោយផ្លែផ្ការបស់លោក។
លោក Klopp បានប្រាប់គេហទំព័រ UEFA.com ថា៖ «ក្រុមរបស់គាត់តែងតែស្ថិតក្នុងទីតាំងយ៉ាងល្អឥតខ្ចោះ។ គាត់មានក្រុមដ៏អស្ចារ្យដែលធ្វើការសម្រេចចិត្តដ៏ល្អឥតខ្ចោះ»។
Man City បានផ្តួល Everton ៣-១ ហើយ Liverpool បានយកឈ្នះលើ Crystal Palace ២-១ កាលពីថ្ងៃសៅរ៍។
ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ១:៤៥ ទៀបភ្លឺ៕