ក្រុងឡុងដ៍: ខ្សែបម្រើ Henrikh Mkhitaryan របស់​ក្លិប Manchester United បាន​យល់​ព្រម​ចូលរួម​ជាមួយ​នឹង​ក្លិប Arsenal ខណៈ​ដែល Alexis Sanchez នឹង​ត្រូវ​ចូលរួម​ជាមួយ​នឹង​ក្រុម​បិសាច​ក្រហម​វិញ ជា​ថ្នូរ​នៃ​ការ​ផ្ទេរ​មួយ​នេះ។ នេះ​បើ​យោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​របស់​បណ្តាញ​សារ​ព័ត៌មាន BBC។

ខ្សែ​បម្រើ​អន្តរជាតិ​អាមេនី Mkhitaryan វ័យ ២៨ ឆ្នាំ នឹង​ត្រូវ​ទទួល​ការ​ត្រួត​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ស៊ីលី Sanchez វ័យ ២៩ ឆ្នាំ បាន​ទទួល​ការ​ត្រួត​ពិនិត្យ​សុខភាព​កាល​ពី​ថ្ងៃ​អាទិត្យ។

នេះ​មានន័យ​ថា វា​នឹងមាន​ការ​ដោះដូរ​ដោយ​ទឹកប្រាក់​ណាមួយ​រវាង​ក្លិប​ទាំង ២ ឡើយ ខណៈ Man Utd បាន​ដាក់​តម្លៃ​ខ្លួន​លើ Mkhitaryan ប្រមាណ​ជា ៣៥ លាន​ផោន (ស្មើ​នឹង ៤៨,៥ លាន​ដុល្លារ​អាមេរិក) ពោល​គឺ​ស្មើ​នឹង​តម្លៃ​ខ្លួន​ដែល​ក្លិប Arsenal ទាម​ទារ​សម្រាប់​ការ​លក់ Sanchez។

Sanchez ដែល​នឹង​ផុត​កិច្ច​សន្យា​របស់​គេ​នៅ​ឯ Arsenal នៅ​ពេល​បញ្ចប់​រដូវកាល​នេះ ត្រូវ​បាន​រំពឹង​ទុក នឹង​ចុះ​ហត្ថលេខា​លើ​កុងត្រា​ជាមួយ​នឹង Man United ដែល​នឹង​ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​ទទួល​ចំណូល​ច្រើន​ជាង​គេ​បំផុត ស្រប​ពេល​ដែល​មាន​ការ​លើក​ឡើង​ថា រូបគេ​អាច​នឹង​ទទួល​បាន​រហូត​ដល់​ទៅ ១៤ លាន​ផោន ក្នុង​មួយ​ឆ្នាំ បន្ទាប់​ពី​កាត់​ពន្ធ ឬ ៥០ ម៉ឺន​ផោន ក្នុង​មួយ​សប្តាហ៍។

លោក Arsene Wenger គ្រូបង្វឹក​របស់ Arsenal បាន​បញ្ជាក់​កាល​ពី​ពេល​មុន​នេះ​ថា Sanchez នឹង​ចូលរួម​ជាមួយ​នឹង Man United លុះ​ត្រា​តែ Mkhitaryan យល់​ព្រម​ផ្ទេរ​ទៅ​កាន់ Arsenal។

Sanchez បាន​អវត្តមាន​ក្នុងពេល​ក្រុម Arsenal យក​ឈ្នះ​លើ​ក្រុម Crystal Palace ក្នុង​លទ្ធផល ៤-១ កាល​ពី​ថ្ងៃ​សៅរ៍ ដោយសារ​តែ​រូបគេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Manchester។ លោក Wenger បាន​បញ្ជាក់​ថា៖ «រូបគេ​មិន​ចូល​លេង ពី​ព្រោះ​អ្នក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាងជើង និង​លេង​បាល់ទាត់​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ»។

ស្របពេល​ជាមួយ​គ្នា​នេះ លោក Jose Mourinho អ្នក​ចាត់ការ​ទូទៅ​របស់ Man Utd បាន​បញ្ជាក់​ថា ការ​ព្រមព្រៀង​គ្នា​មួយ​ក្នុងការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង Sanchez កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក ក្រោយ​ពី​ក្រុម​របស់​លោក​ទទួល​ជ័យជម្នះ ១-០ លើ​ក្រុម Burnley កាល​ពី​ថ្ងៃ​សៅរ៍។

Man United បាន​យក​ឈ្នះ​លើ Arsenal ដើម្បី​ចុះ​ហត្ថលេខា​ជាមួយ​នឹង Mkhitaryan នៅ​ពេល​ដែល​រូបគេ​បាន​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Old Trafford ក្នុង​តម្លៃ​ខ្លួន ២៦,៣ លាន​ផោន ពី​ក្លិប Borussia Dortmund កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៦។

រូបគេ​បានបង្ហាញ​ខ្លួន ៦៣ លើក​សម្រាប់ Man United និង ២២ លើក​នៅ​រដូវកាល​នេះ ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី ១៣ គ្រាប់៕IS