ក្រុង​ឡុងដ៍: ការ​គ្រប់​គ្រង​​​​ក្នុង​រយៈ​ពេល​​ដ៏​យូរ​អង្វែង​របស់ Cristiano Ronaldo និង Lionel Messi ទៅ​លើ​ពាន​រង្វាន់​​ឯក​ជន​​ក្នុង​កីឡា​បាល់​ទាត់ កំពុង​តែ​ស្ថិត​ក្រោម​ការ​គំរាម ពី​សំណាក់​ខ្សែ​បម្រើ​អន្តរ​ជាតិ​ក្រូ​​​អាស៊ី Luka Modric របស់​ក្លិប Real Madrid និង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អេ​ហ្ស៊ីប Mohamed Salah របស់ Liverpool នៅ​ពេល​ដែល​ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​។

សម្រាប់​​រយៈ​ពេល​ជា​​លើក​ទី​១​ក្នុង​រយៈ​ពេល​១២​​ឆ្នាំ Messi មិនស្ថិត​ក្នុង​សូម្បី​តែ​ក្នុង​បញ្ជី​​បេក្ខ​​ភាព​ចុងក្រោយ​៣​នាក់​​សម្រាប់​ការ​ឈ្នះ​ពាន​រង្វាន់​នេះ ក្រោយ​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​ធ្លាក់​ចេញ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ព្រឹត្តិការណ៍ World Cup និង​ការ​ធ្លាក់​ចេញ​​របស់​ក្រុម Barcelona ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League​។

ទាំង​ Messi និង Ronaldo បាន​ឈ្នះ​ពាន​រង្វាន់​របស់ FIFA ក្នុង​ឆ្នាំ​ផ្សេង​ៗ​​គ្នា​៥លើក​​ដូច​គ្នា ហើយ​​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​ព័រ​ទុយ​ហ្គាល់ អាច​នឹង​មាន​ក្តី​សង្ឃឹម ក្រោយពី​ឈ្នះ​ពាន Champions League ជាលើក​ទី​៣​ជាប់​ៗ​គ្នា ជា​​មួយ​នឹង Real Madrid នៅ​មុន​ពេល​ផ្ទេរ​ទៅ​កាន់​ក្លិប​ Juventus កាល​ពី​​ខែកក្កដា​។

ខ្សែ​បម្រើ​​អន្តរ​ជាតិ​​ក្រូ​អាស៊ី Luka Modric (ឆ្វេង) របស់​ក្រុម Real Madrid ដណ្តើម​បាល់​ជា​​មួយនឹង​ខ្សែ​បម្រើ​អេ​ស្ប៉ាញ Sergi Darder របស់ Espanyol​។ AFP

សម្រាប់​​រដូវ​កាល​ទី​៦​ជាប់​ៗ​គ្នា Ronaldo បាន​ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង Champions League តាម​រយៈ​ការ​​រក​បាន​១៥​គ្រាប់ ហើយ​ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់​ផងដែរ ក្នុង World Cup ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​រក​បាន​៣​គ្រាប់​​ពេល​ជួបក្រុម​អេ​ស្ប៉ាញ ដើម្បី​ដណ្តើម​បាន​លទ្ធផល​ស្មើ ៣-៣ សម្រាប់​ក្រុម​ព័រ​​ទុយ​ហ្គាល់​។

ទោះ​បី​ជា​យ៉ាង​ណា ការ​ធ្លាក់​ចេញ​​ត្រឹម​វគ្គ​ ១៦ ក្រុម​ចុងក្រោយ​របស់​ព័រ​ទុយ​​ហ្គាល់ ក្រោម​ស្នា​ដៃក្រុម​អ៊ុយ​រូ​ហ្គាយ នៅ​ប្រទេស​រុស្ស៊ី ហើយ​ការ​បរា​ជ័យ​របស់ Ronaldo ក្នុង​ការរក​គ្រាប់​បាល់ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រនៃក្រប​ខ័ណ្ឌ Champions League បាន​បើក​ចំហ​ទ្វារ​សម្រាប់ Modric​៕ IS