ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្រេចបន្ថែមកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» ចំនួន ៣ ទៀត គឺមាននៅខេត្តកណ្តាល ភ្នំពេញ និងខេត្តកំពង់ចាម ដើម្បីបិទបញ្ចប់គម្រោងសរុបជាផ្លូវការចំនួន ៦ ក្នុងឆ្នាំ ២០២០ នេះ ហើយការបន្ថែម ៣ គម្រោងនេះ ដោយសារតែបញ្ហាកូវីដ ក្រោយព្រឹត្តិការណ៍ថ្ងៃ ៣ វិច្ឆិកា បានធូរស្រាល និងបិទបញ្ចប់យ៉ាងលឿន។
NOCC និងអង្គការសាមគ្គីអូឡាំពិកអន្តរជាតិមានទិសដៅបញ្ជ្រាបការផ្សព្វផ្សាយបញ្ហា «អប់រំគុណតម្លៃអូឡាំពិក» នេះ ហើយ ៣ គម្រោង ដែលបានបញ្ចប់មុនគេ គឺទី១ នៅភ្នំពេញ លើកទី២ នៅខេត្តកំពង់ធំ និងទី៣ នៅខេត្តកំពង់ស្ពឺ ចំណែក៣ គម្រោង ដែលបានសម្រេចបន្ថែម គឺនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានបញ្ចប់កាលពីថ្ងៃចន្ទ ហើយនឹងបន្តមកធ្វើនៅរាជធានីភ្នំពេញម្តងទៀត នៅថ្ងៃពុធ ទី ២៥ ខែវិច្ឆិកា និងនៅខេត្តកំពង់ចាម នាសប្តាហ៍ក្រោយនេះ។
លោក ប៊ុយ សុភ័ណ្ឌ អនុប្រធានគ្រប់គ្រងគម្រោងបានប្រាប់ថា៖ «ក្នុងឆ្នាំ ២០២០ នេះ យើងត្រៀមផែនការពីដំបូង ចំនួន ៧ គម្រោង ប៉ុន្តែភាពរាំងស្ទះ ដោយសារបញ្ហាកូវីដ ១៩ នាំឱ្យយើងមានភាពរអាក់រអួល និងបានលើកពេលជាច្រើនសា ហើយការសម្រចចុងក្រោយ យើងបញ្ចប់បានត្រឹម ៦ គម្រោង ដោយបិទបញ្ចប់ត្រឹមថ្ងៃ ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០»។
ចំពោះគម្រោងទី៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃចន្ទ កន្លងទៅនេះ ត្រូវបានលោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោង NOCC ប្រាប់ថា គឺដើម្បីបន្តធ្វើសកម្មភាពផ្សព្វផ្សាយឧត្តមគតិអូឡាំពិក ទៅដល់ស្រទាប់មហាជន និងសិស្សានុសិស្ស ហើយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោក ពៅ វណ្ណា ប្រធានការិយាល័យអយកខេត្តកណ្តាល បានចុះផ្ទាល់ដល់សាលាវិទ្យាល័យហ៊ុនសែនតាខ្មៅ។
លោក វ៉ាត់ ចំរើន បានថ្លែងថា អូឡាំពិកអន្តរជាតិបានណែនាំឱ្យបណ្តាប្រទេសនានា ដែលស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ ១៩ នេះ ឆ្លៀតបញ្ជ្រាបការអប់រំកម្មវិធីនេះ តាមលទ្ធភាពជាក់ស្តែងកុំឱ្យអសកម្ម ដូច្នេះនៅចុងឆ្នាំ ២០២០ នេះ NOCC បានខិតខំបញ្ជ្រាបអប់រំទ្រឹស្តីចលនាអូឡាំពិក និងនាំលេងកីឡាជូនដល់សិស្សានុសិស្សរាប់ពាន់នាក់។
លោកបន្តថា ការរៀបចំនៅកន្លែងខុសៗគ្នានេះ យើងឃើញថា យើងបានពង្រឹងស្មារតីការចូលរួមរបស់យុវជននៅក្នុងវិស័យអប់រំកាយ និងកីឡា ហើយកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» តែងបានព្យាយាមពន្យល់អំពីគុណតម្លៃនៃជីវិត ចំពោះសកម្មភាពកីឡា ដើម្បីជំរុញឱ្យគាត់យកធ្វើជាមូលដ្ឋានក្នុងការពង្រឹងសមត្ថភាពផ្លូវកាយ ការដុសខាត់នូវបញ្ញាស្មារតីឱ្យបានល្អប្រសើរ ដែលជាជំនួយដល់ក្នុងការសិក្សារបស់ពួកគាត់។
អ្នកជំនាញកីឡារូបនេះ បន្ថែមថា៖ «កម្មវិធីនេះ ក៏បានជំរុញចលនាការផ្សព្វផ្សាយពីការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ នៅកម្ពុជា ដោយផ្តោតទៅលើទ្រឹស្តីរបស់សម័យអូឡាំពិកទំនើប គឺកីឡា និងការអប់រំនៅក្នុងពេលតែមួយ ដើម្បីអភិវឌ្ឍចំណេះដឹង គំនិត និងជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សមានការផ្លាស់ប្តូរឥរិយាបថថ្មី ពីទម្លាប់ខ្ជិលច្រអូសទៅរកសកម្មភាពផ្លូវកាយក្នុងជីវិត ដើម្បីចូលរួមចំណែកដល់សកម្មភាពកីឡា ដើម្បីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣»៕