ក្រុងរីយ៉ូៈ ខ្សែប្រយុទ្ធ Lionel Messi មាន​ការអន្ទះសា​ខ្លាំង​ក្នុង​ការជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​បាន​លើក​ពាន Copa America ក្នុង​រដូវកាល​នេះ ព្រោះ​ប្រទេស​មួយ​នេះ​បាន​ខកខាន​លើក​ពាន​នេះ​ជាង​ ១ ​ទសវត្សរ៍​មក​ហើយ ហើយ​ក្រុម​អាហ្សង់ទីន​នឹង​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ចុង​សប្ដាហ៍​នេះ ស្រប​ពេល​ខ្សែប្រយុទ្ធ​ឆ្នើម Neymar របស់​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​អវត្តមាន​ពី​ការប្រកួត​ដោយសារ​រងរបួស​។

ម្ចាស់​ស្បែកជើង​មាស Ballon d''Or ៥ ​ជំនាន់ Messi គឺជា​កីឡាករ​ម្នាក់ ដែល​មាន​ប្រវត្តិ​លើក​ពាន​ជាច្រើន​ក្នុង​ពេល​លេង​ឲ្យ​ក្លិប​ Barcelona ដូចជា​លើក​ពាន Champions League ៤ ​លើក និង​ពាន La Liga ១០ លើក ប៉ុន្តែ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​វិញ កីឡាករ​រូប​នេះ​ហាក់​ដូចជា​មិន​ទាន់​ឃើញ​លើក​ពាន​ធំ​ម្ដងណា​ឡើយ ហើយ​កីឡាករ​វ័យ​ ៣១ ​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹងថា រូបគេ​កំពុង​តែ​ជិត​អស់​ពេល​ហើយ ដើម្បី​បង្កើត​ភាពអស្ចារ្យ​សម្រាប់​ប្រទេស​ជាតិ​។

តារាបាល់ទាត់​ដ៏ឆ្នើម​របស់​ពិភពលោក Messi បាន​ប្រាប់​បណ្ដាញ Fox Sports កាលពី​សប្ដាហ៍​មុន​ថា​៖ «​ខ្ញុំ​ចង់​បញ្ចប់​អាជីព​របស់​ខ្ញុំ ដោយ​ឈ្នះ​អ្វី​ម្យ៉ាង​ជាមួយ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន ឬ​ក៏​យ៉ាង​ហោចណាស់​ព្យាយាម​ធ្វើ​ដូច្នេះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​»​។

ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​បាន​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ៤ ​លើក​រួមទាំង​ចាញ់​វគ្គ​ចុងក្រោយ​ ២ ​លើក​នៃ​ក្របខ័ណ្ឌ Copa នេះ នៅពេល​ប្រកួត​ជាមួយ​ប្រទេស Chile​។ ប៉ុន្តែ​អ្វី​កាន់តែ​ឈឺចាប់​ទៀត​នោះ​គឺ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2014 ជាមួយ​ប្រទេស​អាល្លឺម៉ង់​នៅ​កីឡដ្ឋាន Maracana ប្រទេស​ប្រេស៊ីល​ជា​ទី​ដែល​កីឡាករ Messi សង្ឃឹម​ថា​ជម្រើស​ជាតិ​អាហ្សង់ទីន​នឹង​លើក​ពាន Copa នៅ​ថ្ងៃ​ទី​ ៧ ខែ​កក្កដា​ខាង​មុខ​នេះ​។

តាំងពី​ចាញ់​ក្រុម​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​មក ក្រុម​អាហ្សង់ទីន​បាន​ចាញ់​ជា​បន្តបន្ទាប់​រយៈពេល​​ ៣ ​ឆ្នាំ​ជាប់​គ្នា​ជា​ហេតុ​ធ្វើឲ្យ Messi ឈឺចាប់​យ៉ាង​ខ្លាំង ហើយ​បាន​ប្រកាស​ឈប់​លេង​ជា​អន្តរជាតិ ក្រោយពី​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទៅ​លើ​រូបគេ និង​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​។

Messi បាន​និយាយ​ថា​៖ «​ប្រជាពលរដ្ឋ​កំពុង​វាយប្រហារ​ចំពោះ​យើង​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​»​។ ប៉ុន្តែ​ការប្រកាស​ឈប់​លេង​ជា​អន្តរជាតិ​របស់ Messi នេះ​បាន​រយៈពេល​តែ​ ៦ ​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយមក​រូបគេ​បាន​ចូល​លេង​វិញ ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ចុងក្រោយ​ដោយ​រក​បាន​ ៣ ​គ្រាប់​តែ​ម្នាក់​ឯង​ជួយ​ឲ្យ​ក្រុម​អាហ្សង់ទីន​ឈ្នះ​ក្រុម​អេក្វាដ័រ ៣-១ ធ្វើឲ្យ​អាហ្សង់ទីន​បាន​ឡើង​ទៅលេង World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​។

ទោះ​ជា Messi បាន​ជួយ​ឲ្យ​ក្រុម​អាហ្សង់ទីន​ឡើង​ទៅ​លេង World Cup ក៏ពិតមែន ប៉ុន្តែ Messi នៅតែ​មិន​អាច​ជួយ​ឲ្យ​អាហ្សង់ទីន​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ទេ ក្រោយពី​ចាញ់​ក្រុម​ជម្រើសជាតិ​បារាំង ៤-៣ ដែល​ជា​ម្ចាស់​ជើងឯក World Cup 2018 នៅ​ជុំ​ទី​ ២ ធ្វើឲ្យ​អាហ្សង់ទីន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ឈឺចាប់​បំផុត​។

មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ ២៦ ​ឆ្នាំ​ហើយ​គិត​តាំងពី​ក្រុម​អាហ្សង់ទីន​បាន​លើក​ពាន Copa America លើក​ចុងក្រោយ និង​ជា​លើក​ទី​ ១៤ កាលពី​ឆ្នាំ​ ១៩៩៣ និង​ការទទួល​បាន​ជើងឯករង​ចំនួន ១៤ ​លើក ប៉ុន្តែ​ពេល​នេះ Messi កំពុង​អន្ទះសា​ចង់​លើក​ពាន​នេះ​ម្ដង​ទៀត​។

Messi បាន​និយាយ​ប្រាប់ TyC Sports កាលពី​សប្ដាហ៍​មុន​ថា​៖ «​យើង​នឹង​ទៅ​ទីនោះ​ជាមួយ​ក្ដីសង្ឃឹម និង​ឆន្ទៈ​ដូចគ្នា​ជានិច្ច​។ ប្រទេស​អាហ្សង់ទីន​នឹង​ធ្វើ​ការផ្លាស់ប្ដូរ​ជាមួយ​ក្រុម​យុវជន​ថ្មីៗ​ជាច្រើន​។ វា​មាន​រយៈពេល​យូរហើយ តាំងពី​អាហ្សង់ទីន​ឈ្នះ​វា ហើយ​យើង​ទាំងអស់​គ្នា​ចង់​អបអរសាទរ​លើក​ពាន​នេះ​ម្ដង​ទៀត​»៕ SN