ក្រុង​ម៉ាឌ្រីដ: ខ្សែ​ប្រយុទ្ធ Lionel Messi បាន​បន្ត​ទម្រង់​លេង​យ៉ាង​មុត​ស្រួច​របស់​គេ​តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​​ក្នុង​ការ​ប្រកួត​តែ​មួយ​ជាលើក​ទី​ ៣១ ​របស់​គេ​ក្នុង​ក្រប​ខ័ណ្ឌ La Liga ខណៈ​ដែល​ក្រុម Barcelona បាន​​បំ​បាក់​ក្រុម Levante យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៥-០ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បីរ​ក្សា​ការ​នាំមុខ​៣​ពិន្ទុ​ដាច់​របស់​ពួក​គេ​​នៅ​លើ​កំពូល​តារាង​។

តារាឆ្នើម​អន្តរ​ជាតិ​​អា​ហ្សង់​ទីន​ វ័យ​ ៣១ ​​ឆ្នាំ​រូបនេះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Valencia ក្រោយពី​រក​បាន​២​​គ្រាប់​​តាម​រយៈ​ការ​ស៊ុត​បាល់​ពិន័យ Free-kick ក្នុង​ពេល​ក្រុម​ខ្លួន​យកឈ្នះ​លើក្រុម Espanyol កាលពីចុង​សប្តាហ៍​មុន​។

រូប​គេ​បាន​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​របស់​គេ​សម្រាប់​រដូវ​កាល​នេះ​កើន​ដល់​២០​គ្រាប់ ក្រោយពី​​ការ​បង្ហាញ​ពី​ទម្រង់​លេង​​យ៉ាង​ល្អ​របស់​គេ ស្រប​ពេល​ដែល​រូប​គេ​ក៏​បាន​ជួយ​ឲ្យ Luis Suarez រក​បាន​គ្រាប់​បាល់​បើក​ឆាក​នៅ​ទី ទី​ ៣៥​ និង​​ជួយ​ឲ្យ​ខ្សែ​ការ​ពារ Gerard Pique រក​បាន​គ្រាប់​បាល់​ទី​៥​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។

ខ្សែ​ការ​ពារ​អេ​ស្ប៉ាញ Rober Pier (ឆ្វេង) របស់ Levante ដណ្តើម​បាល់​ជា​មួយ​ខ្សែ​​ប្រយុទ្ធ Luis Suarez របស់ Barcelona​។ AFP

Barca បាន​ស្ថិតក្រោម​សម្ពាធ ក្រោយ​ពី​ក្រុម Atletico Madrid និង​ក្រុម​ឈរលេខ​២ Sevilla សុទ្ធ​សឹង​បាន​តាម​ស្មើ​ពិន្ទុ​ជាមួយនឹងក្រុម​មាន​មូលដ្ឋាន​នៅ Catalonia មួយ​នេះ​។

ប៉ុន្តែ ក្រោយ​ពី​មិន​បាន​ប្រើប្រាស់​កីឡាករ​សំខាន់​ៗ​ជាច្រើន​សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល ជុំ​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹងក្រុម Tottenham កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​មុន លោក​គ្រូបង្វឹក​​ Ernesto Valverde បាន​ឃើញក្រុម​របស់​ខ្លួន​យកឈ្នះ​​ក្នុង​ការ​ប្រកួត​លីក​ជាលើក​ទី​៣​ជាប់​ៗ​គ្នា ដោយ​មិន​របូត​សូម្បី​តែ​១​គ្រាប់​។

លោក Valverde បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​ពេល​ចាប់​ផ្តើម វា​ពិត​​ជា​លំបាក​ណាស់​។ ពួក​គេ​បាន​ដាក់​សម្ពាធ និង​បាន​បង្កើត​ឱកាស​មួយ ដែល​បាន​ស៊ុត​បាល់​ប៉ះ​នឹង​របារ​ទី​»​៕ IS