ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាពិកកម្ពុជា (NOCC) បានបើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីត្រៀមឯកសារផ្សេងៗក្នុងការបញ្ជូនអត្តពលិកទៅស្វែងរកការហ្វឹកហាត់នៅក្រៅប្រទេសក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមទៀតត្រៀមការប្រកួតស៊ីហ្គេមលើកទី ៣០ ឆ្នាំ ២០១៩ នៅហ្វីលីពីន ជាពិសេសស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សហព័ន្ធកីឡាជាតិចំនួន ១៨ ត្រូវបាន NOCC កោះហៅមកប្រជុំ ដើម្បីពិភាក្សាគ្នាលើការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេសនេះ ហើយសហព័ន្ធជាតិទាំងនោះរួមមានសហព័ន្ធកីឡាបាល់ទះកម្ពុជា បាល់បោះ កាយសម្ព័ន្ធកម្ពុជា បាញ់កាំភ្លើងទោចក្រយាន ខេមរៈសហព័ន្ធកីឡាការ៉ាតេដូ តេក្វាន់ដូ WTF យូដូ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបាល់ទាត់ ជីជីតស៊ូ ទ្រីយ៉ាត្លុង វាយកូនគោល ប្រដាល់សកលហុកគីកម្ពុជា អុកចត្រង្គ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាល្បុក្កតោកម្ពុជា។
លោក វ៉ាត់ ចំរើនេ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងប្រាប់ថា៖ «សហព័ន្ធកីឡាជាតិចំនួន ១៨ ត្រូវត្រៀមខ្លួនឲ្យបានស្រេចនូវអត្តពលិក និងឯកសារផ្ទាល់ខ្លួនចាំបាច់ ដូចជាបណ្ណសម្គាល់ខ្លួន លិខិតឆ្លងដែន សម្រាប់ការបញ្ជូនអត្តពលិក ឲ្យចេញទៅហ្វឹកហាត់ក្រៅប្រទេសតាមលទ្ធផលស្នើសុំពីស្ថាប័នកីឡាដែលបានទាក់ទងទៅប្រទេសនានានៅអន្តរជាតិ ហើយចំពោះការបញ្ជូនទៅហ្វឹកហាត់នេះមួយចំនួនធំទទួលបានពីប្រទេសចិន ប៉ុន្តែកីឡាតេក្វាន់ដូ WTF មិនអាចទៅប្រទេសចិនបានទេគឺទៅប្រទេសកូរ៉េខាងត្បូងវិញ»។
លោកបានបន្តថា៖ «ចំពោះសហព័ន្ធកីឡាជាតិណាដែលមានអត្តពលិក ឬគម្រោងត្រៀមចេញទៅចូលរួមព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិរួមមានការប្រកួតថ្នាក់តំបន់ ទ្វីប និងពិភពលោកដែលសហព័ន្ធនីមួយៗដឹងកម្មវិធីច្បាស់នោះគឺត្រូវប្រាប់ ឬជូនដំណឹងមកគណៈកម្មការ CAMSOC ឲ្យបានដឹងទាន់ពេលវេលា ដើម្បីជួយបំពេញនូវភាពខ្វះខាតទាំងស្មារតីបច្ចេកទេស ក៏ដូចជាថវិកា ព្រោះពេលវេលាប្រកួតស៊ីហ្គេមឆ្នាំ ២០១៩ នៅហ្វីលីពីនកាន់តែជិតមកដល់»។
លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា៖ «ចំណែកស៊ីហ្គេមឆ្នាំ ២០២៣ គឺកម្ពុជាត្រូវតែពង្រឹងសមត្ថភាពអត្តពលិកថ្នាលឲ្យបានល្អ។ ទោះបីជាយ៉ាងណា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាកំពុងមានទំនាក់ទំនងជាមួយបណ្តាប្រទេសលើឆាកអន្តរជាតិ ដើម្បីបញ្ជូនអត្តពលិកទៅហ្វឹកហាត់ ព្រោះការបញ្ជូនអត្តពលិកទៅហាត់នៅក្រៅប្រទេសទទួលបានលទ្ធផលល្អ ជាងការហ្វឹកហាត់ក្នុងស្រុកឆ្ងាយណាស់»៕