ក្រុង Montreal: កីឡាករវាយកូនបាល់ (Tennis) Rafael Nadal បានបញ្ចប់ការប្រកួតដោយឈ្នះកីឡាកររុស្ស៊ី Daniil Medvedev ក្នុងលទ្ធផល ៦-៣ និង ៦-០ ពីថ្ងៃអាទិត្យនៅទីក្រុង Montreal ប្រទេសកាណាដា និងបន្តបំបែកកំណត់ត្រាឈ្នះពាន Masters ចំនួន ១០០០ លើក។
កីឡាករជាប់ចំណាត់ថ្នាក់ទី ២ ក្នុងពិភពលោករូបនេះបានគ្រងជើងឯក Masters លើកទី ៣៥ ដោយឈ្នះពាននេះច្រើនជាងកីឡាករ Navak Djokovic ចំនួន ២ ខណៈ Djokovic ឈ្នះបានពាន ៣៣ លើក។
ស្ដេចកីឡាវាយកូនបាល់ Nadal បានការពារពានរង្វាន់របស់គាត់ដោយជោគជ័យជាលើកដំបូងក្នុងអាជីពរបស់គាត់។
ម្ចាស់ជើងឯក Grand Slam ១៨ ជំនាន់រូបនេះនិយាយថា៖ «វាសំខាន់ណាស់ដែលចាប់ផ្ដើមការប្រកួតនៅក្នុងទម្រង់លេងល្អបែបនេះ»។
កីឡាករ Nadal បានបន្ថែមពាក់ព័ន្ធនឹងកីឡាករ Medvedev ថា៖ «គាត់មកលេងបានល្អណាស់នៅក្នុងការប្រកួតជាច្រើននៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ»។
ផ្ទុយមកវិញ Nadal បានលេងតែ ៣ ប្រកួតតាំងពីចាប់ផ្ដើមឈ្នះជាបន្តបន្ទាប់នៅក្របខ័ណ្ឌ US Open ពីសប្ដាហ៍មុន ដោយឡើងវគ្គផ្ដាច់ព្រ័ត្រក្រោយពីគូប្រកួតរបស់គេបានបោះបង់ការប្រកួតនៅវគ្គ ៤ នាក់ចុងក្រោយដោយសារឆ្អល់ពោះខាងឆ្វេង។
កីឡាករ Nadal និយាយថា៖ «ខ្ញុំពិតជាលេងបានល្អបំផុតនៅសប្ដាហ៍នេះដោយគ្មានសង្ស័យបន្តិចឡើយ។ ខ្ញុំបានធ្វើរឿងជាច្រើនបានល្អគឺប្ដូរទិសដៅ និងប្ដូរក្បាច់លេងដែលធ្វើបានល្អនៅរសៀលនេះ»។
កីឡាករដដែលនេះនិយាយថា៖ «ខ្ញុំគិតថា ខ្ញុំលេងដោយវៃឆ្លាត ខ្ញុំមានអារម្មណ៍ល្អផ្ដោតតែលើបាល់»។
ដោយអ្វីៗរលូនសម្រាប់កីឡាករ Nadal នោះ រូបគាត់ត្រូវការពេលតែ ៧០ នាទីដើម្បីឈ្នះកីឡាកររុស្ស៊ី Medvedev ដែលជាបរាជ័យលើកទី ៤ របស់កីឡាកររុស្ស៊ីរូបនេះ។
ជាច្រើនម៉ោងក្រោយមកកីឡាករ Nadal បាននិយាយថា រូបគាត់នឹងរំលងពាន Cincinnati Masters ដែលចាប់ផ្ដើមពីថ្ងៃចន្ទជាទីដែលគាត់បានលេខ ២ នៅពីក្រោយកីឡាករ Djokovic និងនាំមុខកីឡាករ Roger Federer។
កីឡាកររូបនេះបាននិយាយតាម Facebook ថា៖ «គ្មានអ្វីក្រៅតែពីមូលហេតុផ្ទាល់ខ្លួនដោយសារចង់ថែទាំសុខភាពឲ្យបានល្អដូចខ្ញុំមានអារម្មណ៍នៅពេលនេះឯង»។
កីឡាករ Medvedev និយាយថា៖ «ខ្ញុំធ្លាប់ប្រកួតជាមួយ Roger (Federer) ២ ដង និងជាមួយ Novak (Djokovic) ៤ ដង ប៉ុន្តែមិនធ្លាប់ប្រកួតជាមួយ Nadal បានម្ដងណាឡើយពីមុនមក»។
កីឡាកររូបនេះបានបន្ថែមថា៖ «ខ្ញុំបានដឹងថា ការប្រកួតនេះនឹងទៅជាយ៉ាងណារួចទៅហើយ ខ្ញុំជាអ្នកត្រៀមខ្លួនម្នាក់ ប៉ុន្តែខ្ញុំដូចជាមិនអាចបង្ហាញពីការលេងតេនីសដ៏ល្អបំផុតរបស់ខ្ញុំបានទាល់តែសោះ ហើយ Nadal ពិតជាលេងបានល្អមែននៅថ្ងៃនេះ»។
ទោះយ៉ាងណាក៏ដោយ កីឡាករ Medvedev ពេញចិត្តនឹងពេលវេលារបស់គាត់នៅក្នុងទីក្រុងតូរ៉ុនតូ ដោយនិយាយថា៖ «ខ្ញុំជឿថា នេះជាសប្ដាហ៍ល្អបំផុតមិនធ្លាប់មានរបស់ខ្ញុំ ហើយកម្រិតរបស់ខ្ញុំក្នុងការប្រកួតទាំងអស់គឺពិតជាល្អ»។
កីឡាកររូបនេះបានបន្ថែមថា៖ «ខ្ញុំចូលចិត្តធ្វើឲ្យបានប្រសើរនៅថ្ងៃនេះ ប៉ុន្តែវាមិនសម្រេចទេ ហើយខ្ញុំនឹងទទួលយកបទពិសោធពីការប្រកួតនេះ និងព្យាយាមបង្កើនសមត្ថភាពនៅពេលក្រោយទៀត»។
ចំពោះកីឡាករ Nadal វិញនេះជាការឈ្នះពានលើកទី ៣ ហើយនៅក្នុងឆ្នាំ ២០១៩ នេះដែលលើកដំបូងបានឈ្នះនៅទីក្រុងរ៉ូម និងលើកទី ២ នៅការប្រកួត French Open នៅប្រទេសបារាំង៕ SN