ក្រុង​ប៉ារីស៖ គ្រូ​បង្វឹក​ក្លិប PSG លោក Thomas Tuchel បាន​ប្ដេជ្ញា​ចិត្ត​ថា គាត់​នឹង​មិន​អនុញ្ញាត​ឲ្យ Neymar ឈប់​សម្រាក​យ៉ាង​ស្រួល​នោះ​​ទេ ​ក្រោយ​ពី​មាន​យុទ្ធនាការ​ជា​ច្រើន​សប្ដាហ៍​ពាក់ព័ន្ធ​នឹង​​ការ​ផ្ទេរ​​ទៅ​កាន់​​ក្លិប Barcelona​។​

ក្រុម​អ្នក​គាំទ្រ​ក្លិប PSG មិន​សូវ​ជា​មាន​ការ​ចាប់​អារម្មណ៍​ពេក​នោះ​ទេ ​នៅ​ពេល​តារា​ខ្សែ​ប្រយុទ្ធ​របស់​​ក្លិប​នេះ​បាន​ប៉ុនប៉ង​វិល​ត្រឡប់​ទៅ​​អតីត​ក្លិប​របស់​រូប​គេ​វិញ​ក្នុង​អំឡុង​ពេល​បិទ​បញ្ចប់​រដូវ​កាល​មុន​។​

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ បាន​ចាប់​ផ្ដើម​ចូល​លេង​នៅ​កីឡដ្ឋាន​ Parc des Princes របស់​ក្លិប PSG កាល​ពី​ខែ​កញ្ញា​ ជាមួយ​ការ​រក​បាន​គ្រាប់​បាល់ ​៤ ​គ្រាប់ ​ក្នុង ​៥ ​ប្រកួត ​មុន​ពេល​ឈប់​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​។​ ​

លោក Tochel បាន​ប្រាប់​ទស្សនាវដ្ដី The Guardian ថា៖ «​ក្រុម​អ្នក​គាំទ្រ​បាន​សម្ដែង​មតិ​យោបល់​របស់​ខ្លួន​ ហើយ​ខ្ញុំ​ពិត​ជា​អាច​យល់​ចិត្ត​ពួក​គេ​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​វា​ជា​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​បញ្ចេញមតិ​ខ្លួន​ឯង​ ហើយ​ពួក​គេ​មាន​មោទនភាព​ចំពោះ​ក្លិប​ពួក​គេ ​ប៉ុន្តែ​​វា​មិន​ល្អ​នោះ​ទេ​នៅ​ពេល​អ្នក​ស្ដាប់​ឮ​កីឡាករ​ជជែក​គ្នា​ជា​ច្រើន​សប្ដាហ៍​ដោយ​និយាយ​ថា គាត់​ចង់​ចាកចេញ​​នោះ​»។​

គ្រូ​បង្វឹក​ដដែល​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ដូច​ខ្ញុំ​បាន​ប្រាប់​ Neymar អ៊ីចឹង​ថា ពេល​ខ្លះ​ជីវិត​គឺ​​បែប​នេះ​ឯង​ ​ដូច្នេះ​អ្នក​ត្រូវ​ហ៊ាន​​ប្រឈម​​នឹង​ការ​ពិត​ និង​ដោះ​ស្រាយ​​ផល​វិបាក​ទាំង​នេះ​។​ ​ពេល​ខ្លះ​ វា​លំបាក​បន្តិច​ហើយ​ដែល​ឃើញ​ថា គាត់​ជា​មនុស្ស​ល្អ​ម្នាក់​នៅ​ពេល​អ្នក​បាន​​ឃើញ​គាត់​លេង​តែ​ពី​ខាង​ក្រៅ​ ប៉ុន្តែ​គាត់​ពិត​ជា​មនុស្ស​​ល្អ​ម្នាក់​មែន​»។​

លោក Tuchel បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​បាន​ប្រាប់​គាត់​ថា អ្នក​គិត​ថា​ ផ្នែក​លំបាក​បំផុត​បាន​បញ្ចប់​ហើយ ​ប៉ុន្តែ​​ពី​ពេល​នេះ​ទៅ​អ្នក​ត្រូវ​​តែ​ដោះស្រាយ​នឹង​​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​រុញ​អ្នក​​ឲ្យ​កាន់​តែ​ខ្លាំង​ដូច្នេះ​​រឿង​លំបាក​បំផុត ​គឺ​នៅ​តែ​មាន​សម្រាប់​អ្នក​»៕ AFP/SN