ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ (NOCC) ​បាន​កំណត់​គោល​ដៅ​ជា​យុទ្ធ​សាស្ត្រ​ក្នុង​ផែន​ការ ​គឺ​ធ្វើ​យ៉ាង​ណា​​ឲ្យ​​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស ​​ចំនួន​ ៩៦​ ដើម្បី​ឲ្យ​កម្ពុជា ​អាច​ឈរ​​​​​​ក្នុង​​ប្រទេសទាំង​៥ ​ដែល​ដណ្តើម​បាន​មេដាយមាស​​ច្រើនជាង​គេ (Top5) ក្នុងចំណោម​ប្រទេស​ទាំង​ ១១ ​នៅ​អាស៊ាន ពេល​ដែល​​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣។

លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខា​ធិ​ការ​ ​NOCC​ បាន​​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​​ ថា​៖ «​ក្នុងនាម​ជា​ម្ចាស់​ផ្ទះ ស៊ីហ្គេម ឆ្នាំ ​២០២៣ គឺ​​យើង​បាន​ត្រៀម​ដាក់​ប្រភេទ​​កីឡា​ចំនួន​ ៣៤​ ​ក្នុង​នោះ​មាន ​១៥​ ប្រ​ភេទ ​ដែល​កម្ពុជា​ធ្លាប់​ឈ្នះបាន​​មេដាយ​ និង​មាន​សក្តានុពល ក្នុងការ​ប្រកួត​ស៊ីហ្គេម កន្លង​មក»។

លោក​​បាន​បន្ថែម​ថា​៖ «​តាម​ផែន​ការ​យុទ្ធ​សាស្ត្រ​ មុន​​កម្ពុជា​ធ្វើជា​​ម្ចាស់​ផ្ទះស៊ីហ្គេម​ លើក​ទី ​៣២ ឆ្នាំ ​២០២៣ គឺ​​យើង​បាន​​ដាក់​គោល​ដៅ​ ត្រូវ​ឈ្នះ​មេដាយ​មាស ឲ្យ​បាន ​២២ នៅ​ស៊ីហ្គេម ​ឆ្នាំ ​២០១៩ និង​ដាក់​គោល​ដៅ ​ឈ្នះ​មេដាយ​មាសឲ្យ​បាន ​៥៦ ​នៅ​​ស៊ីហ្គេម ​ឆ្នាំ ​២០២១​ ​ហើយ​នៅ​ពេល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ ​យើង​ដាក់​គោល​ដៅ​ឈ្នះ​មេដាយ​មាស​ ឲ្យ​បាន​ ​​៩៦​ ទើប​យើង​អាច​ឈរ ​ក្នុង​លំដាប់​កំពូលក្នុង​ប្រទេស​​ទាំង ​៥ ​បាន​ ​ព្រោះ​ការ​ហ្វឹក​ហាត់​ និង​ការ​អភិវឌ្ឍ​ ក្នុង​វិស័យ​កីឡា ​គេ​ក៏​​ប្រឹង​ យើង​ក៏​ប្រឹង ​និងមាន​ការ​​វិវឌ្ឍ​ដូច​គ្នា​ទាំង​អស់​គ្នា»​។

​ជាមួយ​គ្នា​នេះ NOCC ក៏​បាន​បង្ហាញ​​ពី​ចំនួន​មេដាយ ដែល​កម្ពុជា​ដណ្តើម​បាន ​ពី​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​១៩៩៥ រហូត​ដល់​​បច្ចុប្បន្ន ផង​ដែរ ដោយ​មាន​មេដាយ​មាស​សរុប​ចំនួន​ ​២៣ ​ប្រាក់ ​​៥៨ និង​សំរឹទ្ធ​ចំនួន ​១៣៥ ហើយ​ប្រភេទ​កីឡា ដែល​ដណ្តើម​បាន​មេដាយមាស​ទាំង​ ២៣​ នោះ ​មាន​​ក្រុមប៉េតង់ បានមាស​ ​១០ ចំបាប់​បាន៥ វ៉ូវីណាម​បាន​៤ ខណៈ​ក្រុម​តេក្វាន់ដូ សីដក់ សូរិនហ្ស៊ិកាំប៉ូ និង​​ប្រដាល់​គុន​ខ្មែរ ឈ្នះ​បានមេដាយ​មាស​១​ដូច​គ្នា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ពេល​ផ្តល់បទ​សម្ភាស​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍ កន្លង​មក។ ស្រេង ម៉េងស្រ៊ុន

លោក​ ចំរើន បាន​​លម្អិតថា​៖​«ការ​ហ៊ាន​អះអាង​ និង​ដាក់​គោល​ដៅ ​ផែន​ការ​យុទ្ធ​សាស្ត្រ​បែប​នេះ​ គឺ​យើង​ផ្អែក​​លើ​ការ​ដឹក​នាំ​ហ្វឹក​ហាត់​ តាម​បច្ចេកទេស ដោយ​​មាន​បញ្ជូន​អត្តពលិក ​​ទៅ​ក្រៅ​ប្រទេស​ ពិសេស​ការ​ប្រ​កួត​កន្លង​មក ​យើង​មាន​ទិន្នន័យ​ និង​​សក្តានុពល​ ពី​ប្រភេទ​កីឡា​ ដែល​កម្ពុជា​មាន​ខ្ទង់​១០​ប្រភេទ​ ​គួរ​ទុក​ចិត្ត​បាន​ ដូច​ជា ​​ប៉េតង់​ ចំបាប់​ វ៉ូ​វីណាម​តេក្វាន់ដូ​ សី​ប៉ាក់តាក្រ​ឈិន​ឡូន​ (សីដក់)​ សូរិនហ្ស៊ិកាំ​ប៉ូ​ គុន​ខ្មែរ​ ល្បុក្កតោ​ ប្រដាល់​សកល ជា​ដើម​។

លោក​បន្ថែម​ថា ចំ​ពោះ​ប្រភេទ​កីឡា​បាល់​ទាត់ ​កម្ពុជា​បាន​ដាក់​គោល​ដៅ​ឲ្យ​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​ឬ​ផ្តាច់​ព្រ័ត្រ​ ដែលចាត់​ទុក​ថា ជា​ជោគ​ជ័យហើយ​​។ ​ចំណែក​កីឡា​បាល់​ទះ ​បាល់​បោះ​ និង​កីឡា​ជា​ក្រុម​ផ្សេង​ទៀត ​យើង​នឹង​កំណត់​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ត្រូវ​​ឈ្នះ​២​ប្រ​កួត ​ដើម្បី​ឈាន​ចូលវគ្គ​​ពាក់​កណ្តាល​វគ្គ​ផ្តាច់​ព្រ័ត្រ​។​

ចំណែកលោក ​ថោង ​ខុន​ រដ្ឋ​មន្ត្រី​ក្រ​សួង​ទេស​ចរណ៍​ និង​ជា​ប្រ​ធាន​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​មាន​ប្រ​សាសន៍​ថា​៖ «​ការ​កំណត់​គោល​ដៅ​ របស់​អ្នក​ជំនាញ​កីឡា​ សម្រាប់​​ស៊ីហ្គេម ​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ឈរ​ក្នុង​លំដាប់​ Top5 នោះ ​គឺ​សមរម្យ​ អាច​យើង​ដណ្តើម​បាន ​ក្នុង​ចំណាត់​ថ្នាក់​នេះ​។​ ប៉ុន្តែ​បើ​​ធ្វើ​ជាម្ចាស់​ផ្ទះ ​មិន​ដណ្តើម​បាន​មេដាយ​ក្នុង​លំដាប់​កំពូល​ទាំង​៥​នោះ​ទេ ​គឺយើង​​មិន​ទទួលបាន​​ជោគ​ជ័យ​ឡើយ​»៕