ភ្នំពេញ៖ ​អនុស្សរណៈ​យោគយល់​ ​(MoU) ​រវាង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ និង​កង​យោធពល​ខេមរភូមិន្ទ​ (កងទ័ព) អស់​រយៈពេល​ជាង ​៤ ​ឆ្នាំ​កន្លង​មក​ បាន​ទទួល​​នូវ​ផ្លែផ្កា​គួរ​ជា​ទី​​មោទនៈ ទោះបី​មួយ​រយៈ​នេះ​ជួប​ឧបសគ្គ​ ដោយសារ​ជំងឺ​កូវីដ ​១៩ ​ក៏​ដោយ​​ ហើយ​​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ គឺ​វគ្គ​បណ្តុះ​បណ្តាល​ក្បាច់​គុន​ល្បុក្កតោ​បាន​ផ្តល់​ជូន​កងទ័ព​ក្នុង​កង​ពល​ថ្មើរ​​ជើង​លេខ ​៥១ ចំណុះ​ភូមិ​ភាគ​ទី​៥ ចំនួន​ ​១០០ ​នាក់ ក្រោយ​ប្រើ​ពេល​ហ្វឹកហាត់​ជាង ​៧ ​ខែ​​។

លោក អ៊ូ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​​ដោយ​មាន​កិច្ច​សហការ​ល្អ រវាង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​កង​ទ័ព សហព័ន្ធ​បំពេញ​ការងារ​បាន​មួយ​ចំនួន​ធំៗ​គួរ​កត់​សម្គាល់ មាន​ដូច​ជា​ ចងក្រង​សៀវភៅ​ក្បាច់​គុន​កង​យោធពល​ខេមរភូមិន្ទ, បណ្តុះបណ្តាល​គ្រូ​បង្គោល​ ដោយ​ឲ្យ​ចូល​ទៅ​បង្វឹក​កងទ័ព ព្រម​ទាំង​បញ្ជូន​គ្រូ​ក្បាច់​គុន​ទៅ​បង្វឹក​ដល់​អង្គភាព​នានា ក្នុង​ប្រទេស និង​ថ្មី​ៗ​នេះ យើង​បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​ដល់​កងទ័ព​ចំនួន ​១០០ ​​នាក់ ​នៅ​កងពល​ថ្មើរ​ជើង​​លេខ ​៥១ ​ក្នុង​ភូមិ​ភាគ ​៥​»​។

លោក​បាន​បន្ត​ថា​៖ «ពេល​នេះ សហព័ន្ធ​​បន្ដ​បើក​វគ្គ​ហ្វឹកហ្វឺន​ថ្មី​អន្ដរាគមន៍​ពិសេស​ក្បាច់​គុន​ល្បុក្កតោ​មួយ​ទៀត នៅ​កងពល​តូច​ថ្មើរ​ជើង​លេខ ៥១ ​ដែល​មាន​មូលដ្ឋាន​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ ​ដោយ​មាន​សិក្ខាកាម​ចូលរួម​សរុប​ជាង​ ​១០០ ​នាក់ ហើយ​ពិធី​បិទ​​ក្នុង​សប្ដាហ៍​កន្លង​ទៅ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់​​លោក​ឧត្តម​សេនីយ៍ឯក ឯក ​សំអូន មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៥​»​។

អគ្គ​លេខាធិការ​រូប​នេះ បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​យ៉ាង​​ខ្លាំង ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ ដោយ​សហព័ន្ធ​បាន​បញ្ជូន​គ្រូ​ជំនាញ​ក្បាច់​គុន​ចំនួន ​៤ ​នាក់ ​ទៅ​បង្វឹក​ផ្ទាល់​រយៈពេល​ជាង ​៧ ​ខែ មាន​ដូច​ជា លោក វី ដារា ​លោក ​ស៊ិន ​គឹមហេង​ លោក​ ឌិប​ ង៉ែត និង លោក លន់​ ថាវី ដែល​គ្រូបង្វឹក​ទាំង​នោះ ត្រូវ​​ស្នាក់នៅ​នឹង​កន្លែង​​បង្វឹក​ផ្ទាល់​តែ​ម្តង​។ ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​​រួម​​ចំណែក​នឹង​​វិស័យ​កងទ័ព តាមរយៈ​ការ​ចែក​រំលែក​បទពិសោធ​របស់​ល្បុក្កតោ និង​ក្បាច់​គុន​ចម្រុះ ​ដែល​ជា​មរតក​​របស់​ខ្មែរ ហើយ​ត្រូវ​បាន​យក​មក​បញ្ចូល​គ្នា ទុក​​សម្រាប់​ការ​ពារ​ខ្លួន ​និង​ប្រើប្រាស់​ក្នុង​កងទ័ព​។​

ជាមួយ MoU ​រយៈពេល ​៤ ​ឆ្នាំ​មក​នេះ សហព័ន្ធ​បាន​បញ្ជ្រាប​ក្បាច់​គុន​ល្បុក្កតោ ដល់​កងទ័ព​ជា​ច្រើន ជា​ពិសេស​ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​លោក​ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង និង​ជា​មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ ដោយ​បាន​ជួយ​​លើក​ទឹក​ចិត្ត​ និង​លើក​កម្ពស់​ដល់​ជីវភាព​គ្រូ​បង្វឹក​ ​និង​កងទ័ព​ជា​សិក្ខាកាម​យ៉ាង​ខ្លាំង​។​

លោក អ៊ូ តារា ​​បន្ថែម​​ថា​៖ «ក្នុង​ដំណើរ​អភិ​វឌ្ឍន៍​វិស័យ​កីឡា​គុន​ល្បុក្កតោ​ នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​នេះ​ដែរ គឺ​បច្ចុប្បន្ន​ភាគី​ទាំង ​២ មិន​ត្រឹម​តែ​មាន​វគ្គ​បំប៉ន​ជា​បន្ដបន្ទាប់​នោះ​ទេ តែ​សហព័ន្ធ​ក៏​កំពុង​ដំណើរការ​រៀបចំ​ចងក្រង​ឯកសារ​សៀវភៅ​ក្បាច់​គុន​កង​ទ័ព ហើយ​បន្ថែម​លើ​ហ្នឹង​​ទៀត​ ​កំពុង​​រៀបចំ​ជា​ឯកសារ​វីដេអូ​ សម្រាប់​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​នូវ​ជំនាញ​ក្បាច់​គុន​ ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ និង​បណ្តុះបណ្តាល​យោធាចារ្យ​ក្បាច់​គុន សម្រាប់​បំពេញ ​តម្រូវ​ការ​របស់​អង្គភាព​កង​កម្លាំង​នានា​ដែរ​»​។

លោក ​រ័ត្ន ​សណ្តាប់​ អ្នក​ជំនាញ​កីឡា ​វប្បធម៌ ​និង​ជា​គ្រូ​ឧទ្ទេស​ពី​ប្រវត្តិ​ក្បាច់​គុន​ បាន​ថ្លែង​ថា​៖ «​កងទ័ព​ជាតិ​ ក្នុង​ប្រទេស​ណា​ក៏​មាន​ក្បាច់​គុន​ ១ ប្រភេទ ​ប្រចាំ​ក្នុង​ស្ថាប័ន​គេ​ផ្ទាល់ ​ហេតុ​នេះ​កម្ពុជា ​ត្រូវ​ខិតខំ​ឲ្យ​បាន​ល្អ​ ព្រោះ​នៅ​ប្រទេស​ចិន​ គេ​មាន​គុន​កុងហ្វូ ​នៅ​ប្រទេស​កូរ៉េ ​គេ​មាន​តេក្វាន់​ដូ ​គឺ​ប្រចាំ​ជាតិ​របស់​គេ​ក្នុង​កង​ទ័ព»​៕​