ក្រុង​ម៉ូស្គូ: ប្រធាន​ក្រុម​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ក្រូ​អាស៊ី Luka Modric បាន​​ឈ្នះ​ពាន​បាល់​មាស សម្រាប់​ការ​ជាប់​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​យុទ្ធ​នាការ World Cup បើ​ទោះ​បី​ស្ថិត​ក្នុង​ក្រុម​ចាញ់ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​បារាំង ក្នុង​ការប្រកួត​ដ៏​រំភើប​មួយ​ក្នុង​ទីក្រុង​ម៉ូស្គូ កាល​ពីថ្ងៃ​អាទិត្យ ក៏ដោយ​។

Modric បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការ​​ប្រកួត​ចំនួន​ ៣ លើក​ក្នុង​ចំណោម​ការប្រកួត​៧​លើក​របស់​ក្រុម​ក្រូ​អាស៊ី នៅ​រុស្ស៊ី ប៉ុន្តែ តារាឆ្នើម​របស់​ក្លិប Real Madrid រូបនេះ មិន​មាន​ឥទ្ធិ​ពល​ក្នុង​ការ​​រា​រាំង​ក្រុម​ជម្រើស​ជាតិ​បារាំង និង​តារាឆ្នើម​ទើប​តែ​រះ Kylian Mbappe វ័យ​ ១៩ ​ឆ្នាំ​ក៏ដោយ​។

ខ្សែ​ប្រយុទ្ធ​​របស់​ក្លិប Paris Saint-Germain បាន​ឈ្នះ​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ប្រចាំ​យុទ្ធ​នា​ការ ក្រោយ​ពី​រក​បាន​គ្រាប់​បាល់​ទី​៤​​ក្នុង​​ព្រឹត្តិ​ការណ៍​នេះ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​បារាំង បាន​យកឈ្នះ​ក្នុងលទ្ធ​ផល ៤-២​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់​គ្លេស Harry Kane បាន​ឈ្នះស្បែក​ជើង​មាស ក្រោយពី​រក​បាន​គ្រាប់​បាល់​៦​គ្រាប់​ក្នុង World Cup​។ AFP

ប្រធាន​ក្រុម​នៃ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក Eden Hazard បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ការ​ប្រជែង​ពាន​បាល់​មាស ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Antoine Griezmann ដែល​ក៏​រក​បាន​គ្រាប់​បាល់​ទី ​៤​ របស់​គេ​ក្នុង​យុទ្ធ​នា​ការ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែរ​នោះ បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​។​

អ្នក​ចាំទី Thibaut Courtois របស់​បែលហ្ស៊ិក បាន​ឈ្នះ​ពាន​រង្វាន់​ស្រោម​ដៃ​មាស សម្រាប់​ការ​ជាប់​ជា​​អ្ន​ក​ចាំទី​ដ៏​ឆ្នើម​បំផុត​។

បើ​ទោះ​បី Griezmann និង Mbappe សុទ្ធ​សឹង​រក​បាន​គ្រាប់​បាល់​ដូចគ្នា​ក៏ដោយ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​អង់គ្លេស Harry Kane បាន​ឈ្នះ​ស្បែក​ជើង​មាស់​សម្រាប់​ការរក​បាន ​៦ ​គ្រាប់​៕ IS