ប៉ារីស: Rafael Nadal បាន​ឡើង​ទៅ​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី ១៣ កាលពី​ថ្ងៃ​ពុធ សម្រាប់​ការប្រកួត​វាយ​កូនបាល់ (​តិន្នីស) អាជីព​ក្នុង​កម្មវិធី French Open ឬ Roland Garros ដោយ​ការយក​ឈ្នះ​កីឡាករ​សញ្ជាតិ​អ៊ីតាលី Jannik Sinner វ័យ ១៩ ​ឆ្នាំ​អំឡុង​ការប្រកួត​កម្រិត​កំពូល​មួយ​ដែល​ចប់​ទៅ​ដោយ​ប្រើពេល​ត្រឹមតែ ១:៣០ ម៉ោង​ពោល​គឺជា​ការបញ្ចប់​មិន​ធា្លប់​មាន​ក្នុង​ព្រឹត្តិការណ៍​នេះ​។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Nadal ដែល​បាន​គ្រង​ពាន​ក្នុង​កម្មវិធី​នេះ ១២ ​សម័យកាល​ផ្ដួល​គូបដិបក្ខ​ជាមួយ​នឹង​លទ្ធផល ៣-០ សិត គឺ ៧-៦ ៦-៤ និង ៦-១ ដែល​នេះ​ជា​ជ័យជម្នះ​លើក​ទី ៩៨ ក្នុង​ចំណោម​ការប្រកួត​ទាំង ១០០ ​លើក​របស់​គេ​នៅ French Open នេះ​។

អត្តពលិក​វ័យ​ ៣៤ ​ឆ្នាំ​នឹង​ឡើងទៅ​ជួប​កីឡាករ​អាហ្សង់ទីន Diego Schwartzman ដែល​បាន​ទម្លាក់​កីឡាករ Dominic Thiem របស់​អូទ្រីស​ដែល​ទើប​ឈ្នះ​ពាន US Open នៅ​អាមេរិក​ថ្មីៗ និង​ដែលជា​ជើងឯករង ២ ​ដង​ជាប់ៗ​គ្នា​ក្នុង​ព្រឹត្តិការណ៍​នៅ​ក្រុងប៉ារីស​នេះ សម្រាប់​ ២ ​ឆ្នាំ​ចុងក្រោយ​។ វា​ជា​ការបង្ហាញ​ខ្លួន​លើក​ទី ៣៤ ក្នុង​វគ្គ ១/២ របស់ Nadal ក្នុង​កម្មវិធី​ដណ្ដើមពាន​ធំៗ​។

យ៉ាងណា Nadal មាន​ស្ថិតិ​ល្អ​ជាង​ជាមួយ​នឹង​ជ័យជម្នះ ៩ ទល់នឹង ១ អំឡុងពេល​ប៉ះគ្នា​កន្លង​មក បើ​ទោះ Schwartzman ជា​អ្នកឈ្នះ​ក្នុង​ជំនួប​ចុងក្រោយ​នា​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​មុន​ព្រឹត្តិការណ៍ Roland Garros នេះ​ក៏ដោយ​។

ដោយឡែក​កីឡាករ​ចំណាត់ថ្នាក់​ទី ៧៥ ពិភពលោក Sinner ដែល​ប៉ុនប៉ង​ឱ្យបាន​ក្លាយជា​អ្នក​វាយតិន្នីស​ទី ១ ឡើងទៅ​វគ្គ ១/២ នៅ​ថ្ងៃ​បង្ហាញ​វត្តមាន​ដំបូង តាំងពី Nadal ធ្វើបាន​ក្នុង​ឆ្នាំ​ ២០០៥ មក​នោះ​បាន​ត្រឹមតែ​មាន​អារម្មណ៍​សោកស្ដាយ​ប៉ុណ្ណោះ​សម្រាប់​ការបាត់បង់​ឱកាស​នេះ​។

«​វា​យូរណាស់ ដូច្នេះ​សូម​អរគុណ​ដែល​មិន​ទៅណា បើទោះ​ជា​ស្ថានភាព​លំបាក​ក៏ដោយ​»​។ នេះ​ជា​សម្ដី​របស់ Nadal និយាយ​ទៅកាន់​អ្នកគាំទ្រ​តិចតួច ដែល​ពួកគេ​ទាំងនោះ​បាន​ពាក់​អាវធំ មួក និង​កន្សែង​រុំក ដោយសារ​សីតុណ្ហភាព​ធ្លាក់​ដល់ ១២ ​អង្សា​។

កីឡាករ​ចំណាត់ថ្នាក់​ទី​ ២ ពិភពលោក​ដែល​ត្រូវការ​តែ​ជើងឯក Grand Slam ១ ​លើក​ទៀត​ប៉ុណ្ណោះ ដើម្បី​ស្មើនឹង​កំណត់ត្រា ២០ ​ដង​របស់​កីឡាករ​ស្វ៊ីស Roger Federer បាន​និយាយថា ខ្លួន​មាន​ការតានតឹង​បន្តិច​នៅ​សិត​ទី ១ សម្រាប់​ការប្រកួត​នេះ​។

Nadal បាន​បន្ថែមថា​៖ «​វា​តឹងតែង​ណាស់​អំឡុង ២ ​សិត​ដំបូង​ហើយ​ជាពិសេស​នៅ​ចុង​សិត​ទី ១​។ គេ (Sinner) វាយ​កូនបាល់​លឿន​ណាស់ ហើយ​ដោយសារ​អាកាសធាតុ​ត្រជាក់​ធ្វើឱ្យ​កូន​បាល់​មិនសូវ​ឡើង​ខ្ពស់​»​។

ចំណែក​កីឡាករ Schwartzman ដែល​ត្រូវ​ប្រជែង​ជាមួយ Nadal ដើម្បី​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ឈ្នះ Thiem ទាំង​លំបាក​ក្នុង​លទ្ធផល ៣-២ សិត ៧-៦ ៥-៧ ៦-៧ ៧-៦ និង ៦-២ ហើយ​ជា​លើក​ទី ១ ហើយ​សម្រាប់​កីឡាករ​ចំណាត់ថ្នាក់​ទី​ ៨ ពិភពលោក​ដែល​បាន​ឆ្លង​ចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី Grand Slam បែបនេះ​។

កីឡាករ Schwartzman បាន​និយាយថា​៖ « Dominic (Thiem) ជា​កីឡាករ​កម្រិត​កំពូល ១ រូប​។ គេ​ជា​មិត្ត​ដ៏ល្អ​របស់ខ្ញុំ ហើយ​ខ្ញុំ​គោរព​គេ​ណាស់​។ ជ័យជម្នះ​នេះ​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​។ សិត​ទី ​២ និង​ទី ៣ ខ្ញុំ​មាន​ការវង្វេងវង្វាន់​តិចតួច ហើយ​ខ្ញុំ​បាន​ស្រែក​ដាក់​ខ្លួនឯង ព្រោះ​មាន​ឱកាស​ច្រើនណាស់​។ តែ​យ៉ាងណា ខ្ញុំ​ស័ក្ដិសម​ទទួល​បាន​ជ័យជម្នះ​នៅ​យប់​នេះ​»៕ VN