ក្រុងបាងកក: កីឡាករប្រដាល់ចម្រុះកូនកាត់វៀតណាម-អូស្ត្រាលី Martin “The Situ-Asian” Nguyen ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ ONE ក្នុងទម្ងន់ ២ ផ្សេងគ្នាគឺ ៧០,៣ គីឡូក្រាម និង ៧៧,១ គីឡូក្រាមនោះ នឹងត្រូវឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ជាមួយនឹងកីឡាករប្រេស៊ីល Bibiano “The Flash” Fernandes ដែលជាម្ចាស់ការពារខ្សែក្រវាត់ក្នុងទម្ងន់ ៦៥,៨ គីឡូក្រាម នាថ្ងៃទី ២៤ ខែមីនា នៅសង្វៀន Impact Arena ក្នុងទីក្រុងបាងកក ប្រទេសថៃ។
នេះបើយោងទៅតាមការប្រកាសរបស់អង្គភាពរៀបចំការប្រកួតយុទ្ធគុនចម្រុះនាំមុខគេនៅអាស៊ី ONE Championship (ONE)។ Martin Nguyen វ័យ ២៨ ឆ្នាំ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងយុទ្ធគុនចម្រុះ (MMA) ក្នុងពិភពលោក។
ជាមួយនឹងការមានកំណត់ត្រាឈ្នះដល់ទៅ ១០ លើក និងចាញ់ ១ លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ៧ លើក ទេពកោសល្យដ៏អស្ចារ្យរបស់ Nguyen ធ្វើឲ្យរូបគេអាចប្រកួតក្នុងកម្រិតដ៏ខ្ពស់នៃយុទ្ធនាការនេះ។
រាល់ជ័យជម្នះរបស់គេសុទ្ធសឹងបានកើតឡើង តាមរយៈការប្រើប្រាស់ស្នៀតប្រកួតដ៏គួរឲ្យទាក់ទាញ។ ក្នុងការប្រកួតចុងក្រោយបំផុតរបស់គេ Nguyen បានកត់ត្រាជ័យជម្នះយ៉ាងរំភើបលើកីឡាករហ្វីលីពីន Ed-uard Folayang ដើម្បីក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ ONE Championship ក្នុងការឈ្នះខ្សែក្រវាត់ពិភពលោក ២ ក្នុងប្រភេទទម្ងន់ ២ ផ្សេងគ្នា។ បច្ចុប្បន្ន កីឡាកររូបនេះ គឺជាម្ចាស់គ្រប់គ្រងខ្សែក្រវាត់ពិភពលោករបស់ ONE ក្នុងទម្ងន់ ៧០,៣ គីឡូក្រាម និង ៧៧,១ គីឡូក្រាម ហើយនៅខែមីនា ខាងមុខនេះ ក្នុងទីក្រុងបាងកក រូបគេនឹងព្យាយាមបង្កើតប្រវត្តិសាស្ត្រ ម្តងទៀត។
Nguyen នឹងត្រូវដាក់ឲ្យជួបជាមួយនឹងម្ចាស់ខ្សែក្រវាត់ក្នុងទម្ងន់ ៦៥,៨ គីឡូក្រាម Fernandes ក្នុងការប្រកួតបន្ទាប់របស់គេ ដើម្បីប្រជែងក្លាយជាកីឡាករដ៏អស្ចារ្យបំផុត។
Fernandes វ័យ ៣៧ ឆ្នាំ ក៏ត្រូវបានចាត់ទុកថា ជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុង MMA ផងដែរ ក្នុងកម្មវិធីរបស់ ONE។ កីឡាករប្រេស៊ីលរូបនេះ បានបង្ហាញខ្លួនជាលើកទី ១ របស់គេក្នុង ONE Championship កាលពីឆ្នាំ ២០១៣។ ចាប់តាំងពីពេលនោះមក Fernandes បានរក្សាកំណត់ត្រានៃការមិនស្គាល់ចាញ់សោះនៃកម្មវិធីនេះ។
លោក Chatri Sityodtong ប្រធានប្រតិបត្តិរបស់ ONE បានឲ្យដឹងថា៖ «ខ្ញុំពិតជារំភើបណាស់ក្នុងការប្រកាសពីការប្រកួតដណ្តើមខ្សែក្រវាត់ដ៏ធំមួយផ្សេងទៀត ខណៈម្ចាស់ខ្សែក្រវាត់ក្នុងទម្ងន់ ៦៥,៨ គីឡូក្រាម Bibiano Fernandes នឹងត្រូវជួបជាមួយនឹងម្ចាស់ខ្សែក្រវាត់ ២ ប្រភេទទម្ងន់ផ្សេងទៀតគ្នា Martin Nguyen ក្នុងព្រឹត្តិការណ៍ ONE: IRON WILL។ វាជាការប្រកួតដ៏អស្ចារ្យមួយ និងជាការប្រកួតដែលគ្រប់គ្នាចង់ឃើញ»៕IS