ទូរីន៖ ក្រុម Napoli មិន​បាន​បង្ហាញ​វត្តមាន​នោះ​ទេ សម្រាប់​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ Serie A ទល់​នឹង​​ក្រុម​ជើងឯក​ចាស់ Juventus នៅ​ក្រុង​ទូរីន (Turin) ក្រោយ​ពី​បញ្ហា​ជម្លោះ​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា ធ្វើ​ឱ្យ​វិស័យ​បាល់​ទាត់​អ៊ីតាលី​ធ្លាក់​ចូល​ក្នុង​ភាព​រំជើប​រំជួល​។

ការ​ប្រកួត​ ត្រូវ​​រំសាយ​ចោល ៤៥ ​នាទី ក្រោយ​ពេល​វេលា​កំណត់​ប្រកួត​ ម៉ោង ៦:៤៥ យប់ (ម៉ោង​សកល) ដោយសារ​ក្រុម​ភ្ញៀវ Napoli មិន​បាន​ធ្វើ​ដំណើរ​មក​កាន់​កីឡដ្ឋាន Allianz របស់ ​Juve ហើយ​ពេល​នេះ ក្រុម​របស់​លោក Gennaro Gattuso កំពុង​ប្រឈម​នឹង​ការ​ឱ្យ​ចាញ់​ស្វ័យ​ប្រវត្តិ ៣-០​។​

កីឡាករ​របស់​ក្រុម​ម្ចាស់​ផ្ទះ Juve បាន​បង្ហាញ​ខ្លួន​សម្រាប់​ការ​ប្រកួត​ទី៣ នេះ រួម​ជាមួយ​អាជ្ញា​កណ្ដាល និង​អ្នក​គាំទ្រ​មួយ​ចំនួន​តូច ក្រោម​ដំណក់​ភ្លៀង​នៅ​ឯ​កីឡដ្ឋាន​ តែ​កូន​ទ័ព​របស់ ​Napoli ដែល​នៅ​តែ​ផ្ដាច់​ខ្លួន​ពី​អ្នក​ដទៃ​តាម​ការ​ណែនាំ​របស់​មន្ត្រី​សុខាភិបាល​មូលដ្ឋាន ក្រោយ​ខ្សែ​បម្រើ Eljif Elmas និង Piotr Zielinski ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណា​អំឡុង​​សប្ដាហ៍​នេះ​។

ប្រធាន​ក្លិប Juve លោក​ Andrea Agnelli ​បាន​ប្រាប់​ទូរទស្សន៍ Sky Sport អ៊ីតាលី​ថា​៖ «​ប្រធាន​ក្លិប Napoli លោក De Laurentiis ​សុំ​ឱ្យ​ខ្ញុំ​ផ្អាក​ការ​ប្រកួត​នេះ។ ខ្ញុំ​​តប​ទៅ​វិញ​ថា យើង​ត្រូវ​គោរព​តាម​ច្បាប់ (គោល​ការណ៍​សុខភាព)​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ Agnelli ​បាន​បន្ថែម​ទាក់ទង​នឹង​រឿង​កាត់​ក្ដី​ឱ្យ​ឈ្នះ​ស្វ័យ​ប្រវត្តិ​ថា​៖ «​ឈ្នះ ៣-០ ឬ? ខ្ញុំ​ពេញ​ចិត្ត​ការ​មាន​ជ័យជម្នះ​នៅ​លើ​ទីលាន​ច្រើន​ជាង​»​។

ក្រុម​ជើងឯក​ពាន​ Serie A ៩ ​សម័យ​កាល​ជាប់ៗ​គ្នា បាន​អះអាង​ថា ពួក​គេ​នឹង​​ទៅ​កាន់​ទីលាន​តាម​ការ​កំណត់ ​ទោះ​មាន​សមាជិក ២ ​រូប​ ​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​សប្ដាហ៍​នេះ​ក៏​ដោយ ដោយ​គេ​ឃើញ​គ្រូ​បង្វឹក​លោក Andrea Pirlo និង​កូន​ក្រុម​របស់​គាត់​បាន​ទៅ​ដល់ ​១ ​ម៉ោង មុន​ការ​ប្រកួត​ចាប់​ផ្ដើម​។​

លោក​ប្រធាន​ក្លិប Agnelli ​ថ្លែង​បន្ត​ថា៖ «​យើង​មាន​គោលការណ៍​ច្បាស់​លាស់​។ គោលការណ៍​នោះ ត្រូវ​បាន​សិក្សា​ដោយ​សហព័ន្ធ​​រួម​ជាមួយ​រដ្ឋាភិបាល​។ រឿង​សំខាន់ គឺ​ត្រូវ​មាន​ឆន្ទៈ និង​ភាព​ស្មោះត្រង់​ក្នុង​ការ​ប្រកួត​កីឡា​​។ ករណី​ទាំង​នោះ នឹង​ដោះ​ស្រាយ ហើយ​កែ​តម្រូវ​ម្ដង​ ១​ៗ​»​៕ AFP/VN